សៀមរាបៈ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តសៀមរាប​បាន​សម្រេច​ចោទប្រកាន់​ និង​ឃុំខ្លួន យុវជន​ចំនួន​ ៦ ​នាក់​នៅ​ពន្ធនាគារ​ខេត្ត​ហើយ​កាលពី​ថ្ងៃទី​ ២៣ ខែ​សីហា​ពាក់ព័ន្ធ​ជម្លោះ​កាប់​គ្នា​ស្លាប់​ម្នាក់ ប្រព្រឹត្ត​នៅ​ផ្លូវ​ ៦០ សង្កាត់​ស្លក្រាម​កាលពី​ថ្ងៃទី​ ១៩ សីហា​។

លោក យិន ស្រាង អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តសៀមរាប​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​យុវជន​ទាំង​ ៦ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការកាប់​យុវជន​ម្នាក់​ស្លាប់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ហើយ​នៅ​ថ្ងៃទី​ ២៣ សីហា​។

លោក​បញ្ជាក់ថា​៖ «​ជន​ទាំង​ ៦ ​នាក់​ត្រូវ​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា​ ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ពួកគេ​ត្រូវ​ចោទប្រកាន់​ដោយ​លោក​ចៅក្រម​ អ៊ុង ចាន់ថុល​»​។

បើ​យោងតាម​មាត្រា​ ២០០ នៃ​ក្រមព្រហ្មទណ្ឌ បើសិន​ជា​តុលាការ​រកឃើញ​ថា ក្រុម​យុវជន​ទាំង​ ៦ ​នាក់​នោះ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ​អាច​នឹង​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​​មួយ​ជីវិត​។

លោក​វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង​ទទួល​ផែន​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង ៦ ​នាក់​ដែល​សុទ្ធតែ​ភេទ​ប្រុស ទី​១- ​ឈ្មោះ សឿន សាន់ អាយុ​ ១៩ ​ឆ្នាំ​ គ្មាន​មុខរបរ​ និង​មាន​លំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង-ខេត្ត​សៀមរាប ជា​ជនដៃដល់​។ ទី​២- សយ ណុប ហៅ អាស្បែកជ្រូក អាយុ ២១ ​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​បន្ទាយចាស់ សង្កាត់​ស្លក្រាម (​អ្នកបើក​ម៉ូតូ​ដឹក​ជនដៃដល់​)​។ ទី៣- សឿន ឡង់ឌី អាយុ ១៨ ​ឆ្នាំ​ ជា​កម្មករ​លក់​ស្បែកជ្រូកបំពង រស់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​ខេត្ត​សៀមរាប​។ ទី​៤- បូរី សីហា អាយុ​ ២០ ​ឆ្នាំ​ ជា​កម្មករ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង-ខេត្ត​សៀមរាប​។ ទី៥- ខន ឃីម ហៅ ភ័ក្រ អាយុ​ ១៨ ​ឆ្នាំ​ គ្មាន​មុខរបរ​រស់នៅ​ភូមិ​ដំរីឆ្លង ឃុំ​ឫស្សីលក ស្រុក​ជីក្រែង ជា​មិត្តភក្ដិ​របស់​ជនដៃដល់ និង​ទី​៦- ហ៊ុល សំអូន ហៅ​ពៅ អាយុ ១៧ ​​ឆ្នាំ ​ជា​កម្មករ​ដាក់​ឆត្រ​នៅ​ផ្សារលើ​មាន​លំនៅ​ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្វាយដង្គំ ក្រុង-ខេត្ត​សៀមរាប​។

លោក​បញ្ជាក់ថា​៖ «​ជន​ទាំងអស់​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​កាប់សម្លាប់​ជនរងគ្រោះ​ហើយ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​បន្តទៀត​ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​»​។

បើ​តាម​លោក ដាលុច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៩ ​កន្លះ​យប់​ថ្ងៃទី​ ១៩ ខែសីហា នៅ ត្រង់​ចំណុច​មុខ​សណ្ឋាគារ​សុខា​សៀមរាប ផ្លូវ​ ៦០ ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង-ខេត្ត​សៀមរាប​។

ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រមាណ​ជាង​ ១០ ​នាក់​បាន​ប្រើប្រាស់​ម៉ូតូ​ប្រហែល​ ៨ ​គ្រឿង​បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​មួយក្រុម​ដែល​មាន​គ្នា​ ៥ ​នាក់​ជិះ​ម៉ូតូ​ចំនួន​ ៣ ​គ្រឿង​។ យុវជន​រងគ្រោះ​ដែល​សុទ្ធតែ​ភេទ​ប្រុស​ដែរនោះ មាន​ឈ្មោះ​ទី​១- ឆាត មុត អាយុ​ ១៨ ​ឆ្នាំ​ ជា​ជាង​ឈើ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទ​បាគង ត្រូវ​ជនសង្ស័យ​ឈ្មោះ​ សឿន សាន់ ប្រើ​ដាវ​កាប់​ចំ​កញ្ចឹងក បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​កើតហេតុ ទី​២- ចៅ ចាម អាយុ ២០ ​ឆ្នាំ​ ត្រូវ​ក្រុម​ជនសង្ស័យ​កាប់​ចំក្បាល និង​ដៃ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ចំណែកឯ​យុវជន​ ៣ ​នាក់​ទៀត​ត្រូវ​របួសស្រាល​ម្នាក់​ និង​ ២ ​នាក់​ទៀត​គ្មាន​ត្រូវរបួស​ទេ​។

លោក​បន្តថា បន្ទាប់ពី​កើតហេតុ​ និង​បន្ទាប់ពី​ទទួល​បាន​បណ្តឹង​ពី​ក្រុម​ជនរងគ្រោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​បាន​បើក​ការស្រាវជ្រាវ រហូត​ដល់​ថ្ងៃទី​ ២១ សីហា ២០២០ ទើប​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​ក៏​ស្នើសុំ​ការសម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប និង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​ ៦ ​នាក់​តែម្តង​។

លោក ថា ដាលុច បាន​ឲ្យ​ដឹង​ទៀតថា តាមរយៈ​ការសួរចម្លើយ ក្រុម​ជនសង្ស័យ​ទាំង​ ៦ ​នាក់​បាន​សារភាព​ថា ករណីនេះ​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ដោយ​កាប់​ទៅលើ​ជនរងគ្រោះ​មែន​ដោយ​មូលហេតុ​ថា កាលពី​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០២០ ពួកគេ​ធ្លាប់​មានទំនាស់​ជាមួយ​ភាគី​ក្រុម​ជនរងគ្រោះ ហើយ​រហូត​ដល់​យប់​ថ្ងៃទី​ ១៩ ខែសីហា ក៏​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ក្រុម​ជនរងគ្រោះ​តែម្ដង​។

បើតាម​លោក ថា ដាលុច ចំពោះ​វត្ថុតាង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​រួមមាន ដាវ​ចំនួន ៣ ​ដើម ប្រវែង ០,៧០ ម៉ែត្រ ម៉ូតូ​ចំនួន ៤ ​គ្រឿង កាំភ្លើង​ខ្យល់ ចំនួន ១ ​ដើម និង​ខោអាវ​សម្រាប់​ពាក់​ពេល​ធ្វើ​សកម្មភាព​ចំនួន ២ ​កំប្លេ​។

មិនមាន​ប្រភព​ទាក់ទង​ទៅ​ឪពុកម្តាយ​ជនរងគ្រោះ​ និង​ឪពុកម្តាយ​ជនសង្ស័យ​ដើម្បី​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​ពី​ម្សិលមិញ​៕