សៀមរាបៈ សាលាដំបូង​ខេត្ត​សៀម​រាប សម្រេច​ចោទប្រកាន់​លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន Enarita ចំនួន ២ ករណី​ ពីបទ​ឆបោក និង​បទ​ចេញ​មូលប្បទាន​ប​ត្រ​ក្លែងក្លាយ ក្រោយ​ពី​បាន​ឃាត់ខ្លួន​សួរនាំ​តាំងពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ ពី​ពលរដ្ឋ​ជាច្រើន​ប្តឹង​ម្ចាស់​ក្រុម​​ហ៊ុ​ន​នេះ ថា​បាន​ឆបោក​ពួកគេ​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ តា​​មរយៈ​ការ​ដាក់​ទុន​វិនិយោគ។

ក្រោយ​ការឃាត់​ខ្លួន និង​ធ្វើការ​សួរចម្លើយ​មួយរយៈ​នៅ​រាជធានី​ភ្នំពេញ ​លោក ឌីម សួន​ណាត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​សំណុំ​​រឿងនេះត្រូវ​បាន​អះអាង​ថា មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​ខេត្ត​បាន​ដាក់​ពាក្យ​បណ្តឹង និង​មាន​ចំនួន​ទឹក​ប្រាក់​រាប់លាន​ដុល្លារ។

លោក ថេង សំណាង ព្រះរា​ជ​​​អាជ្ញារង​ អម​សាលាដំបូង​ខេត្តសៀម​រាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ក្រោយ​ការ​សាកសួរ​តាំង​ពី​សប្តាហ៍​មុ​ន​​​ម​កនៅ​ក្នុង​ស្ថាប័ន​អយ្យ​ការ តាម​រយៈ​ពាក្យ​បណ្តឹ​ង​​ជាច្រើន និង​លើ​ចំនួន​ទឹកប្រាក់​ជាច្រើន​ដែល​បាន​អះអាង​ថា អគ្គនាយក​ក្រុម​ហ៊ុន​នេះបាន​ឆ​បោក​រួច​​​​មកនៅ​ថ្ងៃអា​ទិត្យ​ម្សិ​ល​មិញ​ ស្ថាប័ន​អយ្យ​ការសម្រេច​ចោទ​ប្រកាន់​បុគ្គល​រូបនេះចំនួ​ន ២​ ករណី ពីបទឆបោក​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ចេញ​មូលប្បទាន​បត្រ​ក្លែងក្លាយ។

លោក​បញ្ជាក់​ថា៖ «រឿង​ហ្នឹង​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​​​​​​​​សួរ​ហើយ គឺ​នៅ​ថ្ងៃអាទិត្យ​ហ្នឹង ​ហើយ​គេ​សម្រេច​ឃុំខ្លួន​ មិន​ឃុំ​ខ្លួន​យ៉ាង​ណាខ្ញុំ​មិនដឹង​ទេ ព្រោះ​​ផុតដៃ​ខ្ញុំ​ហើយ»។

ទោះ​យ៉ាង​ណាលោក ផេង សំណាង​ បដិ​​​សេធ​បញ្ជាក់​ចំពោះ​​ព័ត៌មាន​ជុំវិ​ញ​ដើម​បណ្តឹ​ង និង​ចំនួន​​ទឹកប្រាក់ដែល​ពល​រដ្ឋ​​បាន​ចាញ់​បោក​ក្នុ​ង​​​ករណី​នេះដោយ​អះអាង​ថា ស្ថិ​ត​​ក្នុង​ដំណើរ​ការ​នីតិវិធី ដូច្នេះ​មិន​អាច​លម្អិត​អ្វី​បាន​ទេ។

លោក យិន​ ស្រាង ​អ្នកនាំ​ពា​ក្យ​សាលាដំបូង​​ខេត្ត​សៀម​រាប​​ថ្លែ​ង​ពី​ម្សិលមិញ​ថា ក្រោយ​ទទួល​សំណុំ​រឿង​នេះ ចៅក្រម​ស៊ើបសួរបាន​បន្ត​ការ​សួរនាំ។

