ភ្នំពេញៈ ​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ​បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ ៣ នាក់ ​បណ្ដោះ​អាសន្ន​នៅ​ពន្ធនា​​គារ​ព្រៃ​ស ​ពាក់​ព័ន្ធ​ករណី​ស៊ី​ឈ្នួល​ពពោះ​ជំ​នួស ដើម្បី​សម្រាល​កូន​ឲ្យ​ជន​ជាតិ​ចិន​ បន្ទា​ប់​ពី​កម្លាំង​នគរ​បាល​នាយក​ដ្ឋាន​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនី​តិជន​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជូន​ពួក​គេ​ទៅ​តុលា​ការ​ ក្រោយ​ពី​ឃាត់​ខ្លួន​បាន​នៅ​ប្រទេស​ វៀតណាម។​

ស្ត្រី​ទាំង​ ៣ នាក់​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ចំនួន​ ២ ករណី ​ដែល​អាច​ប្រឈម​មុខជាប់​ពន្ធ​នា​គារ​ជិត​ ២០ ​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​ ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ ដូច​ការ​ចោទ​ប្រកាន់​មែននោះ។​ ​នេះ​បើ​តាម​ លោក​ អុី រិន្ទ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

​លោក ​អុី រិន្ទ ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​៖​ ​«​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​​អាសន្ន​នៅ ម​ ២ ទាំង​ ៣​ នាក់ ​តាម​មាត្រា ​១៦​ នៃ​ច្បាប់​ជួញ​ដូរ​មនុស្ស ​និង​មាត្រា ៣៣២ ​ទាក់​ទ​ង​នឹង​ក្រម​ព្រហ្ម​ទណ្ឌ។ ​អ៊ី​ចឹង​យើង​ចោទ​ប្រកាន់​ពី​បទ​អំពើ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន និង​បទ​អន្តរកាល​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ»។

​យោង​តាម​មាត្រា​ ៣៣២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ចែង​ថា​ អំពើ​ប្រព្រឹត្ត​នៅ​ក្នុង​គោល​បំណង​ចង់បាន​កម្រៃ ​ធ្វើ​ជា​អន្តរ​កា​រី​រវាង​បុគ្គល​ម្នាក់​ ឬ​ច្រើន​នាក់ ​ឬ​ប្តី​ ប្រពន្ធ​ ដែល​ចង់​សុំ​កូន​យក​មក​ចិញ្ចឹម​ និង​ស្ត្រី​ម្នាក់​ យល់​ព្រម​ពពោះ ​ដើម្បី​នឹង​ប្រគល់​កូន​នោះ​ឲ្យ​ទៅ​អ្នក​សុំ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ ពី​ ១​ ខែ​ ទៅ ​៦ ​ខែ​ ខណៈ​មាត្រា ​១៦​ នៃ​ច្បាប់​ស្តី​ពី​​ការ​ជួញ​ដូរ​មនុស្ស​ បាន​ចែង​ថា​ ជន​ណា​ដែល​លក់​ដូរ​ជន​ដទៃក្នុង​គោល​ដៅ​ប្រគល់​ ឬ​នាំ​យក​ទៅ​ក្រៅ​ប្រទេស​ និង​ក្នុង​ករណី​ដែល​ជន​រង​គ្រោះ ​ជា​អនី​តិ​ជន​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ ទៅ ២០ ឆ្នាំ។​

​កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែ​ កក្កដា​ កម្លាំង​នគរ​បាល​នា​យក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការពារ​អនី​តិ​ជន​ក្រសួង​មហា​ផ្ទៃ ​បាន​សម្រេច​បញ្ជូនស្ត្រី​ ៣ ​​នាក់​​ ទៅ​តុលា​ការ​ ដោយ​ពួក​គេ​ទាំង​នោះ​ មាន​ឈ្មោះ ​សេង​ ចិន្ដា ​ហៅ ​ដា ​អាយុ ​៣២ ​ឆ្នាំ​, ឈ្មោះ ​ភួ​ន ​ស៊ីនួ​ន​ អាយុ ​៣២ ​ឆ្នាំ ​និង​ឈ្មោះ ​សាត​ សា​រួន​ អា​យុ​ ៣១​ ឆ្នាំ​ ដែលមាន​លំនៅឋាន​ក្នុង​ភូមិ​គោល​ ឃុំ​ទួល​ព្រេជ ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។​

