The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​សម្រេច​ដោះលែង​កូនបង្កើត និង​កូនប្រសា​ឧកញ៉ា​ ហេង សៀ




តុលាការ​សម្រេច​ដោះលែង​កូនបង្កើត និង​កូនប្រសា​ឧកញ៉ា​ ហេង សៀ

Content image - Phnom Penh Post
កូនស្រី​បង្កើត និង​កូនប្រសា​ឧកញ៉ា ហេង សៀ ដែល​ត្រូវបាន​ដោះលែង​។ រូបថត នគរបាល

តុលាការ​សម្រេច​ដោះលែង​កូនបង្កើត និង​កូនប្រសា​ឧកញ៉ា​ ហេង សៀ

ភ្នំពេញៈ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះលែង កូនប្រសា និង​កូនស្រី​បង្កើត​លោក​ឧកញ៉ា ហេង សៀ ឱ្យមាន​សេរីភាព​វិញ បន្ទាប់ពី​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​បុរស​ជា​កូនប្រសា ទៅ​តុលាការ​បាន​ប៉ុន្មាន​ម៉ោង ខណៈ​ដែល​កូនស្រី​លោក​ ហេង សៀ កំពុង​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​នៅឡើយ​។

នៅ​ពី​ព្រឹក​ថ្ងៃទី​ ១៧ ឧសភា នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ខ្លួន​កូនប្រសា​ឧកញ៉ា ហេង សៀ គឺ​លោក ឃន ឈុនតារា ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការរកឃើញ​ភ័ស្តុតាង​ថ្មី​ទៅនឹង​ការជួល​មនុស្ស​ប្រុស​ស្រី​ថតពាក់ព័ន្ធ​នឹង​រឿង​ក្តី​រវាង​ក​ញា មាន ពេជ្ររីតា និង​ឧកញ៉ា ហេង សៀ​។

លោក ឃន ឈុនតារា ដែល​ត្រូវជា​កូនប្រសា និង​អ្នកស្រី តាំង គីមហៀង ជា​កូនស្រី​បង្កើត​លោក​ ហេង សៀ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃទី​ ១៥ ខែ ឧសភា ឆ្នាំ​ ២០២១ ដើម្បី​យកទៅ​សាកសួរ​​។

យ៉ាងណាក្តី ក្រោយ​ទទួលបាន​សំណុំ​រឿងនេះ មិនទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​សម្រេច​ដោះលែង​ប្តី​ប្រពន្ធ​ទាំង​ ២ ​នាក់​នេះ ឱ្យមាន​សេរីភាព​វិញ ដោយ​បញ្ជាក់ថា ពួកគេ​មិនមាន​ជាប់​ពាក់ព័ន្ធ​​នោះទេ​។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​រៀបរាប់ថា ក្រោយ​ការសួរនាំ​លោក ឃន ឈុន​រា និង​អ្នកស្រី តាំង គីមហៀង ពួកគេ​ទាំង​ ២ ​បញ្ជាក់ថា គឺ​ពិតជា​បានជ្រើសរើស​មនុស្ស​ ២ ​នាក់ គឺ​ស្រី​ម្នាក់ និង​បុរស​ម្នាក់​ដែល​មាន​លក្ខណៈ​ភិនភាគ​ប្រហាក់ប្រហែល​កញ្ញា មាន ពេជ្ររីតា និង​ឈ្មោះ ហេង សៀ ដើម្បី​ថត​សម្ដែង​ត្រាប់​តាម​អង្គហេតុ​ជម្លោះ​ដែល​កើតមានឡើង​កាលពី​ថ្ងៃ​ទី​ ៤ ​ឧសភា​ក្នុង​រថយន្ត​កើតហេតុ​។

ជាមួយ​នឹង​ការបញ្ជាក់​នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ហាញថា សមត្ថកិច្ច​មាន​វីដេអូ​នៃ​ការធ្វើ​ត្រាប់​អង្គហេតុ​ក្នុង​រថយន្ត​នេះ​ជា​ភ័ស្តុតាង សំអាង ប៉ុន្តែ​ពុំមាន​ភ័ស្តុតាង​ណាមួយ​អំពី​ការផលិត​ជា​វីដេអូ​អាសអាភាស ឬ​រូបភាព​អាសអាភាស ដែល​ត្រូវបាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម ផលិត​ដោយ​ប្តី​ប្រពន្ធ​ ២ ​នាក់​នេះឡើយ​។

