The Phnom Penh Post Search

Search form

តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ជេរ​ប្រមាថ​ លោក​នាយក​រដ្ឋមន្ត្រី

Content image - Phnom Penh Post
ស្ត្រី​សង្ស័យ​ត្រូវ​កងរាជ​អាវុធហត្ថ​សាកសួរ​បន្ទាប់ពី​ត្រូវ​បាន​ឃាត់​ខ្លួន​។ រូបថត សហការី

តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ជេរ​ប្រមាថ​ លោក​នាយក​រដ្ឋមន្ត្រី

បន្ទាយមានជ័យៈ សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​បាន​សម្រេច​ចោទប្រកាន់​ និង​ឃុំ​ខ្លួន​បណ្ពោះ​អាសន្ន​ស្ដ្រី​វ័យ​ក្មេង​ម្នាក់​បន្ទាប់ពី​នាង​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ចុង​សប្តាហ៍​មុន​ពី​បទ​ជេរប្រមាថ និង​បរិហារ​កេរ្តិ៍​សម្ដេចម៉ែ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​។

លោក​ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា មឿន លីហ័រ ភេទ​ស្រី អាយុ ២០ ឆ្នាំ ជា​អាជីវករ​លក់​ផ្លែឈើ​ក្នុង​ផ្សារ រ៉ុងក្លឿ ប្រទេស​ថៃ​ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​សុក្រ បន្ទាប់ពី​រកឃើញ​ថា​នាង​បាន​បង្ហោះ​រូបភាព​កាត់ត​ជាច្រើន​អម​ដោយ​សារ​ប្រមាថ​លោក​នាយក​មន្ត្រី ហ៊ុន សែន និង សម្ដេចម៉ែ នរោត្តម មុនិនាថ សីហនុ ក្នុង​រយៈពេល ៣ ​ឬ​ ៤ ខែ​កន្លង​មក​នេះ​។

លោក​ថ្លែង​ថា​៖ «​និយាយ​ឲ្យ​ចំ​ទៅ វា​បង្ហោះ​ព័ត៌មាន​តាម ហ្វេសប៊ុក​បរិហារកេរ្តិ៍​ដល់​សម្ដេចម៉ែ និង​សម្ដេច​ ហ៊ុន សែន​។ វា​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​»​។

លោក ព្រហ្ម ថេង បាន​បញ្ជាក់​ថា​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅផ្ទះ​របស់​នាង​ស្ថិត​ក្នុង​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ បន្ទាប់ពី​ទទួល​ដំណឹង​ថា​នាង​បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​។

លោក​ថ្លែង​បន្ត​ថា​៖ «​ករណី​ហ្នឹង​! គ្មាន​អ្នក​ប្ដឹង​ទេ តែ​សមត្ថកិច្ច​ក៏ដូចជា​ព្រះរាជអាជ្ញា​មើល​ឃើញ​ថា​វា​អាក្រក់ វា​ប៉ះពាល់​ដល់​ព្រះ​ចេស្ដា​កិត្តិយស និង​កិត្តិនាម​របស់​មហាក្សត្រ​»​។

លីហ័រ​ត្រូវ​បាន​សមត្ថកិច្ច​តាមដាន បន្ទាប់ពី​នាង​បាន​ប្រើ​គណនី​ហ្វេសប៊ុក​ជាច្រើន​រួមទាំង​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “​ជលស្សៃនា នាង​កូនពៅ ស៊ី​អារម្មណ៍​” រិះគន់ និង​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី​តាមរយៈ​រូបភាព​កាត់ត​ផ្សេងៗ អម​ដោយ​សារ​ថា​ជន “​ក្បត់ជាតិ​”​ជា "​អាឃាតករ​" ជាដើម​។ រូបភាព​មួយ​ក្នុង​ចំណោម​រូបភាព​ទាំង​នោះ​គឺជា​ព្រះឆាយាល័ក្ខណ៍​សម្ដេចម៉ែ នរោត្តម មុនិនាថ សីហនុ និង​សារ​ប្រមាថ​ផ្សេងៗ​។ សារ​របស់​នាង​ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​ហ្វេសប៊ុក និង​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​។ ក្រោយមក​គណនី​របស់​នាង​ត្រូវ​បាន​លុប​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​។

