សៀមរាបៈ សាលា​ដំបូង​ខេត្ត​សៀម​រាប ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ ឌី​ម​ សួន​ណាត​ អគ្គនាយក​ក្រុមហ៊ុន​ Enarita ជុំវិញ​បទ​ឆបោក ​ក្រោយ​ឃាត់​ខ្លួន​សួរ​នាំ​កាល​ពី​សប្តាហ៍​មុន ​បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ពី​ប្រ​​ជា​ពល​រដ្ឋ​ជាង​ ១០ ​រាជ​ធានី​-ខេត្ត​ លើ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ តាមរយៈ​ការ​ដាក់​ទុន​វិនិយោគ។​

ដីកាបង្គាប់​ឲ្យ​ឃុំខ្លួន​ ចេញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ ​លោក​ ជូ​ លឹម​ហ៊ាង​ ចុះ​ថ្ងៃទី​ ២១​ កក្ក​ដា បាន​លើក​ឡើង​ថា​ ដើម្បី​ធានា​ការ​ស៊ើប​សួរ​ឲ្យ​បាន​ល្អ ​បង្គាប់​ឲ្យ​ឃុំខ្លួន​ ឈ្មោះ​ ឌីម​ សួន​ណាត ដែល​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន Enarita Development Co.Ltd ​អាយុ ​៣​៦​ ឆ្នាំ ​រស់​នៅ​ផ្ទះ​លេខ​ ៣៤​ ផ្លូវ​លេខ​ ១០០៧​ ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី ​១៨ ​ខែ​កក្កដា។​

​ដីកា​ដដែល​ បាន​បញ្ជាក់​ថា​៖​ «​បង្គាប់​ឲ្យ​ប្រធាន​មន្ទី​រឃុំឃាំង​ខេត្ត​សៀម​រាប​ ទទួល​ និង​ឃុំខ្លួន​ឈ្មោះ​នេះ​ បណ្តោះ​អា​សន្ន​ឲ្យ​បាន​សម្រេច​ រហូត​ដល់​មាន​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ»។​

តាម​ដីកា​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​សៀម​រាប​ បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​​រូប​នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ពី​បទ​ឆបោក​ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ និង​មិន​បំពេញ​កាត​ព្វ​កិច្ច​ចំពោះ​ឧប​ករណ៍​ដែល​អាច​ជួញ​ដូរ​បាន​ តាម​មាត្រា ​៣៧៧ ​និង​ ៣៨០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​និង​មាត្រា ​២៣១ ​នៃ​ច្បាប់​ស្តីពី​ឧប​ក​រណ៍​អាច​ជួញ​ដូ​បាន ​និង​ប្រតិ​បត្តិ​ការ​ទូទាត់​សាច់​ប្រាក់​ ប្រព្រឹត្ត​ កាល​ពី​អំឡុង​ឆ្នាំ​ ២០១៩​ ដល់​បច្ចុ​ប្បន្ន​ នៅ​ក្នុង​ ក្រុង​ រាជ​ធានី​ ខេត្ត​ ជាង​ ១០ ដូច​ជា​ សៀម​រាប​ កំពង់​ចាម​ ក្រចេះ ​កំពង់​ស្ពឺ​ ប៉ៃលិ​ន​ ព្រះ​វិហារ​ និង​ខេត្ត​ បន្ទាយមានជ័យ​ជាដើម។​

​លោក​ ឌី​ម សួន​ណាត ​ត្រូវ​បាន​លោក​ ថេ​ង ​សំណាង​ ព្រះរាជ​អាជ្ញា​រង​ អមសាលា​ដំបូង​ខេត្ត​សៀម​រាប ​សម្រេច​ចោទ​ប្រកាន់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើបសួរ ​កាល​ពី​ថ្ងៃ​អាទិត្យ។​

មេធា​វី​របស់​ជន​សង្ស័យ ​ឌី​ម ​សួន​ណាត​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​នឹង​ព្យា​យាម​ស្វែង​រក​ភ័ស្តុតាង​ ដើម្បី​ដោះ​បន្ទុក​កូន​ក្តី​ខ្លួន​ ឲ្យ​រួច​ពី​កាលពី​ចោទ​ប្រ​កាន់នេះ។​ ប៉ុន្តែ​​មិន​អាច​ធ្វើ​ការ​សន្និ​ដ្ឋាន​បាន​ដែរ​ថា​ មាន​ដើម​បណ្តឹង​ និង​មាន​ទឹក​ប្រាក់​ប៉ុន្មាន ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ ​ព្រោះ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្តឹង​ណា​មួយ​​ដែល​ប្តឹង​ពី​កូនក្តី​របស់​លោក​​នោះ​ទេ។​

