កំពង់ស្ពឺៈ តុលាការខេត្ត​កំពង់ស្ពឺ​បាន​ចោទប្រកាន់​លោក កង ភារី អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ និង​មន្ដ្រីនគរបាល​ជា​បក្ខពួក​ចំនួន ៦ ​នាក់​ទៀត​ពី​បទ​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ឃុំខ្លួន​ពួកគេ​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ដ​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ២៥ ខែសីហា​។ យោង​តាម​ក្រឡាបញ្ជី លោកស្រី ទិត ដាលីន ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។

សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ​បាន​ឃាត់ខ្លួន​លោក កង ភារី និង​មន្ដ្រីនគរបាល​ក្រោមបង្គាប់​​ជា​បក្ខពួក​ចំនួន​ ៦ ​នាក់​ទៀត​ ក្រោយ​ផឹកស៊ី​ស្រវឹង​ហើយ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​បាញ់បោះ​សេរី​ជាង​ ១០ ​គ្រាប់​នៅ​បរិវេណ​សាលាស្រុក​សំរោងទង​កាលពី​ថ្ងៃ​ ១៩ សីហា​កន្លង​ទៅ​នេះ​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) ដែល​បាន​តាម​អង្កេត​ករណីនេះ​បាន​ថ្លែង​ដោយ​សង្ស័យ​ថា ករណី​បែប​នេះ​ធ្លាប់​មាន​អ្នកចេញ​មុខ​មក​អន្តរាគមន៍​ឱ្យ​ដោះលែង​វិញ​។

លោក ហ៊ាន ថ្លែង​ថា​៖ «​បើសិន​ជា​មាន​ករណី​ដោះលែង ឬ​ស្នើ​នៅក្រៅ​ឃុំ ចំពោះ​អធិការរង និង​មន្ដ្រីនគរបាល​ទាំង ៦ រូបនេះ​ខ្ញុំ​នឹង​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ព្រោះ​ពេលនេះ​ព្រះរាជអាជ្ញា​បាន​សម្រេច​ចោទប្រកាន់​ និង​ឃុំខ្លួន​រួចហើយ​»​។

លោក សម សាមួន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា លោក ភារី និង​មន្ដ្រី​នគរបាល​ម្នាក់ទៀត​ឈ្មោះ កាន់ សៅលី ជា​ម្ចាស់​កាំភ្លើង​ខ្លីម៉ាក Lock អត់​ច្បាប់​ចំនួន​ ២ ​ដើម​បាន​ឱ្យ​កាំភ្លើង​នោះ​ទៅ​ឈ្មោះ ដន សុខុម ម៉ាន់ ប៉ុណ្ណារ៉ា​, ម៉ាន់ ប៊ុនណ្ណារែក​, នី សុភាក់ និង ព្រីង ឡង់ឌី ជា​អ្នកបាញ់​ចំនួន ១១ គ្រាប់​នៅ​កន្លែង​កើតហេតុ​៕