លោក ព្រហ្ម ថេង ថ្លែង​ថា​ជនសង្ស័យ​បាន​ទទួល​ស្គាល់​សារ​ទាំង​នោះ ប៉ុន្តែ​បាន​បន្ទោស​អ្នកលេង​ហ្វេសប៊ុក​ដែល​គេ​ជឿ​ថា​នៅ​ក្រៅ​ឈ្មោះ Ear Kimsreng ថា​ជា​អ្នក​ណែនាំ​ឲ្យ​នាង​ធ្វើ​។

លោក​បន្ត​ថា​នាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​សោរ៍ និង​ថ្ងៃ​ម្សិលមិញ​ទី​ដែល​នាង​ត្រូវ​បាន​សាកសួរ​ដោយ​តំណាង​អយ្យការ និង ជា​ព្រះរាជអាជ្ញារង​លោក សុខ កែវបណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​លោក ជួន វណ្ណៈ​។

នៅ​ពេល​ទាក់ទង​កាលពី​រសៀល​ម្សិលមិញ​លោក សុខ កែវបណ្ឌិត បញ្ជាក់​ថា​តុលាការ​កំពុង​បន្ត​នីតិវិធី​លើ​ជន​សង្ស័យ​នៅ​ឡើយ​ហើយ​លោក​បដិសេធ​ធ្វើការ​អត្ថាធិប្បាយ​បន្ថែម​។

តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ចេញ​កាលពី​រសៀល​ម្សិលមិញ​ដោយ​លោក ជួន វណ្ណៈ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ធ្វើការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ជន​ជាប់ចោទ​នៅ​ពន្ធនាគារ​ខេត្ត​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ពី​បទ “​ជេរប្រមាថ​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​” ប្រព្រឹត្ត​នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី ១១, ១២ ខែ​កុម្ភៈ ឆ្នាំ ២០១៧ និង​ថ្ងៃ​ទី ០១ ខែ​មីនា ឆ្នាំ ២០១៧ តាម​បញ្ញត្តិ​មាត្រា ៣០៧ និង ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។

យោង​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បទ​ជេរប្រមាថ​ជា​សាធារណៈ ជន​ជាប់ចោទ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ១ សែន​រៀល ទៅ​ ១០ ​លាន​រៀល​។ រីឯ​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១ ​ឆ្នាំ ទៅ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ២ លាន ទៅ​៦ ​លាន​រៀល​។

កាលពី​ចុង​ខែ​មុន​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ៅ លីនដា អាយុ ៣១ ឆ្នាំ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ ជុំវិញ​ការ​បង្ហោះ​សារ និង​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី​ថា​ ”​អាក្បត់​ជាតិ​”​។

មនុស្ស​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​លើ​ករណី​ស្រដៀង​គ្នា​នេះ​ផង​ដែរ​។

លោក​ ស៊ឹង សែនករុណា អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​កាន់​តែ​ច្រើន​ឡើង​ចំពោះ​អ្នក​លេង​ហ្វេសប៊ុក​ដោយសារ​តែ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​។

លោក​ថា​៖ «​បើ​សិន​ជា​រដ្ឋាភិបាល​ជា​ឪពុកម្តាយ ជា​អ្នក​ដែល​អនុវត្ត​ច្បាប់​ចេះ​តែ​...​ចាត់ការ​លើ​រឿង​ហ្នឹង អ៊ីចឹង​យើង​ព្រួយបារម្ភ ចេះ​តែ​មាន​ [​ករណី​] ​កើតឡើង​ទៀត​។ ប្រជាពលរដ្ឋ​កម្ពុជា​ចេះ​តែ​ប្រឈម​ជា​បន្តបន្ទាប់​ទៀត​»​។

លោក​ថា រដ្ឋាភិបាល​គួរ​យក​វិធានការ​អប់រំ​ជា​ជាង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គេ​។

លោក​បន្ត​ថា​៖ «​យើង​ចង់​ឲ្យ​រដ្ឋាភិបាល ពិចារណា​សុំ​ឲ្យ​មាន​ការ​គិតគូរ​ឡើង​វិញ​ចំពោះ​ការ​ចាប់​ខ្លួន​។ យ៉ាង​ហោច​ណាស់​គួរ​ធ្វើការ​អប់រំ ឬ​ក៏​ពន្យល់​ពួកគាត់​អំពី​ច្បាប់​ទម្លាប់​ឲ្យ​គាត់​មាន​ការ​យល់​ដឹង​»៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។