កំពង់ឆ្នាំងៈ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​កំពុង​សាកសួរ​អតីត​ចៅអធិការ​វត្ត​ស្តីទី​ ១ ​អង្គ​កាលពី​ម្សិលមិញ ​បន្ទាប់ពី​ចាប់បញ្ជូន​ពី​ខេត្តស្វាយរៀង​​ពាក់ព័ន្ធ​ការរំលោភ​សេពសន្ថវៈ​កូននេន​ ៤ ​អង្គ​ប្រព្រឹត្ត​នៅ​វត្ត​អង្គសិរីសុវណ្ណ​ក្នុង​ឃុំ-ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​អំឡុង​ខែធ្នូ ឆ្នាំ​មុន​រួច​គេចខ្លួន​ទៅ​ទីនោះ​។

លោក ស្រី សុដា ប្រធាន​ការិយាល័យ​​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ជា​អតីត​ចៅអធិការ​វត្ត​ស្តីទី​ឈ្មោះ អ៊ន ឆៃរ៉ាក់ អាយុ ២៨ ​ឆ្នាំ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់លោក​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ពី​ម្សិលមិញ ហើយ​បន្ទាប់មកព្រះរាជអាជ្ញា​សាកសួរ​បន្ត​។

លោក​ថា ជនសង្ស័យ​ត្រូវបាន​សាលា​ដំបូង​ខេត្តកំពង់ឆ្នាំង​ចេញ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​ថ្ងៃទី​ ២៥ ខែ មករា ឆ្នាំ​ ២០២១ ដើម្បី​សាកសួរ​ជុំវិញ​អំពើ​រំលោភ​សេពសន្ថវៈ​តាម​បណ្តឹង​របស់​ឪពុកម្តាយ​របស់​កូន​នេនៗ​។ ​ប៉ុន្តែ​ប្រហែលជា​ជនសង្ស័យ​ដឹងខ្លួន​ក៏​រត់​ចេញពី​វត្ត​ទាំង​នៅ​ជា​សង្ឃ​។ ​ការចាប់ខ្លួន​ជនសង្ស័យ​នេះ​គឺ​សមត្ថកិច្ច​លោក​គ្រាន់តែ​អនុវត្តតាម​ដីកា​របស់​តុលាការ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ករណី​ជនសង្ស័យ​ម្នាក់នេះ​ខាង​ខ្ញុំ​មិនបាន​សាកសួរ​អី​វែង​​ឆ្ងាយ​ទេ​ព្រោះ​អី​ខ្ញុំ​ចាប់​តាម​ដីកា​តុលាការ​។ ​ដូច្នេះ​ក្រោយ​ចាប់បាន​ជនសង្ស័យ​​ភ្លាម​គឺ​ខ្ញុំ​ប្រគល់​ជនសង្ស័យ​ទៅឱ្យ​តុលាការ​តែម្តង​»​។

យ៉ាងណាក្ដី លោក ស្រី សុដា បាន​ប្រាប់​ពី​ដំណើររឿង​ថា ជនសង្ស័យ​មាន​ស្រុកកំណើត​នៅ​ភូមិ​ទួលពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ​ប៉ុន្តែ​ជនសង្ស័យ​បាន​បួស​រៀនសូត្រ​នៅ​វត្ត​អង្គសិរីសុវណ្ណ​ក្នុង​ឃុំ-ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​រហូត​បាន​ក្លាយជា​ចៅអធិការ​វត្ត​ស្តីទី​។

លោក​បន្តថា ការ​អាស្រ័យ​នៅក្នុង​វត្ត​ខណៈ​ខ្លួន​ត្រូវបាន​មេគណ​ស្រុក​រលាប្អៀរ​ក៏ដូចជា មេគណ​ខេត្តកំពង់ឆ្នាំង​ប្រគល់​តួនាទី​ជា​ចៅអធិការ​វត្ត​ស្តីទី​គឺ​ជនសង្ស័យ​បាន​រំលោភ​សេពសន្ថវៈ​កូននេន​ពី​ ៤ ​ទៅ​ ៥ ​អង្គ​។ ​ចំពោះ​កូន​នេន​ដែល​ត្រូវ​ជនសង្ស័យ​រំលោភ​នោះ​គឺមាន​អាយុ​ចាប់ពី​ ១៣ ​រហូត​ដល់​ ១៧ ​ឆ្នាំ ហើយ​សុទ្ធតែ​ត្រូវ​ជនសង្ស័យ​ប្រព្រឹត្ត​តាម​រន្ធ​គូទ​។

លោក​បន្តទៀតថា បន្ទាប់ពី​ដឹងថា​ត្រូវ​ឪពុកម្តាយ​នេនៗ​ប្តឹង​ជនសង្ស័យ​បាន​​លួច​សឹក​ហើយ​រត់​ចេញ​ពី​វត្ត​ទៅ​ខេត្តបន្ទាយមានជ័យ​។ បន្ទាប់មក​បាន​បន្តទៅ​បួស​នៅ​វត្ត​ខ្លូត​ហៅ​វត្ត​ច្រេស​ក្នុងភូមិ​ត្រពាំង​ដៀលើ ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​វិញ​។

ក៏ប៉ុន្តែ​បើតាម​លោកស្រី សុដា ជនសង្ស័យ​ត្រូវបាន​នគរបាល​ឃុំ​ច្រេស​ស្រុក​ចន្ទ្រា​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ១១ មករា​ ឆ្នាំ​ ២០២១ ​ហើយ​ត្រូវបាន​មេគណ​ស្រុក​ចន្ទ្រា​ចាប់​ផ្សឹក​នៅ​ថ្ងៃ​ដដែល​នោះ​។

បន្ទាប់ពី​ផ្សឹក​រួច នគរបាល​ខេត្ត​ស្វាយរៀង​សាកសួរ​ និង​បញ្ជូន​មកឱ្យ​សមត្ថកិច្ច​លោក​តែម្តង​។

ចំណែក​លោក ប្រាក់ ចិត្ត នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្រេស ប្រាប់​ថា ការឃាត់ខ្លួន​នេះ​គឺ​បន្ទាប់ពី​លោក​បានទទួល​​បញ្ជា​ពី​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​។

លោក​ថា​៖ «​ជុំវិញ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ជនសង្ស័យ​យ៉ាងណា​នោះ​គឺ​ខ្ញុំ​មិនដឹង​អី​ទេ ព្រោះ​ខ្ញុំ​អនុវត្ត និង​​សហការ​ក្នុងនាម​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុណ្ណោះ​»៕