លោក​បញ្ជាក់​ថា៖ «យើង​កំពុង​បន្ត​នីតិវិ​​ធី​សាកសួរ​បន្ត ដូច្នេះ​មិនទាន់​សម្រេច​យ៉ាង​ណាទេ ហើយ​ខ្ញុំ​មិន​អាច​បញ្ជាក់​បានទេ ថា​ មា​​​ន​ដើម​បណ្តឹង​ប៉ុន្មាន ​ឬ​ទឹក​ប្រាក់​ប៉ុន្មាន គ្រាន់​តែ​ប្រាប់​បាន​ថា ក្នុង​សំណុំរឿង​នេះមាន​ដើម​​បណ្តឹង​ប្តឹងច្រើន​ខេត្តប៉ុន្តែ​ដោ​យ​​សារ​តែ​តុលាការ​ខេត្ត​យើងចា​ត់​​ការ​​មុន ដូច្នេះ​បាន​គេ​បញ្ជូន​​ជនសង្ស័យ​មក​ខេត្ត​សៀមរាប»។

លោក ឌី​ម សួន​ណាត អាយុ​ ៣៦ ​ឆ្នាំ​ រស់នៅ​​ភូមិ​ឧកញ៉ា​វាំង ​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ គឺជា​អគ្គនា​យក​ក្រុមហ៊ុន Enarita Development Co.Ltd ដោយ​ក្រុមហ៊ុន​នេះ មា​​ន​បុត្រ​សម្ព័ន្ធ​ចំនួន ៧ ទូទាំង​ប្រទេស និង​វិនិយោគ​លើ​វិស័​យ​ជា​ច្រើន ដូច​ជា វិនិយោគ​លើដី លើ​ហាង​កាហ្វេ វិនិយោគ​លើទឹ​ក​​សុទ្ធ និង​ក្នុង​វិស័យ​អប់រំ​ជាដើម ដែល​មាន​សាខា​ធំ​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សៀម​រាប និង​តាម​បណ្តា​ខេត្ត មាន​ប្រធាន​ផ្នែក​ទីផ្សារ​គ្រប់គ្រង​បន្ត។

មេធាវី​របស់​ជនសង្ស័យ ឌី​ម សួន​ណាត ដែល​សុំ​មិន​បញ្ចេ​ញ​ឈ្មោះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុម​មេធាវី​លោក បាន​ត្រៀម​ឯកសារ​រួចរាល់​ហើ​យ ដើម្បី​ការពារ​កូនក្តី​ជុំវិញ​ការ​ចោទ​ប្រកាន់ទាំង​នេះ។ មេធាវី​រូប​នេះបាន​អះអាង​ថា កូនក្តី​លោក គឺ​ស្អាត​ស្អំ ហើយ​តួលេខ​ដែល​ថា កូនក្តី​លោក​ បោក​ប្រា​ស់​នោះគឺជា​ព័ត៌មាន​បំប៉ោង​តែប៉ុណ្ណោះ។

ចំណែក​ព័ត៌មាន​លម្អិត​ជុំវិញ​ដើម​បណ្តឹង ​និង​ចំនួន​ទឹកប្រាក់​ដែល​បាន​ប្តឹង​កូនក្តី​លោកគឺ​មិន​​ទាន់​អាច​បញ្ជាក់​បានទេ​ថា មា​ន​ប៉ុន្មានខណៈ​លោក​បដិសេធ​ថា ចំនួន​ទាំង​នេះ មិនមាន​ចំនួន​ច្រើន​ដូច​ការចោទ​ប្រកាន់​នោះ​ទេខណៈ​អតិថិជន​ជា​ច្រើនបា​ន​យល់ព្រម​នឹង​ការស្នើ​របស់​ក្រុម​​ហ៊ុន ដោយ​ទុកពេល​ស្រាវជ្រាវ ​ដោយ​ធ្វើការ​ផ្លាស់ប្តូ​រការ​ប្រាក់​ថ្មី​ជាដើម។

លោក​បញ្ជាក់​ថា៖ «យើង​បានរៀបចំ​ឯកសារ និង​ញត្តិ​គាំទ្រ​ទាំងអស់ ដើម្បី​ដាក់​ជូន​តុលាការ។ សំខាន់​ឲ្យ​តុលា​​ការ​សួរ​ឲ្យ​ចប់​សិនហើយ​នីតិវិធី​​បន្ត​ទៅមុខ​ទៀត យើង​ក៏​មិន​អា​ច​​បញ្ជាក់​បានដែរ ​ព្រោះ​តែ​កំពុង​បន្ត ​ហើយ​នៅពេល​សាកសួរ​ចប់​ទើប​អាច​ប្រមូល​លទ្ធផល​បាន»។

