ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សម្រេច​ដោះលែង លោក អឿ ណារិទ្ធ សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយពី​តុលាការ​បញ្ចប់​ការសាកសួរ​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​សង្ស័យ​រឿង​ទទួល​លុយ​ពី​ក្រៅប្រទេស​អនុវត្ត​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​។ នេះ​យោង​តាម​ការឲ្យ​ដឹង​ពី​សមត្ថកិច្ច​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់ថា លោក អឿ ណារិទ្ធ ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃអាទិត្យ វេលា​ម៉ោង ៣ ​រសៀល​។

លោក​ថ្លែងថា​៖ «​យើង​ចាប់ខ្លួន​តាម​ដីកា​។ គាត់​ជាប់​សង្ស័យ​ពី​ការបង្វិល​លុយ ផ្ទេរ​លុយ​មិន​ប្រក្រតី ពាក់ព័ន្ធ​នឹង​ការចិញ្ចឹម​ចលនា​»​។

លោក​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​អឿ ណារិទ្ធ ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ស្ថិតក្រោម​ការឃ្លាំមើល​។ ការស្រាវជ្រាវ​ឯកសារ​ភ័ស្តុតាង​ទៅ ទៅ​ជា​រឿង​ពាក់ព័ន្ធ​នឹង​ការ​ជំពាក់​បំណុល​ទៅវិញ​»​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មិនអាច​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ណារិទ្ធ ត្រូវបាន​គេ​ដឹងថា​ជា​ជំនួយការ​លោកស្រី មូ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​។ លោក​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​ និង​ត្រូវបាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល ២០ ​ឆ្នាំ​រួម​ជាមួយ​នឹង​សកម្មជន​ដទៃទៀត​ពាក់ព័ន្ធ​នឹង​កុបកម្ម​ ១ ​នៅ​ស្ពាននាគ​នៅ​ឆ្នាំ​ ២០១៤​។ ប៉ុន្តែ​លោក​ត្រូវបាន​ដោះលែង​កាលពី​ឆ្នាំ​ ២០១៨ តាមរយៈ​ការព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​។

ស្របពេល​ជាមួយ​គ្នា​នេះ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ថា លោក​គ្រោង​វិល​ត្រឡប់មក​កម្ពុជា​វិញ គឺ​ដើម្បី​មក​ប្រមូល​កម្លាំង​ពលរដ្ឋ​ខ្មែរ​ដើម្បី​ «​កម្ចាត់​» ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ តែ​មិន​បាន​ប្រាប់​ពី​ពេលវេលា​ជាក់លាក់​ជាមុន​នោះទេ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ដោយ​យល់ឃើញ​ថា ការអះអាង​អំពី​ការវិលត្រឡប់​មកវិញ​របស់​លោក សម រង្ស៊ី គ្មាន​អ្វី​អាច​ជឿជាក់​បាន​ទេ ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ណាមួយ ហើយ​ការអះអាង​នេះ​គឺ​ដើម្បី​កុំឲ្យ​អ្នកគាំទ្រ​ភ្លេច​លោក និង​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​គាត់​ធ្វើឲ្យ​ខ្លួន​គាត់​អណ្ដែត​ឡើង​ពី​មតិ​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ តាមរយៈ​ពាក្យ​ញុះញង់​របស់​គាត់ វា​នឹង​ធ្វើឲ្យ​ចលនា​សកម្មជន​ដែល​ស្លាប់​រស់​ជាមួយ​គាត់​កក្រើក​ឡើង​វិញ និង​ធ្វើ​អ្វីមួយ​ខុស​ច្បាប់ ហើយ​រង​វិធានការ​ផ្លូវច្បាប់​ពី​រដ្ឋាភិបាល​។ អ៊ីចឹង​វា​បានចេញ​ជា​រូបភាព​ដែល​ធ្វើឲ្យ​មើលឃើញ​ថា រដ្ឋាភិបាល​រឹតត្បិត​សិទ្ធិសេរីភាព​ខាង​នយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ គឺ​គាត់​ចង់​បាន​សម្ពាធ​អន្តរជាតិ​មកលើ​រាជរដ្ឋាភិបាល​។ គោលដៅ​របស់គាត់​ធំ​បំផុត គឺ​ចង់ឃើញ​អន្តរជាតិ​ដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ​លើ​រដ្ឋាភិបាល​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ដោយ​យល់ឃើញ​ថា ការប្រកាស​វិលត្រឡប់​របស់​លោក សម រង្ស៊ី គឺជា​ការលើក​ទឹកចិត្ត​មួយ​សម្រាប់​អ្នកគាំទ្រ និង​ជា​ការលើក​ប្រជាប្រិយភាព​របស់លោក​។ លទ្ធផល​បែបនេះ​អាច​នាំ​ឲ្យ​មានប្រតិកម្ម​ពី​រដ្ឋាភិបាល​។ ការដាក់​វិធានការ​បង្ក្រាប​លើ​អ្នកគាំទ្រ​របស់​លោក​នឹង​ធ្វើឲ្យ​មាន​ការរិះគន់ និង​ការ​ថ្កោលទោស​កាន់តែ​ច្រើន ដែល​ធ្វើឲ្យ​ខូច​ដល់​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​។

លោក​ថា​៖ «​ប៉ុន្តែ​លោក សម រង្ស៊ី ខ្លួនឯង​គួរតែ​រក្សា​ពាក្យសម្ដី​របស់ខ្លួន ប្រសិន​បើ​លោក​ពិតជា​មនុស្ស​ដែល​គោរព​ពាក្យសម្ដី​មែន​នោះ​»៕