រតនគិរីៈ ជន​ជាតិ​វៀត​ណាម​ ១២ នាក់ ​ត្រូវ​បាន​តុលា​ការ​ខេត្ត​រតន​គិរី​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ភ្នំ​ស្វាយ​ជា​បណ្ដោះអា​សន្ន​ដោយ​ជាប់​ចោទ​​ពី​បទ​ឆ្លង​ដែន​ និង​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​ទឹក​ដី​ប្រទេស​ កម្ពុជា ​ដោយ​ខុស​ច្បាប់។​ ​

​លោក​ ​ថាវ​ ​យ៉េន​ ​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី​ ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពីម្សិល​មិញ​ថា​ ​ ​នៅ​​ថ្ងៃ​ទី​ ១៦ ​ខែ ​មេសា​ ​ឆ្នាំ​ ២០១៨​ ​កម្លាំង​ប្រតិ​បត្តិ​ការ​ ស្រាវ​ជ្រាវ​និង​ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ធម្ម​ជាតិ​ ក្នុង​តំបន់​ឧទ្យានជាតិ​វរ​ជ័យ​ ​បាន​ប្រទះ​ឃើញ​និង​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​មួយ​ក្រុម​មាន​គ្នា​ ១២ ​នាក់​ និង​រឹប​អូស​គ្រឿង​ចក្រ​ចំនួន​ ៦ ​គ្រឿង​ ក្រោយ​ពី​ពួក​គេ​បា​ន​ធ្វើ​សកម្ម​ភាព​ឈូស​ឆាយ​ដី​ព្រៃ​​នៅ​ចំណុច​អូរតា​យ៉ាក​ ​ស្ថិត​ក្នុង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង​ ​ខេត្ត​រតន​គិរី​ ​នៃ​ប្រ​ទេស​ កម្ពុជា​ ​ដោយ​ខុសច្បាប់។​

ជនជា​តិ​វៀត​ណាម​ទាំង​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថ​កិច្ច​នគរ​បាល​​អន្តោ​ប្រវេសន៍​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​​ ​ហើយ​ពួក​គេ​ត្រូវ​បាន​ក្រុម​មន្ត្រី​នគរបាល​អន្តោ​ប្រ​វេសន៍​ ​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​តុលាការ​ខេត្ត​រតនគិរី​ផងដែរ។​

​លោក​ ​ជា​ ពេជ្រ​ ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​រតន​គិរី ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អាទិត្យ​ថា​ សំណុំ​រឿង​​នេះ​​បាន​មក​ដល់​ដៃ​តុលា​ការ​ហើយ​ ​និង​កំពុង​ស៊ើប​សួរ​បន្ត​ដោយ​ចៅ​ក្រម​ស៊ើប​សួរ។

លោក​ចៅ​ក្រម​ស៊ើប​សួរ​ ឡេង​ វណ្ណា​រិទ្ធ​ ​សម្រេច​ចោទ​ប្រកាន់​ក្នុង​ម្នាក់​ៗ​ ២ ករ​ណី​ គឺ​បទ​ ​«​លួច​ឆ្លង​ដែន​ដោយ​គ្មាន​លិខិត​អនុ​ញ្ញាត»​ និង​បទ ​«​នាំ​គ្រឿង​ចក្រ​ចូល​មក​ឈូស​ឆាយ​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ»។

លោក​ ​អ៊ុក​ ​គឹម​ជន់​ ​ប្រធាន​ពន្ធ​នា​គា​រ​ភ្នំ​ស្វាយ​ខេត្ត​រតន​គិរី​ ​បាន​អះអាង​ថា ​ជន​សង្ស័យ​ ទាំង ១២​ នាក់​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ពន្ធ​នា​គារ​ភ្នំស្វាយ​ខេត្ត​រតនគិរី​ហើយ៕