ភ្នំពេញៈ លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងបក្ខពួក ៣ នាក់ទៀតត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន ដោយចោទប្រកាន់ចំនួន ៤ បទល្មើស ពាក់ព័ន្ធនឹងករណីរំលោភយកដីរដ្ឋប្រមាណ ១ ០០០ ហិកតានៅខេត្តមណ្ឌលគិរី។
លោក គុជ គឹមឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្លែងថា លោក សេង សុវណ្ណារ៉ា និងគូកន ៣ នាក់ទៀតរួមមានឈ្មោះ វ៉ាន់ សុធា អាយុ ៣៦ ឆ្នាំ ប៉ូ ចយ អាយុ ៣៤ ឆ្នាំ និង ឈ្មោះ ស៊ីន ប៉ូ អាយុ ៥៩ ឆ្នាំជាប្រជាកសិករនៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរីត្រូវបានកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិឃាត់ខ្លួននៅរសៀលថ្ងៃទី ២៦ មិថុនា។
ការឃាត់ខ្លួននេះ ក្រោយពីត្រូវបានកោះឲ្យចូលទៅឆ្លើយបំភ្លឺករណីពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ ១ ០០០ ហិកតានៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី ២៧ មិថុនា លោក សុវណ្ណារ៉ា និងគូកនត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។
លោក គឹមឡុង ថ្លែងថា៖ «នៅល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ ក្រោយបញ្ចប់ការសាកសួរតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានសម្រេចចោទប្រកាន់លោក សេង សុវណ្ណារ៉ា និងគូកនក្នុងម្នាក់ៗចំនួន ៤ បទល្មើសរួមមានបទឆបោកមានស្ថានទម្ងន់ទោស។ បទរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ បទសម្លុតគំរាមកំហែងមិនឲ្យប្តឹងផ្តល់ និងបទកាន់កាប់អាវុធដោយខុសច្បាប់»។
លោកបន្ថែមថា៖ «ហើយត្រូវបានលោកចៅក្រមស៊ើបសួរ សុង ប៉ុណ្ណារិទ្ធ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយ»។
យោងតាមបទចោទទាំង ៤ ខាងលើនេះលោក សេង សុវណ្ណារ៉ា និងគូកនអាចនឹងប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារយ៉ាងតិច ៥ ឆ្នាំក្នុងករណីតុលាការរកឃើញថាគាត់ពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់។ ព្រោះក្នុងបទឆបោកមានស្ថានទម្ងន់ទោស គាត់នឹងប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំតាមបញ្ញត្តិ មាត្រា ៣៧៩ នៃច្បាប់ក្រមព្រហ្មទណ្ឌ ខណៈបទសម្លុតគំរាមកំហែងមិនឲ្យប្ដឹងផ្ដល់ក៏ត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេលពី ២-៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀលដល់ ១០ លានរៀលផងដែរតាមបញ្ញត្តិមាត្រា ៦០៧ នៃច្បាប់ក្រមព្រហ្មទណ្ឌ។
ឯបទកាន់កាប់អាវុធដោយខុសច្បាប់ គាត់នឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារពី ៦ ខែដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលដល់ ៦ លានរៀលតាមបញ្ញត្តិមាត្រា ៤៩០ នៃច្បាប់ក្រមព្រហ្មទណ្ឌ ខណៈបទរំលោភយក ឬធ្វើឲ្យប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវផ្ដន្ទាទោស ២ ឆ្នាំទៅ ៥ ឆ្នាំ ឬ/និងត្រូវពិន័យជាប្រាក់ពី ៣ លានរៀលដល់ ៣០ លានរៀលតាមបញ្ញត្តិមាត្រា ២៦២ នៃច្បាប់ភូមិបាល។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ បន្ទាប់ពីផ្ទុះរឿងអាស្រូវពាក់ព័ន្ធករណីរំលោភយកដីរដ្ឋប្រមាណ ១ ០០០ ហិកតានៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសដកលោក សេង សុវណ្ណារ៉ា ដែលកាលនោះជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តមណ្ឌលគិរី។
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងរបស់គាត់ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមសំណើទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើក្នុងខេត្តមណ្ឌលគិរីគាំទ្រចំពោះការសម្រេចឃុំខ្លួនលោក សេង សុវណ្ណារ៉ា ជាបណ្ដោះអាសន្ន។ លោកថ្លែងថា ក្រៅពីជាប់ពាក់ព័ន្ធករណីរំលោភបំពានយកដីព្រៃអភិរក្សរបស់រដ្ឋប្រមាណ ១ ០០០ ហិកតានោះ បុគ្គលរូបនេះក៏មានជាប់ពាក់ព័ន្ធករណីរំលោភយកដីព្រៃសហគមន៍របស់ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីជាច្រើនរយហិកតាផងដែរ៕