មណ្ឌលគិរី: សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​សម្រេច​ឃុំខ្លួន​លោក តែ គឹមសាន អតីត​ប្រធាន​​សហគមន៍​រ៉ែមាស​ចុង​ផ្លាស់​ពី​បទ​ការប្រមូលផល​អនុផល​ព្រៃឈើ និង​ធ្វើ​រោង​សន្និធិ (​រោង​កែច្នៃ​ឈើ​) បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ២០ ខែ​ កញ្ញា​ ដែល​សង្ស័យ​ពាក់ព័ន្ធ​ការលួចលាក់​ស្តុក​ឈើ​ប្រណីត​ចំនួន ៦០០ ​កំណាត់​ នៅក្នុង​រោង​អាជីវកម្ម​រ៉ែ​មាស​របស់​ខ្លួន​ក្នុង​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា​។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច​ឃុំខ្លួន​ជន​ជាប់ចោទ តែ គឹមសាន រួចរាល់​ហើយ បន្ទាប់ពី​ធ្វើការ​សាកសួរ​រយៈពេល​ជិត ៣ ​ម៉ោង​។

លោក​បញ្ជាក់ថា​៖ «​តុលាការ​សម្រេច​ឃុំខ្លួន​ហើយ ប៉ុន្ដែ​ខ្ញុំ​ភ្លេច​ឈ្មោះ​ចៅក្រម​ហ្នឹង​ហើយ ខ្ញុំ​រវល់​ការងារ​ផ្សេង​ទៀត​អត់​បាន​ផ្ដោតអារម្មណ៍ គឺ​តុលាការ​បាន​ចោទប្រកាន់​គាត់​តាម​មាត្រា ៩៧-៩៨ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​»​។

លោក ហែម បូណារ៉ែល មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នៃ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​ធនធាន​ធម្មជាតិ​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ តែ គឹមសាន ជា​អតីត​ប្រធាន​សហគមន៍​រ៉ែ​មាស​ចុងផ្លាស់​ដោយសារ​ពាក់ព័ន្ធ​ការលួចលាក់​ស្តុក​ឈើ​ប្រណីត​ចំនួន​ ៦០០ ​កំណាត់​ នៅក្នុង​រោង​អាជីវកម្ម​រ៉ែ​មាស​របស់​ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យើង​បញ្ជូន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្នុង​ការសាកសួរ​រក​អ្នកពាក់ព័ន្ធ​បន្ថែម​ទៀត ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។ ក្រោយពេល​សាកសួរ​ចប់សព្វគ្រប់​ហើយ​គឺ​នៅ​រសៀល​ថ្ងៃទី ២២ ​កញ្ញា​នេះ យើង​នឹង​បញ្ជូន​ទៅ​តុលាការខេត្ត​តាម​នីតិវិធី​»​។

លោក​បន្ថែមថា ក្រៅពី​រកឃើញ​ឈើ​ចំនួន ៦០០ ​កំណាត់ ​ដែល​លាក់ទុក ៦ ​កន្លែង​ផ្សេងៗ​គ្នា​នោះ សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​រកមើល​ឃើញ​តែ​រណ្ដៅ​រ៉ែ​មាស​ចាស់ៗ​ដែល​ពលរដ្ឋ​សហគមន៍​គាត់​ឈប់​ធ្វើ​អាជីវកម្ម​។ សមត្ថកិច្ច​បាននាំគ្នា​ជីកដី​លុបរណ្ដៅ​នោះ​វិញ ព្រម​ទាំង​បាន​បិទ​ទីតាំង​ស្តុក​ឈើ​នោះ​បណ្ដោះអាសន្ន​សិន​ដោយ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​សាជាថ្មី​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិសា្ថន​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា សមត្ថកិច្ច​ជំនាញ​លោក​បាន​បញ្ចប់​ការសាកសួរ​លោក តែ គឹមសាន រួចរាល់​ហើយ ដោយ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ២២ ​កញ្ញា​នេះ​។ ចំណែក​ឈើ​ដែល​ជា​វត្ថុតាង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ដឹកជញ្ជូន​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ព្រម​ទាំង​ធ្វើការ​វាស់វែង​ពី​ចំនួន​ឈើ​។

