ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានសាកសួរស្ត្រីខ្មែរ ៣ នាក់ ពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដើម្បីសម្រាលកូនឲ្យជនជាតិចិន បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានបញ្ជូនពួកគេទៅតុលាការក្រោយពីឃាត់ខ្លួនបាននៅប្រទេស វៀតណាម។
លោក គុជ គឹមឡុង អ្នកនាំពាក្យឲ្យសាលាដំបូងរាជធានី ថ្លែងជាមួយភ្នំពេញប៉ុស្តិ៍យ៉ាងខ្លីពីម្សិលមិញថា ករណីនេះខាងអយ្យការកំពុងសាកសួរនៅឡើយ។
ស្ត្រីខ្មែរចំនួន ៣ រូប ដែលត្រូវបានបញ្ជូនទៅតុលាការដើម្បីសាកសួរនេះ គឺមានលំនៅក្នុងភូមិគោល ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានអាយុ ៣១ ឆ្នាំម្នាក់ និងអាយុ ៣២ ឆ្នាំ ២ នាក់ ។ នេះបើតាមលោក ជីវ ផល្លី ប្រធាននាយកដ្ឋានជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ។
លោក ជីវ ផល្លី បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាលប្រទេសវៀតណាម ចាប់ឃាត់ខ្លួននៅក្នុងប្រទេសវៀតណាម រួចបញ្ជូនមកកម្ពុជា បន្ទាប់ពីពួកគេ បានឆ្លងដែនខុសច្បាប់ ចូលទៅវៀតណាមដើម្បីសម្រាលកូនលក់ឲ្យជនជាតិចិន ក្នុងតម្លៃ ៨ ០០០ ដុល្លារ ក្នុងកូន ១។ លោកថា លោកមិនអាចបញ្ជាក់ព័ត៌មានលម្អិតជាងនេះបានទេ។
រហូតមកទល់ពេលនេះ កម្ពុជាបង្ក្រាបបានបទល្មើសពពោះជំនួស ដោយស្ត្រីខ្មែរចំនួន ៤៣ ករណីមកហើយ ដោយភាគច្រើន បទល្មើសនៃការពពោះទាំងនេះ ត្រូវបានរកឃើញថា បញ្ជូនទៅប្រទេស ចិន ស្របពេលករណីមួយចំនួន កំពុងបន្តនីតិវិធីនៅតុលាការ ខណៈករណីបញ្ជូនស្ត្រី ៣ នាក់ ទៅតុលាការពីម្សិលមិញ គឺជាករណីថ្មីបន្ថែមទៀត ដែលទើបបង្ក្រាបបាន។ នេះបើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោកស្រី ជូ ប៊ុនអេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើទោះជាមានការបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ក៏ជនល្មើស នៅតែបន្តសកម្មភាពទាំងនេះ ស្របពេលសេចក្តីព្រាងច្បាប់សម្រាប់ដាក់ទោសទណ្ឌ និងការគ្រប់គ្រងបទល្មើសនេះកំពុងត្រូវបានក្រសួងមហាផ្ទៃ ពិនិត្យ និងពិភាក្សា ដែលការពិភាក្សាបន្ទាប់នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី៣ ក្នុងខែនេះ ។
លោកស្រីបញ្ជាក់ថា បើទោះជាច្បាប់នេះ មិនទាន់អនុម័តឲ្យប្រើប្រាស់ ប៉ុន្តែបទល្មើសទាំងនេះ មានចែងនៅក្នុងច្បាប់មួយចំនួន ដូចជាក្រមព្រហ្មទណ្ឌជាដើម ដែលជនល្មើលនៅតែត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់។ «ការពពោះនេះ គឺមិនមែនគ្រាន់តែពពោះទេ យើងឃើញមានការនាំទារកចេញទៅ ហើយការនាំចេញទៅ( ក្រៅប្រទេស) គឺមិនដែលមានច្បាប់ទម្លាប់អីទេ ព្រោះយើងគ្មានច្បាប់ណាឲ្យនាំទារកចេញទេ។ ដូច្នេះការបង្ក្រាបនៅតែបន្ត ព្រោះយើងមិនអាចបញ្ឈប់បានទេ វាជារបៀបរកវិធីប្រព្រឹត្តបទល្មើស ដែលយើងកំពុងតែតាមដានរឿងហ្នឹង»។
លោកស្រីបន្តថា៖ «កាលពីឆ្នាំ ២០១៧ យើងបានផ្តល់ឱកាសម្តងហើយ យើងប្រកាសថា អ្នកដែលចង់បានទារក តាមរបៀបហ្នឹង ដោយសារតែមានការពពោះរួចហើយ ឬមួយក៏បានបញ្ជាក់ថា ខ្លួនឯងហ្នឹងមាន DNA ជាមួយទារកហើយ ឲ្យចូលមកបញ្ជាក់ជាមួយតុលាការ ដើម្បីស្នើសុំសិទ្ធិអនុញ្ញាតក្នុងរយៈពេល១ឆ្នាំ ធ្វើឲ្យអស់។ ប៉ុន្តែក្នុងអំឡុងពេលហ្នឹង អត់មានអ្នកមកទេ ដូច្នេះយើងបិទបញ្ចប់ហើយ ចាប់ពីពេលហ្នឹងទៅ គឺយើងបង្ក្រាប និងដាក់ទោសទណ្ឌហើយ»។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតអង្គការលីកាដូ បានលើកឡើងថា ការដែលបណ្តាលឲ្យមានបទល្មើសពពោះជំនួស គឺមានកត្តាជាច្រើន ដូចជាបញ្ហាជីវភាពក្រីក្រជាពិសេសស្ត្រី ដែលធ្លាក់ខ្លួនជាជនរងគ្រោះ ក្នុងករណីនេះ ដោយការដោះដូរជាមួយលុយជាថ្នូរនឹងការពពោះជំនួស ដែលបញ្ហាទាំងនេះ គឺមានផលប៉ះពាល់ជាខ្លាំងចំពោះស្ត្រី ជាពិសេសគឺកុមារតែម្តង។
លោកបន្តថា បើទោះជាកម្ពុជា មានច្បាប់ជាច្រើនពាក់ព័ន្ធនឹងបទល្មើសទាំងនេះប៉ុន្តែវាហាក់មានភាពខ្វះចន្លោះ និងចែងមិនចំគោលដៅនោះទេ ខណៈការផ្សព្វផ្សាយជុំវិញបញ្ហានេះ នៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងស្ត្រី មិនទាន់មានការយល់ដឹងអំពីបទល្មើសនេះ។ «បញ្ហាទាំងអស់នេះ គឺជាបញ្ហាថ្មី និងកំពុងកើតឡើងជាបន្តបន្ទាប់។ អ៊ីចឹងសម្រាប់អាជ្ញាធរក៏នៅមានការឆកល្វែងដែរក្នុងការបង្ក្រាប និងទប់ស្កាត់ ព្រោះពួកគាត់ក៏មិនទាន់បានយល់ច្បាស់អំពីបញ្ហាទាំងអស់នេះដែរ ហើយមួយទៀត ស្ត្រីភាគច្រើនក៏គាត់អាចជាជនរងគ្រោះដែរ ព្រោះដោយសារតែការមិនយល់ដឹងអំពីបញ្ហាផ្លូវច្បាប់»៕