
រថយន្តដឹកលោក កឹម សុខា នៅសាលាដំបូងរាជធានីកាលពីខែមុន។ ហេង ជីវ័ន
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចទទួលភ័ស្ដុតាងដាក់បន្ទុកបន្ថែមដែលដាក់ដោយតំណាងអយ្យការដើម្បីបញ្ចូលទៅក្នុងសំណុំរឿងលើលោក កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស។ ការទទួលយកភ័ស្ដុតាងបន្ថែមនេះធ្វើឡើង បើទោះបីជាក្រុមតំណាងមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានប្រឆាំងជំទាស់ដោយអះអាងថា ក្នុងដំណាក់កាលជំនុំជម្រះគ្មានច្បាប់ណាចែងឱ្យអយ្យការដាក់ភ័ស្ដុតាងបន្ថែមក្ដី។
ប៉ុន្តែលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកឡើងកាលពីថ្ងៃម្សិលមិញថា ការសម្រេចទទួលយកភ័ស្ដុតាងបន្ថែមបញ្ចូលក្នុងសំណុំរឿងដាក់បន្ទុកលើលោក កឹម សុខា គឺស្របតាមច្បាប់នៃមាត្រា ៣២១ នៃក្រមព្រហ្មទណ្ឌ។
លោកបញ្ជាក់ថា នីតិវិធី និងបទបញ្ជាផ្ទៃក្នុងរបស់តុលាការកម្ពុជា គឺខុសគ្នាទៅនឹងតុលាការខ្មែរក្រហម។ លោកបន្តថា សាធារណជនទាំងអស់ក៏អាចដាក់ភ័ស្ដុតាងបន្ថែមដែរ ឱ្យតែភ័ស្ដុតាងនោះពិត និងមានសេចក្ដីស្មោះត្រង់ពិតប្រាកដ ហើយក្នុងសំណុំរឿងព្រហ្មទណ្ឌគឺអាចដាក់បានគ្រប់ពេលទាំងអស់។
ការលើកឡើងរបស់លោក កូយ សៅ នេះ ធ្វើឡើងបន្ទាប់ពីលោក អាង ឧត្តម មេធាវីការពារក្ដីឱ្យលោក កឹម សុខា បានលើកឡើងពីបទពិសោធនៅក្នុងតុលាការខ្មែរក្រហមថា តំណាងអយ្យការអាចដាក់ភ័ស្ដុតាងបន្ថែមបាន លុះត្រាតែភ័ស្ដុតាងនោះមាននៅក្នុងសំណុំរឿងមួយផ្សេងទៀតដែលបានឆ្លងកាត់ក្រុមប្រឹក្សាស៊ើបសួរ។
ទោះជាយ៉ាងណាលោក លី ច័ន្ទតុលា មេធាវីការពារក្ដីឱ្យរដ្ឋាភិបាលបានលើកឡើងថា តាមការស្រាវជ្រាវលើឯកសារនៅក្នុងតុលាការខ្មែរ គឺចៅក្រមតុលាការនេះក៏បានសម្រេចទទួលយកភ័ស្ដុតាងថ្មីដែលដាក់ដោយតំណាងអយ្យការដែរ គឺនៅពេលភ័ស្ដុតាងដែលវីដេអូទើបត្រូវបានរកឃើញ ក្រោយពីទើបបើកសវនាការជំនុំជម្រះ។
លោកថា៖ «ម្យ៉ាងវិញទៀត បញ្ញត្តិនៃក្រមព្រហ្មទណ្ឌគឺប្រើពាក្យថា «គេ» ដែលអាចដាក់ភ័ស្ដុតាងបានដែលពាក្យថា «គេ» នោះរួមទាំងតំណាងអយ្យការដែរ។
នៅមុនមានការសម្រេចទទួលយកភ័ស្ដុតាងនេះ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានជំទាស់សុំឱ្យក្រុមប្រឹក្សាជំនុំជម្រះបដិសេធទទួលយកភ័ស្ដុតាងថ្មីនេះដោយសារពួកគេលើកឡើងថា កន្លងមកមិនដែលបានឃើញតំណាងអយ្យការដាក់បញ្ចូលភ័ស្ដុតាងបន្ថែម នៅពេលសំណុំរឿងត្រូវបានបញ្ជូនមកជំនុំជម្រះនោះទេ និងចាត់ទុកថានេះគឺជាប្រវត្តិសាស្ដ្រលើកដំបូង ដែលទើបនឹងឃើញ។