លោក​បន្តថា​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ តែ គឹមសាន អតីត​ប្រធាន​សហគមន៍​រ៉ែ​មាស​ចុងផ្លាស់​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិន​មាន​បក្ខពួក​ផ្សេង​ទេ ដោយ​រូបគាត់​បាន​ទិញ​ពី​ពលរដ្ឋ​នៅក្នុង​តំបន់ ហើយ​យក​មក​ស្តុក​ទុក​នៅក្នុង​អតីត​រោង​សិប្បកម្ម​រ៉ែ​មាស​នោះ ប៉ុន្ដែ​មិន​ទាន់​មាន​គម្រោង​កែច្នៃ​ធ្វើ​អ្វី ឬ​ដឹក​ទៅ​លក់​នៅ​ទីផ្សារ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ក្រៅពី​ឈើ​ហ្នឹង​គឺ​សមត្ថកិច្ច​រកឃើញ​រណ្ដៅ​រ៉ែមាស ប៉ុន្ដែ​មិន​មាន​សកម្មភាព​អ្វី​ទេ គឺ​សហគមន៍​គាត់​បោះបង់​ការធ្វើ​អាជីវកម្ម​អស់​ហើយ​។ លើស​ពី​នេះ​បញ្ហា​រណ្ដៅ​រ៉ែមាស​នេះ ក៏​មិនមែន​ជា​ដែន​សមត្ថកិច្ច​ខ្ញុំ​ដែរ ប៉ុន្ដែ​ខ្ញុំ​ឃើញ​សមត្ថកិច្ច​បាន​លុបរណ្ដៅ​នោះ​អស់ហើយ​»​។

លោក សាន់ ដារិទ្ធិ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា សហគមន៍​រ៉ែមាស​ចុង​ផ្លាស់​ត្រូវ​បាន​បិទ​រយៈពេល​ ២ ​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​សកម្មភាព​អ្វី​បន្ត​ទៀត​ទេ​។ បច្ចុប្បន្ន​ទីតាំង​នេះ​នៅ​សេសសល់​តែ​រណ្ដៅ​ដី​ចាស់ៗ​ដែល​ពលរដ្ឋ​សហគមន៍​បាន​ជីក​កន្លងមក​។

លោក អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ (ADHOC) ​ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​បែប​នេះ ប៉ុន្ដែ​លោក​នៅ​តែ​ជំរុញ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​បន្ថែម​ទៀត ដោយសារ​ការ​លួចលាក់​ឈើ​ជាច្រើន​ម៉ែត្រគុប​នេះ​មិនអាច​គ្មាន​អ្នកពាក់ព័ន្ធ​បាន​ទេ​។

លោក អ៊ាង ម៉េងលី បាន​ថ្លែង​ឲ្យ​ដឹងថា មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​រាល់​បទល្មើស ឬ​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​មិន​ថា អ្នកក្រ ឬ​អ្នកមាន​លុយ​នោះទេ អ្នកប្រព្រឹត្ត​ខុសត្រូវ​ទទួល​ទោស​ដូចគ្នា​ «​ខ្ញុំ​គាំទ្រ​ការអនុវត្ត​ច្បាប់​នេះ ព្រោះ​កន្លង​មក​មាន​ជនខិលខូច​មួយ​ចំនួន គាត់​អាង​អ្នក​នេះ អាង​អ្នកនោះ រត់ការ​ដោះលែង​គាត់ អ៊ីចឹង​គាត់​មិនសូវ​ខ្លាច​ច្បាប់​ប៉ុន្មាន​ទេ​»​។

យោងតាម​មាត្រា ៩៧-៩៨ ស្ដីពី​ច្បាប់​ព្រៃឈើ​បាន​ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​ ២ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១ ​ឆ្នាំ ដល់ ៥ ​ឆ្នាំ និង​ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ចំនួន​ពី​ ១០ ​លាន​រៀល​ទៅ ១០០ ​លាន​រៀល ឬ​ផ្តន្ទាទោស​ណាមួយ​នៃ​ទោស​ទាំង​ ២ ​ឯ​វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​មកជា​សម្បត្តិ​រដ្ឋ​។ ក្នុងនោះ​នៅ​ចំណុច​ទី ៧ ផ្ដន្ទាទោស​ជនណា​ដែល​បង្កើត​មូលដ្ឋាន​ឧស្សាហកម្ម​ឈើ រោងកច្រ​អារឈើ សិប្បកម្ម​កែច្នៃ​ផល អនុផល​ព្រៃឈើ ប្រភេទ​ធំ និង​មធ្យម​ដោយ​គ្មាន​ប្រកាស​៕