បុគ្គល​ផ្នែក​រដ្ឋបាល​នៃ​ក្រុម​ហ៊ុន Enarita Development Co.Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា កន្លង​ទៅក្រុមហ៊ុន ទទួល​ប្រាក់​វិនិយោគ​ពី​អតិថិជន​ ដោយ​ផ្តល់​ឲ្យ​នូវ​ការប្រាក់​ខ្ពស់ ហើយ​ក្រុមហ៊ុន​ តែងតែ​ផ្តល់ជូន​អតិថិជន​ មិន​ដែល​ខក​ខាន​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​ហ៊ុន​មាន​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ ដោយ​មិនអាច​បង្វិល​លុយ​ជូន​អតិថិជន​ទាន់​ពេល ដូច្នេះ ក៏បាន​ជូន​ដំណឹង​ដល់​អតិថិ​ជន​ផងដែរ និង​បាន​ព្យាយាម​ទូទាត់​ប្រាក់​តាម​ដែល​អាច​ធ្វើបាន ដោយ​​មិនមាន​ចេតនា​គេចវេះ​នោះ​ទេ។

លោក​បញ្ជាក់ថា៖ «អ្នកមួយ​ចំនួន​ដែល​ប្តឹង​ហ្នឹងគាត់​ចង់​យ​ក​​លុយ​គាត់​ទាំងអស់ភ្លាមៗដែ​ល​​ធ្វើ​ឲ្យ​យើង​បង្វែរ​សាច់ប្រាក់​មិន​​ទាន់ បើសិនជា​គាត់ (អគ្គ​នាយ​ក​) មាន​ចេតនា​ឆបោកគាត់​មិន​នៅ​រហូតដល់​ថ្ងៃ​ហ្នឹង​ទេគាត់​រត់​បា​ត់​ហើយ ព្រោះ​គាត់​មាន​ចេតនា ដោះស្រាយ​ដល់ទី​បញ្ចប់ ប៉ុន្តែ​ដោយសារ​មាន​ជន​មួយ​ក្តាប់​តូច​បង្ក​បញ្ហា»។

បុគ្គលិក​រូប​នេះបាន​ឲ្យ​ដឹង​បន្ថែម​ថា ដោយ​​​​សារតែ​ក្រុមហ៊ុន​មាន​ប្រធាន​ទីផ្សារបន្ត​ការគ្រប់​គ្រង​នៅ​តា​ម​បណ្តា​ខេត្តដូច្នេះ​ពួកគេ​ដែ​ល​ជា​ប្រធាន​ទីផ្សារ​មួយ​ចំនួន​ មា​ន​​ចេតនា​មិនល្អ ហើយ​បាន​ឆបោ​ក​អតិថិជន​ ធ្វើឯកសារ​ក្លែងក្លាយ និង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង ដោយ​មិនបាន​បញ្ជូន​មក​ក្រុមហ៊ុន​នោះទេ។​ លោ​ក​ថា​ ទាល់​តែមាន​ការ​បែក​ធ្លាយ​បែបនេះ ទើប​ក្រុមហ៊ុនចាប់​ផ្តើម​ពិនិត្យ​ឯកសារ​ឡើងវិញ ហើយ​មាន​បញ្ហា​ប្តឹង​អគ្គនាយក​ក្រុមហ៊ុន​តែម្តង។

​មិនអាច​ទាក់ទង​ដើមបណ្តឹង​ដែល​ដាក់​ពាក្យ​ប្តឹ​ង​​អគ្គនាយក​ក្រុមហ៊ុន​នេះ​បាន​​ទេ កាលពី​ម្សិលមិញ។ ប៉ុន្តែ​បុគ្គល​ម្នាក់ ដែល​អះអាងថា​ បាន​វិនិយោគ​ប្រាក់​មួយចំនួនក្នុង​ក្រុមហ៊ុន​នេះ ថ្លែង​យ៉ាងខ្លី​ក្នុង​ក្របខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «(អគ្គ​​​​នាយក) គាត់​មិនមែន​ជា​អ្នក​ឆបោ​​​ក​ដូច​គេ​ចោទប្រកាន់​នោះ​​ទេ ខ្ញុំ​ក៏​ជា​អ្នក​ដាក់​ទុន​វិនិ​យោគ​មួយ​រូប ដូច​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ផងដែរ»៕