ភ្នំពេញៈ តុលាការ​សហភាពអឺរ៉ុប ​បានចេញ​ដីកា​ច្រានចោល​បណ្ដឹង​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ស្នើឱ្យ​តុលាការ​បដិសេធ​ពាក្យបណ្ដឹង​របស់​កម្ពុជា និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការយកពន្ធ​ឡើងវិញ​លើ​អង្ករ​នាំ​ចូលទៅ​សហភាពអឺរ៉ុប​ពី​កម្ពុជា​។

យោងតាម​ដីកា​របស់​តុលាការ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទិនានុប្បវត្ដិ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ១០ ខែកញ្ញា កន្លង​ទៅ​បាន​ឱ្យ​ដឹងថា គណៈកម្មការ​អឺរ៉ុប បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ទៅ​តុលាការ​ស្នើសុំ​ឱ្យ​តុលាការ​ច្រានចោល​ពាក្យបណ្ដឹង​របស់​កម្ពុជា និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ ប៉ុន្តែ​កម្ពុជា និង​សហព័ន្ធ​ស្រូវ​អង្ករ​បាន​ស្នើ​ទៅ​តុលាការ​ថា បណ្ដឹង​របស់​គណៈកម្មការ​អឺរ៉ុប គួរតែ​ត្រូវ​បដិសេធចោល ហើយ​តុលាការ​គួរតែ​ធ្វើ​មោឃភាព​ការសម្រេច​យកពន្ធ​លើ​អង្ករ​នាំ​ចេញ​ពី​កម្ពុជា​។

បន្ទាប់ពី​លើកឡើង​នូវ​អំណះអំណាង​យ៉ាងច្រើន​ទាំង​ ២ ​ភាគី​គណៈកម្មការ​អឺរ៉ុប និង​ពី​ភាគី​កម្ពុជា តុលាការ​បាន​សម្រេច​​ថា​៖ «​ហេតុដូច្នេះ​តុលាការ​សម្រេច​ថា ការស្នើសុំ​របស់​គណៈកម្មការ​អឺរ៉ុប​ឱ្យ​ច្រានចោល​ [​ពាក្យបណ្ដឹង​របស់​កម្ពុជា​] ត្រូវ​បដិសេធចោល​»​។

ភាគី​កម្ពុជា​ និង​សហព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា​ កាលពី​ខែមេសា ឆ្នាំ ២០១៩ បានដាក់​ពាក្យបណ្ដឹង​ប្រឆាំង​នឹង​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​បានសម្រេច​អនុវត្ត​ការយកពន្ធ​ឡើងវិញ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ​។ ការយកពន្ធ​ឡើងវិញ​នេះ គឺជា​វិធានការ​មួយ​ដើម្បី​ការពារ​ដល់​អង្ករ​ផលិត​ដោយ​ប្រទេស​ដែលជា​សមាជិក​សហភាព​អឺរ៉ុប ដែល​ផ្ដួច​ផ្ដើមគំនិត​ដោយ​ប្រទេស​អ៊ីតាលី​។ បន្ទាប់ពី​ការសម្រេច​នេះ​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០១៩ អឺរ៉ុប​បាន​យកពន្ធ​ប្រមាណ ២០០ ​ដុល្លារ​អាមេរិក​ ក្នុង​អង្ករ​ ១ ​តោន​ សម្រាប់​ឆ្នាំ​ទី​ ១ ​ជាង​ ១៧០ ​ដុល្លារ​ នៅ​ឆ្នាំ​ទី​ ២ និង​ជាង​ ១៤០ ដុល្លារ​ នៅ​ឆ្នាំ​ទី​ ៣​។

គណៈកម្មការ​អឺរ៉ុប​និយាយថា កម្ពុជា​នឹង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិនមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​បន្ត​នីតិវិធី​នេះ​ទេ ដូច​មានចែង​ក្នុង​មាត្រា ២៦៣ TFEU ក្នុងនាម​ជា​បុគ្គល​ដែល​រង​ផលប៉ះពាល់​។ គណៈកម្មការ​នេះ​និយាយថា ការសម្រេច​ដែល​ធ្វើឡើង​មិនមែន​សម្រាប់​អនុវត្ត​នៅលើ​ទឹកដី​កម្ពុជា​ទេ​។ ដូច្នេះ​វា​មិនមាន​ផលប៉ះពាល់​ផ្លូវច្បាប់​លើ​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា ឬ​លើ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទេ​។

