ភ្នំពេញៈ ​បុរស​ជា​មេភូមិ​ម្នាក់​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅថ្ងៃនេះ​ពាក់ព័ន្ធ​ករណី​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើតបាន​សម្រេច​ជាច្រើន​ដង ប្រព្រឹត្ត​នៅផ្ទះ​ក្នុង​ភូមិ​ខ្វែ សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

លោក ជា សុវណ្ណ អធិការរង​ខណ្ឌ​ពោធិ៍សែនជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ៩ ខែ​ឧសភា​នេះ​ថា​បុរស​សង្ស័យ​ឈ្មោះ ប៊ិន ផាត អាយុ ៥៦ ឆ្នាំ​ជា​ប្រធានភូមិ​ខ្វែ​នៃ​សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែន ។ ជន​នេះ​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​តាម​បណ្ដឹង​របស់​ជនរងគ្រោះ​កាលពី​យប់​ថ្ងៃទី ៦ ខែឧសភា ក្រោយពី​គាត់​បានធ្វើ​សកម្មភាព​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​វ័យ ២២ ឆ្នាំ ដែល​ជា​ស្ត្រី​មាន​ប្ដី​ទៅហើយ​នោះ។

លោក សុវណ្ណ បាន​បញ្ជាក់ថា៖ «តាម​បណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​ជា​កូន ជនសង្ស័យ​ដែលជា​ឪពុក​បង្កើត​របស់​នាង​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​លើ​រាងកាយ​របស់​នាង​រហូត​សម្រេច​ជាច្រើន​ដង​ នៅក្នុង​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ គឺ​ចាប់តាំងពី​យប់​ថ្ងៃទី ១៦ ខែមីនា រហូ​តដល់​យប់​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១។

លោក​ថា តាមរយៈ​ការរៀបរាប់​របស់​នាង​ក្នុង​ពាក្យបណ្ដឹង​គឺ​គ្រប់​ពេលដែល​ជនសង្ស័យ​រូបនេះ​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​លើ​រាងកាយ​នាងម្ដងៗ​គឺ​ឪពុក​នាង​តែងតែ «គំរាមកំហែង​ថា​នឹង​សម្លាប់» ប្រសិនបើ​នាង​ហ៊ាន​ប្រាប់​ម្ដាយ​ និង​ប្ដី​ព្រម​ទាំងប្អូនៗ​របស់​នាង​ណា​ម្នាក់​ឲ្យ​បានដឹង​អំពី​រឿងនេះ។

លោក​បាន​ស្រង់​យកសម្ដី​របស់​ស្ត្រី​រងគ្រោះ​មក​បញ្ជាក់​ទៀត​ថា៖ «១ លើក​ជា ២ លើក​ខ្ញុំ​ស៊ូ​អត់ទ្រាំ ព្រោះ​ខ្លាច​ប្ដី​ និង​អ្នកជិតខាង​ដឹង​រឿង​ដ៏អាស្រូវ​នេះ គេ​មាក់ងាយ​ដល់​ក្រុមគ្រួសារ​ខ្ញុំ ហើយ​សង្ឃឹម​ថា​ឪពុក​របស់ខ្ញុំ ដែល​គាត់​ជា​មេភូមិ​ផង​នេះ​មាន​ការកែប្រែ​កំហុសឆ្គង​របស់គាត់។ ប៉ុន្តែ​ថ្ងៃ​បន្តបន្ទាប់​មកទៀត​គឺ​ចន្លោះ ៣-៤ ថ្ងៃ​ម្ដង គឺ​គាត់​តែងតែ​លបលួច​ចូល​ទៅ​ចាប់រំលោភ​ខ្ញុំ​នៅក្នុង​បន្ទប់ទឹក​នោះ​ដោយ​ពោល​ពាក្យ​គំរាម​សម្លាប់»។

លោក​ថា ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់​នៅក្នុង​ពាក្យបណ្ដឹង​ទៀតថា៖ «នៅ​យប់​ថ្ងៃទី ៦ ខែ​ឧសភា ឆ្នាំ ២០២១ ខ្ញុំ​បានសម្រេច​ចិត្ត​កាត់​ភាពខ្មាសអៀន ហើយ​ប្រថុយ​នឹង​ការគំរាម​សម្លាប់​របស់គាត់ ដោយ​ស្រែក​ប្រាប់​ម្ដាយ​ខ្ញុំ និង​អ្នកជិតខាង​ឲ្យ​បានដឹង និង​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​គាត់​ទៅ​អប់រំ​ណែនាំ​តាម​នីតិវិធី​ច្បាប់​ដែល​បានកំណត់»។

បើតាម​លោក សុវណ្ណ ក្រោយ​ចាប់ខ្លួន​យក​ទៅ​សួរនាំ ជនសង្ស័យ​មុន​ដំបូង​បាន​ឆ្លើយ​ដោះសា​ថា មកពី​ខ្លួន​ស្រវឹងស្រា ហើយ​ច្រឡំ​ស្ត្រី​រងគ្រោះ​ជា​កូន​ថា​ជា​ប្រពន្ធ​របស់​ខ្លួន ព្រោះ​ពេលយប់​ងងឹត​មើល​មិន​ច្បាស់។ លុះ​បន្ទាប់មក​ជនសង្ស័យ​ក៏​បាន​សារភាព​ និង​បាន​សុំ​ការអធ្យាស្រ័យ​ពី​ប្រពន្ធ​ និង​កូនស្រី។

លោក​បាន​បញ្ជាក់ថា៖ «ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី ៩ ខែ​ឧសភា​ឆ្នាំ ២០២១ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ តុលាការ​បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទរំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​តាម​បញ្ញត្តិ​មាត្រា ២៤១ នៃ​ក្រម​ព្រហ្មទណ្ឌ»។

យោងតាម​បទចោទ​ និង​មាត្រា ២៤១ នៃ​ក្រមព្រហ្មទណ្ឌ​នេះ ជនសង្ស័យ​នឹងត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ៧ ឆ្នាំ​ដល់ ១៥ ឆ្នាំ ៕