បន្ថែម​ពីនេះ តាម​ចម្លើយ​របស់​ពួកគេ​ទាំង​ ២ ​ក៏បាន​បង្ហាញ​ដែរ​ថា ពួកគេ​បានទទួល​រូបភាព​អាសអាភាស​ដែលមាន​ប្រភព​មិន​ច្បាស់លាស់​តាម​បណ្តាញ​សង្គម និង​បាន​ចែករំលែក​រូបភាព​ទាំងនេះ​តាម​ប្រព័ន្ធ WhatsApp និង​ Telegram ឱ្យ​មនុស្ស​ចំនួន ៧ ​នាក់​។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់ថា​៖ «​អយ្យការ​រាជធានី​ភ្នំពេញ​បាន​ទទួល​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នូវ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ខាងលើនេះ និង​បានសម្រេច​ដោះលែង​ឈ្មោះ ឃន ឈុនតារា និង​ឈ្មោះ​ តាំង គីមហៀង​។ សម្រេច​បន្ត​ការស៊ើបអង្កេត​ស្រាវជ្រាវ ប្រភព​ការផលិត​រូបភាព​អាសអាភាស ដែល​ត្រូវបាន​ចែកចាយ​លើ​បណ្តាញ​សង្គម ដែល​អំពើ​ផលិត​រូបភាព​អាសអាភាស ដើម្បី​ចែកចាយ​ជា​សាធារណ:​នេះ គឺជា​អំពី​ធ្វើឱ្យប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ សីលធម៌​សង្គម និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី និង​ដែល​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​កម្ពុជា​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ឃន ឈុនតារា និង​អ្នកស្រី តាំង គីមហៀង ដើម្បី​សុំ​ការបកស្រាយ​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​នៅ​ថ្ងៃទី​ ១៧ ​ឧសភា​ដោយសារ​លេខ​ទូរស័ព្ទ​ពួកគាត់ មិនអាច​ទាក់ទង​បាន​។

យ៉ាងណាក្តី​យោងតាម​លិខិត​បំភ្លឺ និង​សុំ​អភ័យទោស​របស់លោក ឃន ឈុនដារ៉ា ចុះ​ថ្ងៃទី​ ១៧ ឧសភា បញ្ជាក់ថា កាលពី​ថ្ងៃទី​ ១៤ ខែឧសភា លោក​ពិតជា​បាន​ចែករំលែក​រូបភាព​មិន​សមរម្យ ១ ​សន្លឹក​ទៅ​មនុស្ស ៧ ​នាក់ តាម​ប្រព័ន្ធ WhatsApp និង ប្រព័ន្ធ Talegram ក្រោយពី​ទទួលបាន​រូបនេះ​បន្ត​ពី​អ្នកដទៃ ដោយ​ពុំ​បានដឹង​ពី​ប្រភពដើម​។

លិខិត​នោះ​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ ដោយបាន​ចែករំលែក​រូបភាព​មិន​សមរម្យ​នេះ​។ ប្រសិនបើ​រូបភាព​នេះ​អាច​បង្កើត​ឱ្យមាន​ការភាន់ច្រឡំ ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់ កញ្ញា មាន ពេជ្រវីតា ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការចែករំលែក​រូបភាព មិន​សមរម្យ​នេះ និង​សន្យាថា នឹង​មិនឱ្យ​ករណីនេះ​កើតមាន​ជាថ្មី​ទៀតឡើយ​»​។

ក្រៅពីនេះ​លោក ឃន ឈុនតារា ក៏បាន​ទទួលស្គាល់​នូវ​សកម្មភាព​ដែល​លោក​បាន​ស្វែងរក និង​ជ្រើសរើស​មនុស្ស​ចំនួន​ ២ ​នាក់ ដើម្បី​ថត​ជា​វីដេអូឃ្លីប ធ្វើ​ត្រាប់​តាម​អង្គហេតុ​ដែល​បាន​កើតឡើង​ក្នុង​រថយន្ត ដោយ​សំអាង​ថា ការធ្វើ​នេះ គឺ​ដើម្បី​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​អំពី​ដំណើរ​រឿងហេតុ ដែល​បាន​កើតឡើង​នៅក្នុង​រថយន្ត​នេះ​ប៉ុណ្ណោះ​​។

លោកស្រី មាស ស៊ីថន សហ​មេធាវី​ការពារ​ក្តី​កញ្ញា​ មាន ពេជ្ររីតា ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ ១៧ ​ឧសភា​ថា ក្រុម​មេធាវី​មិនទាន់​សម្រេច​យ៉ាងណាទេ ដោយ​សុំ​ពេល​ដើម្បី​ពិភាក្សា​ជាមុន និង​ចង់ឱ្យ​កូនក្តី​បាន​សម្រាក​មួយរយៈ បន្ទាប់ពី​ទទួល​រង​ការប៉ះពាល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​៕

អត្ថបទគួរចាប់អារម្មណ៍