​លោក​ ជីវ​ ផល្លី​ ប្រធាន​នាយក​ដ្ឋាន​ប្រឆាំងការ​ជួញ​ដូរ​មនុស្សនៃ​ក្រ​សួង​មហា​ផ្ទៃ ​ធ្លាប់​​បាន​ថ្លែង​​ថា​ ក្រុម​ជន​សង្ស័យ​ទាំង​ ៣ នេះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ប្រទេស​​វៀត​ណាម​ ​ចាប់​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​ វៀត​ណាម​ រួច​បញ្ជូន​មក​កម្ពុជា​ បន្ទាប់​ពី​ពួក​គេបាន​ឆ្លង​ដែន​​ខុស​ច្បាប់ ចូល​ទៅ​វៀត​ណាម​ដើម្បី​សម្រាល​កូន​លក់​ឲ្យ​​ជន​ជាតិ​ចិន​ក្នុង​តម្លៃ​ ៨ ០០០ ​ដុល្លារ​ ក្នុង​កូន​ម្នាក់។

​លោក​ អំ​ សំអាត​ ប្រធាន​គ្រប់​គ្រង​ផ្នែក​ស៊ើប​អង្កេត​អង្គ​ការ​លីកា​ដូ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ដោយ​បង្ហាញ​ការ​សោក​ស្តាយ​ដែល​តុលា​កា​រ​​សម្រេច​ចោទ​ប្រកាន់​លើ​ពួក​គេពាក់​​ព័ន្ធ​ នឹង​បទ​ល្មើស​ទាំង​នេះ​ ព្រោះ​ស្ត្រី​ទាំង​​នេះ ​អាច​ជា​ជន​រង​គ្រោះ​នៅ​ក្នុ​ង​បទ​​ល្មើស​ ព្រោះ​តែ​​កត្តា​ខ្វះ​ការ​យល់​​ដឹង​ និង​កត្តា​ជីវភាព។​

លោក​ថ្លែង​​ថា​៖​ ​«​អ្វី​ដែល​សំខាន់​គឺ​រដ្ឋាភិ​បាល​ គួរ​តែ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​​ទូលាយ​ ហើយ​ការ​អនុ​ម័ត​ច្បាប់​ ឬ​កា​រធ្វើ​ច្បាប់​នា​នា​ជុំវិញ​បញ្ហា​នេះ ​គួរ​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធា​រ​ណៈ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បាន​យល់​ បាន​ដឹង​ និង​បាន​ឮ អំ​ពី​បទ​ល្មើ​ស​ហ្នឹង​ ហើយ​រំពឹង​ថា​ តុលាការ​នឹង​ពិចារ​ណា ​ទាក់ទង​បទ​ល្មើស​សម្រាប់​ពួក​គាត់ ​និង​ស៊ើប​អ​ង្កេត​​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​ ព្រោះ​មិន​ដែល​សុខៗ​ គាត់​អាច​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ដោយ​ខ្លួន​គាត់​ទេ​គឺ​ត្រូវ​តែ​មាន​មេ​ខ្យល់ ​និង​មាន​អ្នក​ឲ្យ​គាត់​ប្រព្រឹត្ត»។

គណៈ​កម្មា​ធិការ​ជាតិ​ ប្រ​យុទ្ធ​ប្រឆាំង​​អំពើ​ជួញ​ដូរ​មនុស្ស​ បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ទល់​ពេល​នេះ​ កម្ពុជា​បង្ក្រាប​បាន​បទ​ល្មើស​ពពោះ​ជំនួស​ ដោយ​ស្ត្រី​ខ្មែរ​ចំនួន​ ៤៣ ​ករណី​មក​ហើយ​ ដោយ​ភាគ​ច្រើន​បទ​ល្មើស​នៃ​ការ​ពពោះ​ទាំង​នេះ ​ត្រូវ​បាន​រ​ក​ឃើញ​ថា​ បញ្ជូន​ទៅ​ប្រទេស​ចិន​ ស្រប​ពេល​ករណី​មួយ​ចំនួន​ កំពុង​បន្ត​នី​តិ​វិធី​នៅ​តុលា​ការ​ ខណៈ​ករណី​បញ្ជូន​ស្ត្រី ​៣​ នាក់​ ទៅ​ឃុំ​ខ្លួន​ពី​ម្សិល​មិញ​ គឺ​ជា​ករណី​ថ្មី​បន្ថែម​ទៀត​ ដែល​ទើប​បង្ក្រាប​បាន​ ស្របពេលដែល​កម្ពុជា​​នឹង​មាន​ការ​ពិភា​ក្សាគ្នា​ នៅ​សប្តាហ៍​ទី ៣​ ក្នុង​ខែ​នេះ ​លើ​សេច​ក្តី​ព្រាង​ច្បាប់​សម្រាប់​ដាក់​ទោស​ទណ្ឌ និង​ការ​គ្រប់​គ្រង​បទ​​ល្មើស​នៃ​ការ​ពពោះ​ជំនួស​ដែល​ជា​បទ​ល្មើស​ថ្មី​​ទើប​នឹង​កើត​មាន​នៅ​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ៕​