គណៈកម្មការ​អឺរ៉ុប​បន្តថា ការសម្រេច​អនុវត្ត​ពន្ធ​លើ​កម្ពុជា​មិនបាន​រារាំង​កម្ពុជា​ក្នុង​ការនាំចូល​អង្ករ​ទៅ​សហភាព​អឺរ៉ុប​ទេ​។ ច្រើន​បំផុត​វា​គ្រាន់តែ​ធ្វើឱ្យមាន​ផលប៉ះពាល់​ក្នុង​ទម្រង់​ជាការធ្លាក់​ចុះ​នៃ​ការលក់​អង្ករ​ចេញ​ប៉ុណ្ណោះ​ហើយ​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​មិនបាន​បង្ក​ការខូចខាត​កម្រិត​បុគ្គល​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ឬ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទេ​។

ទោះយ៉ាងណា ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ជំទាស់​ទៅនឹង​ការលើកឡើង​របស់​គណៈកម្មការ​អឺរ៉ុប​ដោយបាន​ថ្លែង​ដូច្នេះ​ថា​៖ «​ការសម្រេច​ [​របស់​គណៈកម្មការ​អឺរ៉ុប​] មាន​ផលប៉ះពាល់​ផ្លូវច្បាប់​ដោយផ្ទាល់​ទៅលើ​ព្រះរាជាណាចក្រ​កម្ពុជា ពីព្រោះ​តាមរយៈ​ការសម្រេច​នោះ គណៈកម្មការ​អឺរ៉ុប​បាន​ធ្វើឱ្យ​មាន​ការប្រែប្រួល​ដល់​ស្ថានភាព​ផ្លូវច្បាប់​សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​ទទួលផល​ពី​ការផ្អាក​កាតព្វកិច្ច​បង់​ពន្ធគយ​»​។

ក្រុមប្រឹក្សា​បន្តថា​៖ «​ដូច្នេះ​ទឡ្ហីករណ៍​របស់​គណៈកម្មការ​អឺរ៉ុប​ដែលថា ការសម្រេច​នោះ​មិន​មាន​ផលប៉ះពាល់​ផ្នែក​ច្បាប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​វា​មិន​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ Indica ទៅ​សហភាព​អឺរ៉ុប​នោះ​ត្រូវតែ​បដិសេធ​ចោល​»​។ ដីកា​តុលាការ​ចែងថា ការយកពន្ធ​បណ្ដោះអាសន្ន​ឡើងវិញ​សម្រាប់​អង្ករ​នាំ​ចេញ​ពី​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប​នេះ​គឺ​ប្រៀប​ដូច​ទៅនឹង​ការដាក់​កម្រិត​ចំពោះ​លទ្ធភាព​នាំ​ចូលទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដែរ​។ លើសពីនេះ​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​បង្កឱ្យ​មាន​ការខូចខាត​ដល់​សេដ្ឋកិច្ច​យ៉ាងដំណំ​សម្រាប់​កម្ពុជា​។

ដីកា​តុលាការ​ចែងថា​៖ «​ដូច​បានលើក​ឡើង​នូវ​ហេតុផល​ទាំងអស់​នេះ ការស្នើ​សុំឱ្យ​តុលាការ​បដិសេធ​ចោល​ [​បណ្ដឹង​របស់​កម្ពុជា​] ត្រូវបាន​បដិសេធចោល​»​។

នៅក្នុង​រឿងក្ដី​នេះ ភាគី​កម្ពុជា និង​សហព័ន្ធ​ស្រូវ​អង្ករ​ត្រូវបាន​តំណាង​ដោយ​មេធាវី ៣ ​រូប រួមមាន​ឈ្មោះ R. Antonini, E. Monard និង B. Maniatis​។ ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​មេធាវី​ទាំង​ ៣ ​រូបនេះ​បានទេ​កាលពី​ម្សិលមិញ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ចុងក្រោយ​អំពី​សំណុំ​រឿងនេះ​ទេ ប៉ុន្តែ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ពិនិត្យមើល និង​បន្ត​សំណុំ​រឿង​នេះ​តាម​នីតិវិធី​៕

វីដេអូ៖