ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលក្រម​ដោយ​សម្រេច​ផ្តន្ទាទោស​លោក​ សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន​ ៤ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ៨ ​លាន​រៀល​ ព្រមទាំង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ដើមបណ្តឹង​ (​មេធាវី​រដ្ឋាភិបាល​) ២ ​ពាន់​លាន​រៀល​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

ចំណែក​គូកន ៤ ​នាក់​ទៀត​ក៏​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​កន្លះ​ទៅ​ ១ ​ឆ្នាំ​ ៨ ​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ៤ ​លាន​រៀល ផងដែរ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២១ ​ខែធ្នូ​។ ចូលរួម​នៅក្នុង​បន្ទប់​សវនាការ​ប្រកាស​សាលក្រម​កាលពី​ម្សិលមិញ​មាន​លោក សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក​ សម រង្ស៊ី និង​ជន​ជាប់ចោទ​ឈ្មោះ អ៊ុក ឆុំ អតីត​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ត្បូងឃ្មុំ និង​ជនជាប់ចោទ​ឈ្មោះ លាស់ ឆេងឡាយ អតីត​មេឃុំ​ឃ្លាំងមាស​នៅក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង​។

លោក ចៅក្រម រស់ពិសិដ្ឋ បាន​ថ្លែង​នៅ​ចំពោះមុខ​លោក​មេធាវី សំ សុគង់​ និង​ចំពោះមុខ​ជនជាប់ចោទ​ថា សំណុំរឿង​របស់​ជនជាប់ចោទ​ឈ្មោះ សម រង្ស៊ី និង គូកន​ ៤ ​នាក់​ទៀត​មាន​ ២ ​ករណី​ដែល​សំណុំរឿង​ទាំង​ ២ ​ករណី​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ កន្លងមក​។

លោក​ចៅក្រម​បាន​ថ្លែងថា បន្ទាប់ពី​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ និង​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ សម រង្ស៊ី ដាក់ពន្ធនាគារ​ក្នុង​ ១ ​សំណុំរឿង​ ២ ​ឆ្នាំ សរុប​ ២ ​សំណុំរឿង​មាន​រយៈពេល​ ៤ ​ឆ្នាំ ពិន័យ​ជា​ប្រាក់​ ៨ ​លាន​រៀល និង​សងជំងឺចិត្ត​ទៅ​ដើមបណ្តឹង​ដែលជា​មេធាវី​របស់​រដ្ឋាភិបាល​ចំនួន​ ២ ​ពាន់​លាន​រៀល​។ លោក​ចៅក្រម​បាន​បន្តថា ទន្ទឹម​នឹងនេះ​តុលាការ​ក៏​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ សម រង្ស៊ី យក​មក​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ទៅតាម​ច្បាប់​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជនជាប់ចោទ​ សម រង្ស៊ី​ ត្រូវ​ចោទ​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ញតិ្ត​មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩»​។

លោក​ចៅក្រម រស់ ពិសិដ្ឋ បាន​ថ្លែង​ទៀតថា ចំពោះ​សំណុំរឿង​ ១ ​ទៀត​របស់​ជនជាប់ចោទ​ឈ្មោះ សម រង្ស៊ី មាន​គូកន​ចំនួន​ ៤ ​នាក់​គឺ​ព្រះសង្ឃ​ឈ្មោះ ប៊ុត ប៊ុនតិញ និង​ឈ្មោះ ទុំ ប៊ុនថន ដែល​អ្នក​ទាំង​ ២ ​ត្រូវ​សម្រេច​ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ ១ ​ឆ្នាំ​ ៨ ​ខែ និង​ពិន័យ​ប្រាក់​ម្នាក់​ ៤ ​លាន​រៀល​។ ចំណែក​ជន​ជាប់ចោទ​ឈ្មោះ អ៊ុក ឆុំ និង​ឈ្មោះ​ លាស់ ឆេងឡាយ ​ដាក់ពន្ធនាគារ​ម្នាក់ៗ​ ១ ​ឆ្នាំ​ ៦ ​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ ២ ​លាន​រៀល​។

ក្នុង​សំណុំរឿង​ដែល​ត្រូវបាន​បំបែក​នេះ​ជនជាប់ចោទ​ទាំង​ ៥ ​នាក់​ក៏​ត្រូវ​បាន​ចោទ​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ញត្តិ​មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ផងដែរ​។

លោក សំ សុគង់ មេធាវី ការពារ​សិទ្ធិ​ឱ្យ​លោក​ សម រង្ស៊ី ​បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រៅ​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា ចំពោះ​សាលក្រម​នេះ គឺ​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​លោក​ទេ​។

លោក​ថា សាលក្រម​ទី​ ១ ​នេះ​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ញុះញង់​បំភ្លៃ​ព័ត៌មាន​។ រីឯ​សាលក្រម​ទី​ ២ ​គឺ​លោក​ សម រង្ស៊ី ជាប់ពាក់ព័ន្ធ​នឹង​ការញុះញង់​កងទ័ព​មិនឱ្យ​ស្តាប់បង្គាប់​រដ្ឋាភិបាល​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​នឹង​ការផ្តន្ទាទោស​នេះ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​បន្តទៀត ដើម្បី​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។ តែ​ជុំវិញ​បណ្តឹងឧទ្ធរណ៍​នេះ​គឺ​កូនក្តី​របស់ខ្ញុំ គាត់​ជា​អ្នកសម្រេច​»​។

លោក​ អំ សំអាត នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ​ដែល​បាន​ចូល​ស្តាប់​ការប្រកាស​សាលក្រម​ពី​ម្សិលមិញ​ដែរ​យល់ឃើញថា សាលក្រម​ផ្តន្ទាទោស​ដល់​លោក សម រង្ស៊ី និង​គូកន​របស់គាត់​នេះ ជា​ចំណែក​មួយ​ដែល​គេ​អាច​រិះគន់​ធ្វើឱ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សេរីភាព​ក្នុង​ការបញ្ចេញមតិ​។

លោក​ថា បច្ចុប្បន្ននេះ​មាន​ការរិះគន់​ច្រើន​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ពី​ការរិតត្បិត​សេរីភាព​ក្នុង​ការបញ្ចេញមតិ សិទ្ធិសេរីភាព​ក្នុងការ​ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​សនិ្ត​វិធី​។ លើសពីនេះ​លោក​ថ្លែងថា​៖ «​សាលក្រម​នេះ​ក៏​ជា​ការព្រមាន​ដល់​អ្នក​ដែល​ចង់​រិះគន់​ក្រោយៗ​។ ប៉ុន្តែ​ខ្ញុំ​យល់ថា ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ការរិះគន់​ដើម្បី​ស្ថាបនា​គឺជា​រឿង​សំខាន់​»​។

ក្រៅពី​សំណុំ​រឿងនេះ​លោក​ សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ដោយ​ខ្លួនឯង​នៅ​បរទេស​នៅ​មាន​រឿង​ក្តីក្តាំ​ជាច្រើន​ទៀត​នៅ​តុលាការ​៕

វីដេអូ៖