មណ្ឌលគិរីៈ ​បុរស​ម្នាក់​ត្រូវបាន​តុលាការខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​ ២ ​កុម្ភៈ​​ ដោយ​ចោទប្រកាន់​ពី​បទប្រមាញ់​​សត្វ​ស្វា​កន្ទុយ​ស និង​កាន់កាប់​អាវុធ​ខុសច្បាប់ បន្ទាប់ពី​មន្ត្រី​ឧទ្យានុរក្ស​ឃាត់ខ្លួន​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​​កាលពី​ថ្ងៃ​ ៣១ ខែ​មករា​។

លោក​ កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ លី ឯក អាយុ​ ៣៥ ​ឆ្នាំ​ មាន​លំនៅ​ក្នុងភូមិ​ជើង​ឃ្លេ ឃុំ​ ២ ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ឃាត់​ខ្លួន​ខណៈ​កំពុង​បាញ់សម្លាប់​សត្វ​ស្វា​កន្ទុយ​ស​ ១ ​ក្បាល​ ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ត្រង់ចំណុច​ភ្នំ​ស្រឡៅ ក្នុង​ភូមិ​ពូហ្សាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។

លោក សុភគ៌ បាន​បន្តថា​ក្រោយ​បាញ់សម្លាប់​សត្វ​ស្វា​កន្ទុយ​ស​ ១ ​ក្បាល​នោះ រួច​ជនសង្ស័យ​បាន​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន​ជាមួយ​នឹង​សត្វ​ស្វា​ ១ ​ក្បាល​នោះ​ចេញ​ពី​ព្រៃ ប៉ុន្តែ​ត្រូវបាន​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ដែល​កំពុង​ចុះ​ល្បាត​ក្នុង​តំបន់​នោះ​នាំ​គ្នា​ស្ទាក់​ចាប់បាន​ភ្លាមៗ​នៅក្បែរ​កន្លែង​ប្រព្រឹត្ត​បទល្មើស​​ជិត​ ២០០ ​ម៉ែត្រ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពេល​​ចាប់ខ្លួន​នោះ មន្ត្រី​ឧទ្យានុរក្ស​យើង​ក៏បាន​ឆែកឆេរ​ក្នុង​កាបូប​ស្ពាយ​របស់​ជនសង្ស័យ​រកឃើញ និង​រឹបអូស​បាន​វត្ថុតាង​រួមមាន សត្វ​ស្វា​កន្ទុយ​ស​ ១ ​ក្បាល [​ងាប់​] និង​កាំភ្លើង​បាញ់​សត្វ​កែច្នៃ​ ១ ​ដើម​»​។

លោក សុភគ៌ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មក​ស្នាក់ការ​កណ្ដាល​នៃ​ដែនជម្រក​សត្វព្រៃ​កែវសីមា​មុន​ពេល​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។ ​ប៉ុន្តែ​តាម​ចម្លើយ​របស់​ជនសង្ស័យ​ដែល​សួរ​ដោយ​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​គឺ​គ្មាន​អ្នកណា​ផ្សេង​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ទេ​។

លោក​បាន​បន្ថែម​ថា ក្រោយពី​បញ្ចប់​ការ​សួរ​ជនសង្ស័យ​ និង​វត្ថុតាង​ត្រូវបាន​មន្ត្រី​ជំនាញ​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​ ២ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ ​ហើយ​ត្រូវបាន​តុលាការ​សម្រេច​​ចោទប្រកាន់​ចំនួន​ ២ ​បទល្មើស​រួមមាន​បទ​ «​ប្រមាញ់​សត្វ​ស្វា​​កន្ទុយ​ស​» ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣ និង​បទ​ «​កាន់កាប់​អាវុធ​ខុសច្បាប់​» ​តាម​បញ្ញត្តិ​មាត្រា ៤៩០ ​នៃ​​ក្រមព្រហ្មទណ្ឌ និង​បាន​បង្គាប់​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​នាំខ្លួន​ជនសង្ស័យ​រូបនោះ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី​ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស​នៅ​​ពេល​ក្រោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យោង​​តាម​បទចោទ​ទាំង​ ២ ​ខាង​លើ​​នេះ ជនសង្ស័យ​នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​យ៉ាងតិច​ពី​ ៣ ​ឆ្នាំ ដល់​ ៥ ​ឆ្នាំ ព្រោះ​គ្រាន់តែ​បទ​ចោទ​មួយ​​ដែល​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​​ធនធានធម្មជាតិ​ថ្នាក់​ទី​ ៣ ជនសង្ស័យ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់​ ៥ ​ឆ្នាំ​»​។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​​គិតពី​ដើម​ខែ​មករា ឆ្នាំ​ ២០២០ មកទល់​ពេល​នេះ មន្ត្រី​ឧទ្យានុរក្ស​ចំណុះ​ឲ្យ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន​ ៥ ​ករណី​ក្នុងនោះ​មាន​ ៣ ​ករណី​ត្រូវបាន​បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ ២ ​ករណី​ទៀត​សមត្ថកិច្ច​​បានធ្វើ​ការអប់រំ និង​ផាកពិន័យ​អន្តរកាល​៕