ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា បាន​ប្រកាស​សាល​ក្រម​កាលពី​ម្សិលមិញ​ដោយ​សម្រេច​ផ្តន្ទាទោស​លោក គ្រុយ លឹមហេង អតីត​អគ្គកុងស៊ុល​​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមិញ​ប្រទេស​ចិន​ដាក់​ពន្ធនាគា​ ៧ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ១០ ​លាន​រៀល បន្ទាប់ពី​បើក​សវនាការ​ចំនួន​ ២ ​លើក​។

អ្នកនាំពាក្យ​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​លោក គុជ គឹមឡុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក គ្រុយ លឹមហេង ត្រូវបាន​តុលាកា​សម្រេច​ផ្តន្ទាទោស​ពី​​បទ​ចំនួន​ ៤ គឺ​គៃបំបាត់ និង​បំផ្លាញ​ដោយ​ទុច្ចរិត បទ​វីតិក្រម [​យកលុយ​លើស​ការកំណត់​] ​បទ​រំលោភ​អំណាច និង​បទ​មិន​​ប្រកាស​ទ្រព្យសម្បត្តិ​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ ដល់​​ ២០១៩​។

សំណុំ​រឿងនេះ​ត្រូវបាន​បើក​សវនាការ​ជំនុំជម្រះ​ចំនួន​ ២ ​លើក តែ​លោក​មិន​ចាំ​ថ្ងៃខែ​ទេ​។

កន្លង​មក​លោក ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ចុះ​ស៊ើបអង្កេត​លើ​ករណី​លោក​គ្រុយ លឹម ហេង ធ្លាប់​បាន​ថ្លែងថា អតីត​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុនមិញ​នេះ បាន​ប្រព្រឹត្ត​បទល្មើស​​ពុករលួយ​ចន្លោះ​ឆ្នាំ​ ២០១៦ ដល់​ខែមិថុនា ឆ្នាំ​ ២០១៨​។ លោក​ថា ករណី​បទល្មើស​ទាំងនោះ​រួមមាន​ការយក​លុយ​លើស​តម្លៃ​កំណត់ និង​ការប្រើ​អំណាច​ហួស​ជាដើម​។

ក្នុង​ន័យនេះ​លោក យ៉ិនទៀង បាន​សង្កត់ធ្ងន់​ថា លោក គ្រុយ លឹមហេង បាន​ប្រើ​អំណាច​ដកយក​លុយ​របស់​អគ្គកុងស៊ុល​កម្ពុជា​ពី​ធនាគារ​ចិន​ ១ តាមរយៈ​ការប្រើប្រាស់​ «​ត្រា​អគ្គកុងស៊ុល​» ខុសច្បាប់​អស់​រយៈពេល​ ២ ​ខែ​កន្លងមក​នៅ​គ្រា​ដែល​រូបលោក​ត្រូវបាន​ដក​ចេញ​ពី​តំណែង​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​​តាម​ការផ្សាយ​របស់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មី​។

លោក អំ សំអាត មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា ការផ្តន្ទាទោស​របស់​តុលា​ទៅ​លើ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​គឺជា​គំរូ​ ១ ​ល្អ ព្រោះ​​កន្លងមក​ក៏​ធ្លាប់មាន​មន្ត្រី​ឯកអគ្គរាជទូត​មួយចំនួន​ក៏ដូចជា មន្ត្រី​កុងស៊ុល​មួយចំនួន​ត្រូវ​ផ្តន្ទាទោស​ពាក់ព័ន្ធ​អំពើ​ពុករលួយ​​ផងដែរ​។

លោក សំអាត បាន​បញ្ជាក់ថា​៖ «​វា​ជា​រឿង​ល្អ ប៉ុន្តែ​សូមឱ្យ​អនុវត្ត​នូវ​វិធានការ​នេះ​បន្ត​ទៅទៀត ចំពោះ​អ្នក​ដទៃទៀត​មាន​ន័យថា អ្នកណា​ក៏ដោយ​ឱ្យតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហ្នឹង យើង​ត្រូវតែ​អនុវត្ត​តាម​ច្បាប់​ទាក់ទង​នឹង​មន្ត្រីរាជការ​ចំពោះ​អ្នក​​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​បំផ្លាញ​ថវិកាជាតិ​នោះ​»​។

បើ​តាម​លោក សំអាត អំពើ​ពុករលួយ​ជា​ឫសគល់​ដ៏អាក្រក់​សម្រាប់​បំផ្លាញ​ទៅលើ​ថវិកា​ជាតិ​ក៏​ដូចជា​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ជាតិ​ផងដែរ​។ ហេតុនេះ ការលុបបំបាត់ ការប្រឆាំង​នឹង​អំពើ​ពុករលួយ​គឺជា​រឿង​សំខាន់​សម្រាប់​​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។

លោក សំអាត បាន​បន្ថែមថា​៖ «​លោក​ទទួលស្គាល់​ថា កន្លង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បន្ត​នីតិវិធី មាន​ចំណាត់ការ​ជា​បន្តបន្ទាប់​ចំពោះ​មន្ត្រី​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ប៉ុន្តែ​ជា​សំណូមពរ​គឺ​ចង់ឱ្យ​បង្កើន​ការអនុវត្ត​​បន្តទៅ​ទៀត​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​​អនុវត្ត​ឱ្យ​ស្មើភាព​គ្នា ទោះបី​ជា​​ជន​ណា​ក៏ដោយ​» ៕