នៅក្នុងសវនាការដែលធ្វើឡើងកាលពីចុងខែកុម្ភៈក្រុមតំណាងអយ្យការ បានស្នើសុំដាក់ភ័ស្ដុតាងថ្មីដែលជាឃ្លីបវីដេអូខ្លីៗចំនួន ៧ រួមទាំងប្រតិចារិកចំនួន ៦ និងបានអះអាងថា ជាភ័ស្ដុតាងដើម្បីឆ្លើយតបទៅនឹងភ័ស្ដុតាងវីដេអូដោះបន្ទុករយៈពេល ១ ម៉ោងដែលបានដាក់មកតុលាការដោយមេធាវីលោក កឹម សុខា។
មេធាវី លោក កឹម សុខា ម្នាក់ទៀតគឺលោក ចាន់ ចេន ក៏បានលើកឡើងក្នុងសវនាការដែរថា ការដាក់ភ័ស្ដុតាងរបស់តំណាងអយ្យការគឺអាចដាក់បាននៅពេលដំណាក់កាលស៊ើបអង្កេត និងនៅក្នុងដំណាក់កាលក្រុមប្រឹក្សាស៊ើបសួរ ហើយការទទួលយកភ័ស្ដុតាងថ្មីនៅពេលនេះ គឺហាក់មានន័យថា សំណុំរឿងចោទប្រកាន់លោក កឹម សុខា មិនទាន់មានភ័ស្ដុតាងគ្រប់គ្រាន់នៅឡើយ និងនៅមានវិមតិសង្ស័យ ដែលតាមច្បាប់តុលាការត្រូវទម្លាក់ការចោទប្រកាន់មកលើលោក កឹម សុខា នៅពេលសំណុំរឿងគ្មានភ័ស្ដុតាងគ្រប់គ្រាន់ក្នុងពេលជំនុំជម្រះបែបនេះ។
ប៉ុន្តែលោក ប្លង់ សុផល តំណាងអយ្យការបានបញ្ជាក់ថា លោកបានធ្វើជាព្រះរាជអាជ្ញាអស់រយៈពេល ១៥ ឆ្នាំហើយ ហើយតួនាទីជាមេធាវីមិនប្រាកដថា បានចូលរួមសវនាការទាំង ១៥ ឆ្នាំដែរ។
លោកបានអះអាងថា សំណុំរឿងដែលយកមកចោទប្រកាន់លោក កឹម សុខា គឺមានភ័ស្ដុតាងគ្រប់គ្រាន់ មិនដូចការលើកឡើងរបស់មេធាវីការពារក្ដីឱ្យលោក កឹម សុខា ឡើយ។
លោកថា៖ «ដូច្នោះមានន័យថា ខ្ញុំបានដឹងអ្វីដែលត្រូវធ្វើតាមច្បាប់ ហើយមិនបាច់បង្រៀនឱ្យខ្ញុំធ្វើកិច្ចការជាព្រះរាជអាជ្ញានោះទេ។ ការលើកឡើងនេះ (របស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា) ជាការព្រួយបារម្ភហួសហេតុ»។
ការពិភាក្សាលើភ័ស្ដុតាងនេះគឺត្រូវបានធ្វើឡើងអស់រយៈពេលមួយព្រឹក។ នៅពេលសវនាការឈានដល់ពេលរសៀលលោក សេង លាន ចៅក្រុមប្រឹក្សា បានសួរដេញដោលលោក កឹម សុខា នូវសំណួរជាច្រើនអំពីការជួបចរចាជាមួយលោក សម រង្ស៊ី និងបានឱ្យលោក កឹម សុខា បកស្រាយបំភ្លឺអំពីមូលហេតុដែលសម្រេចទៅសហការជាមួយលោក សម រង្ស៊ី ដែលកាលនោះលោក សម រង្ស៊ី កំពុងក្លាយជាទណ្ឌិតនៅឡើយ។
លោក កឹម សុខា បានបញ្ជាក់ប្រាប់តុលាការថា កាលនោះមិនមានច្បាប់ណាហាមឃាត់មិនឱ្យធ្វើនយោបាយជាមួយទណ្ឌិតនៅឡើយទេ។
លោកបានលើកឡើងទៀតថា អ្នកណាដែលនៅតែប្រកាន់យកហិង្សា និងការធ្វើបដិវត្តន៍នឹងនៅតែប្រកាន់យកចរិតបែបនេះគឺលោកអត់រួបរួមជាមួយនោះទេ។ លោកបានថ្លែងថា៖ «បុគ្គលណាមានគោលការណ៍ និងប្រកាន់យកហិង្សា ឬបដិវត្តន៍ សូមចៀសឱ្យឆ្ងាយពីខ្ញុំ និងគណបក្សសង្គ្រោះជាតិថ្វីដ្បិតបុគ្គលហ្នឹងធ្លាប់ធ្វើការជាមួយខ្ញុំក៏ដោយ»៕