​លោក​​មេធាវី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​៖​ ​«​យើង​នឹង​ស្វែង​រក​ភ័ស្តុ​តាង​ដោះ​បន្ទុក​ ហើយ​នឹង​រក​ភាព​ស្អាត​ស្អំ​ជូន​គាត់​។ ​​យើង​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ត»។​

​យោង​តាម​​ការ​អះអាង​របស់​បុគ្គ​លិក​ផ្នែក​រដ្ឋបាល​នៃ​ក្រុម​ហ៊ុន​ Enarita Development Co.Ltd ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នេះ​មាន​បុត្រ​សម្ព័ន្ធ​ចំនួន​ ៧ ​​ទូទាំ​ង​ប្រទេស​ និង​វិនិយោគ​លើ​វិស័យ​ជា​ច្រើន ​ដូចជា​វិនិ​យោគ​លើ​ដី ​លើ​ហាង​កាហ្វេ ​វិនិយោគ​លើ​ទឹក​សុទ្ធ ​និង​ក្នុង​វិស័យ​អប់រំ​ជា​ដើម​ ដែល​មាន​សាខា​ធំ​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប និង​តាម​បណ្តា​ខេត្ត មាន​ប្រធាន​ផ្នែក​ទីផ្សារ​គ្រប់គ្រង​បន្ត។​ ​

​បុគ្គ​លិក​រូ​ប​នេះ ​បាន​អះអាង​ថា​ កន្លង​ទៅ ​ក្រុម​ហ៊ុន​ ទទួល​ប្រាក់​វិនិ​យោគ​ពី​អតិ​ថិ​ជន​ ដោយ​ផ្តល់​ឲ្យ​នូវ​ការ​ប្រាក់​ខ្ពស់​ ហើយ​ក្រុម​ហ៊ុន​ តែ​ងតែ​ផ្តល់ជូន​អតិ​ថិ​ជន​ មិន​ដែល​ខក​ខាន​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ក្រុម​ហ៊ុន​មាន​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ​ ដោយ​មិន​អាច​បង្វិល​លុយ​ជូន​អតិ​ថិ​​ជន​ទាន់​ពេល​ ​ដូច្នេះ​ ​ក៏​បាន​ជូន​ដំណឹង​ដល់​អតិ​ថិ​ជន​ផង​ដែរ​ និង​បាន​ព្យា​យាម​ទូទាត់​ប្រាក់​តាម​ដែល​អាច​ធ្វើ​បា​ន​ ​ដោយ​​មិន​មាន​ចេតនា​គេចវេះ​នោះ​ទេ។​ ​

បុគ្គ​លិក​រូប​នេះ​បាន​​បញ្ជាក់​ថា​៖​ ​«​អ្ន​ក​មួយ​ចំនួន​ដែល​ប្តឹង​ហ្នឹង​ គាត់​ចង់​យក​លុយ​គាត់​ទាំង​អស់​ភ្លាមៗ​ ដែល​ធ្វើ​ឲ្យ​យើង​បង្វែរ​សាច់​ប្រាក់​មិន​ទាន់​ បើ​សិន​ជា​គាត់​ (​អគ្គ​នា​យក​)​ ​មាន​ចេត​នា​ឆបោក ​គាត់​មិន​នៅ​រហូត​ដល់​ថ្ងៃ​ហ្នឹង​ទេ​ គាត់​រត់​បាត់​ហើយ​ ព្រោះ​គាត់​មាន​ចេត​នា ដោះ​ស្រាយ​ដល់​ទី​បញ្ចប់ ​ប៉ុន្តែ​ដោយសារ​មាន​ជន​មួយ​ក្តាប់​តូច​បង្ក​បញ្ហា»។

បុគ្គ​លិក​រូប​នេះ ​បាន​ឲ្យ​ដឹង​​ថា​ ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មាន​ប្រធាន​ទីផ្សារ​ បន្ត​ការ​គ្រប់​គ្រង​នៅ​តាម​បណ្តា​ខេត្ត​ ដូច្នេះ​ពួក​គេ​ដែល​ជា​ប្រធាន​ទីផ្សារ​មួយ​ចំនួន​ មាន​ចេត​នា​មិន​ល្អ ហើយ​បាន​ឆបោក​អតិ​ថិ​ជន​ ធ្វើ​ឯក​សារ​ក្លែង​ក្លាយ​ និង​ប្រមូល​លុយ​ដាក់​ក្នុងហោ​ប៉ៅ​ខ្លួន​ឯង​ ដោយ​មិន​បាន​បញ្ចូន​មក​ក្រុមហ៊ុន​នោះ​ទេ។​ ​ដូច្នេះ​ហើយ​ទើប​​មាន​បញ្ហា​ប្តឹង​អគ្គនាយក​ក្រុមហ៊ុន​តែម្តង៕​