កំពង់​ស្ពឺៈ ជន​សង្ស័យ​​ម្នាក់​ដែល​កាប់​ក្មេង​ស្លាប់​នៅ​ភូមិ​​អំពិល​ផ្អែម ​ឃុំ​រលាំង​ចក ​ស្រុក​សំរោង​ទង ​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​ថ្ងៃ​ទី ​១៤​ ​ខែ​​មីនា​ ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​ចេញ​ដីកា​ឃុំក្នុង​ពន្ធនា​គារ​ខេត្ត​ហើយ​កាល​ពីថ្ងៃ​ទី១៦ ​មីនា ​បន្ទាប់​ពីព្យា​បាល​របួស​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​កំពង់​ស្ពឺ ​។​

លោ​ក​ សម ​សាក់​ ស្នង​ការ​រង​ផែន​ព្រហ្ម​ទណ្ឌ​ នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​​ថា​ ជន​សង្ស័យ​ឈ្មោះ ​អ៊ាង​ រ៉ាដូ​ ភេទ​ប្រុស​អាយុ​ ៤​០​ ឆ្នាំ​មាន​រ​បួស​ត្រង់​ក ​ប៉ុន្តែ​រ​បួស​នោះ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ព្យាបាល​បាន​ធូរ​ស្បើយ​ហើយ​។ ​បន្ទាប់​មក ​សមត្ថ​កិច្ច​លោក​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ ពីថ្ងៃ​ទី ១៥ ​មីនា ​និង ​ត្រូវ​បាន​លោក​ព្រះរាជ​អាជ្ញា​ចោទ​ហើយ​ចៅ​ក្រម​ស៊ើប​សួរ​លោក តុប​ ​ឈុន​សុង​ ​ ​ចេញ​ដី​កា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​ក្នុង​ពន្ធ​នា​គារ​នៅ​ថ្ងៃ​ដដែល​នេះ​​តែ​ម្តង​។​

លោក​ប្រាប់​ថា​៖​ «​បុរស​សង្ស័យ​ត្រូវ​ចោទ​បទ​ឃាត​កម្ម​ដែល​មាន​ស្ថាន​ទម្ថន់​ទោស​ទាក់​ទង ​ជន​រង​គ្រោះ​ និង ​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​តាម​បញ្ញត្ត​មាត្រា​ ២០២​ និង ​មាត្រា​ ២១៨​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​»​​​។​​​

ជន​ត្រូវ​ចោទ​រូប​នេះ​ បើ​តុលា​ការក​ឃើញ​ថា​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​​តាម​មាត្រា ​២០២​ មែន​នោះ​ត្រូវ​ផ្តន្ទា​ទោស​ដា​ក់​ពន្ធនា​គារ​ពី​ ១៥ ​ទៅ ​៣០ ​ឆ្នាំ​។ រី​ឯ​មាត្រា​ ២១៨​ វិញ​ ត្រូវ​ផ្តន្ទា​ទោស​ពី ២ ​ឆ្នាំ​ទៅ ៥​ ឆ្នាំ ​និង​ពិន័យ​ប្រាក់​ពី​ ៤​ លាន​ទៅ ​១០ លា​ន​រៀល​។​​

គួ​រំឭក​ថា​ ​កាល​ពី​ថ្ងៃ​ទី១៤​ ខែមីនា​ ​ជន​សង្ស័យ​បាន​យក​កាំ​បិត​ផ្គាក់​កាប់​ក្មេង​រង​គ្រោះ​ឈ្មោះ​ ​ភ​.ដ​.ណ​ អាយុ ​១​ ឆ្នាំ​ ​២​ ខែ​ត្រូវ​ក្បាល ​១ កាំ​បិត​ និង​នៅ​ផ្នែក​ត្រង់​ក​ ១ កាំ​បិត​ ទើប​បណ្តាល​ឱ្យ​ក្មេង​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។

ក្មេង​រង​គ្រោះ​មាន​ម្តាយ​ឈ្មោះ​ ផ.​ ​ស.​ន.​ ​អាយុ​ ៣០​ ឆ្នាំ ​ជា​កម្ម​ការិ​នី​រោង​ចក្រ​កាត់​ដេរ​ និង ​មាន​​ឪពុក​ឈ្មោះ​ ភ.​ ស​.​ណ.​​ អាយុ​ ៣០​ ឆ្នាំ​ រ​ស់​នៅ​ភូមិ​​អំពិល​ផ្អែម ​ឃុំ​រលាំង​ចក ​ស្រុក​សំរោង​ទង ​ខេត្ត​កំពង់​ស្ពឺ។ ​​​បន្ទាប់​ពី​រត់​ចូល​ក្នុង​ផ្ទះ​ ជន​សង្ស័យ​បាន​អាក​ខ្លួន​ឯង​ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ព្យា​បាល​របួស​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំព​ង់​ស្ពឺ​។​

បើតាម​អ្នក​ស្រី​ ពិន​ គីម​ អាយុ​ ៣៨​ ឆ្នាំ​ ជា​ប្រពន្ធ​ជន​សង្ស័យ​អះអាង​ថា​ ​ប្ទី​ខ្លួន​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ព្យាបាល​មិន​ជា​ទាំង​គ្រូ​ពេទ្យ​ ​និង​ គ្រូ​បុរាណ​ខ្មែរ​៕​ ​