The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត ​ទៅ​បំភ្លឺ​រឿង​ផ្តល់​ដី​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​

តុលាការ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត ​ទៅ​បំភ្លឺ​រឿង​ផ្តល់​ដី​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​

Content image - Phnom Penh Post
លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (ឆ្វេង) និង លោក ឡោ រស្មី (ស្ដាំ)។ ហ្វេសប៊ុក

តុលាការ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត ​ទៅ​បំភ្លឺ​រឿង​ផ្តល់​ដី​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​

មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​កោះហៅ​លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី ១២ ខែ កញ្ញា ​បន្ទាប់​ពី​លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួង​នេះ ​បាន​ចូល​បំភ្លឺ​នៅ​ថ្ងៃទី ២១ ខែ សីហា កន្លង​មក​​ពាក់ព័ន្ធ​​ការ​ផ្តល់​ដី​រដ្ឋ​សរុប​ជិត ១ ម៉ឺន​ហិកតា​ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្ត​មណ្ឌលគិរី ខណៈ​ជន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ១៣ នាក់​ បាន​គេច​វេះ​មិន​ចូល​បំភ្លឺ​តាម​ដីកា​តុលាការ។

តាម​ដីកា​របស់​លោក ហៀង សុភក្ត្រ ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ចុះ​ថ្ងៃទី ២៧ សីហា ដែល​​​ភ្នំពេញ​ប៉ុស្ដិ៍ ទទួល​បាន​ពី​ម្សិលមិញ​សរសេរ​ថា អញ្ជើញ​លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច ឲ្យ​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង ៩:០០ នាទី​ព្រឹក។

បើ​តាម​ដីកា លោក ​សាវុឌ្ឍ​ ត្រូវ​​ចូល​​បំភ្លឺ​ពី​រឿង​ការ​អនុញ្ញាត​​ជំហាន​ទី១ ចំនួន ១ ០០០ ហិកតា ក្នុង​អនុតំបន់ I អនុតំបន់ II ចំនួន ២ ០០០ ហិកតា អនុ​តំបន់ III ចំនួន ២ ០០០ ហិកតា អនុ​តំបន់ IV ចំនួន ២ ០០០ ហិកតា អនុ​តំបន់ V ចំនួន ២ ៧៤១ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិក​ហ្គ្រេន យ៉ញស្តុក ខមភេនី លីមីធីត ក្នុង​ខេត្ត​មណ្ឌលគិរី។

មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​​​លោក ចាន់ សាវុឌ្ឍ ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ​។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ដែរ​។

ប៉ុន្តែ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា​ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​យ៉ាងខ្លី​​ថា កិច្ច​ការងារ​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការងារ​របស់​គាត់​រៀងៗ​ខ្លួន មិន​ទាន់​មាន​លទ្ធផល​អ្វី​ទេ។ «គេ​កំពុង​ធ្វើ​ការ​​សិន កុំ​ទាន់​សួរ​ច្រើន​ពេក ដឹង​តែ​ប៉ុណ្ណឹង​បាន​ហើយ»។

ការ​កោះ​ហៅ​លោក ចាន់ សាវុឌ្ឍ ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​មណ្ឌលគិរី បាន​កោះហៅ​លោក ឡោ រស្មី ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​។ ក្រោយ​ពី​សាកសួរ​រួច កាល​ពី​ថ្ងៃទី ២១ ខែ ​សីហា លោក ហៀង សុភក្ត្រ បាន​អនុញ្ញាត​ឲ្យ​លោក ឡោ រស្មី ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​​លទ្ធផល​នៃ​ការ​ចូល​ឆ្លើយ​បំភ្លឺ​នេះ មិន​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បញ្ចេញ​ឲ្យ​ដឹង​នោះ​ទេ។

ការ​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ទាំង ​២ ​រូប​នេះ ធ្វើ​ឡើង ​បន្ទាប់​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង បាន​ចេញ​លិខិត​ដក​ហូត​ដី​ជិត ១ ០០០ ហិកតា ​ពី​លោក សេង សុវណ្ណារ៉ា អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ខណៈ​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​​ដក​លោក សេង សុវណ្ណារ៉ា ចេញ​​ពី​សមាជិក​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី។

នៅ​អំឡុង​ខែ សីហា​ លោក សេង សុវណ្ណារ៉ា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះ​រាជ​ក្រឹត្យ​បញ្ចប់​តួនាទី​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌។

ចំណែក​ពាក់ព័ន្ធ​នឹង​ករណី​​បទល្មើស​ព្រៃ​ឈើ​វិញ​ ជន​សង្ស័យ​ចំនួន ១៣ នាក់ បាន​និង​កំពុង​គេចវេះ​ពី​ការ​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ជុំវិញ​សំណុំ​រឿង​ប្រមូល​ផល​ដឹក​ជញ្ជូន និង​សន្និធិផល​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត។

លោក ហែម បូណារ៉ែល មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​ បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​ថា​ តើ​​ជន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន ១៣ នាក់​នេះ បាន​ចូល​បំភ្លឺ​នៅ​​​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌល​គិរី​រួច​ហើយ ឬ​ក៏​​នៅ​ទេ ដោយ​​លោក​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​តុលាការ។ លោក​បញ្ជាក់​ថា៖ «ព្រោះ​រឿង​នេះ​តុលាការ​ជា​អ្នក​កោះ​ហៅ។ អ៊ីចឹង​ប្រហែល​ជា​តុលាការ​អាច​ដឹង​រឿង​នេះ​ច្បាស់ សួរ​ទៅ​តុលាការ​ទៅ។

ធម្មតា បើ​តុលាការ​គាត់​កោះ​ហៅ​គឺ​គាត់​ឲ្យ​ជន​សង្ស័យ​ទៅ​បំភ្លឺ​នៅ​កន្លែង​គាត់​ហើយ»។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា តុលាការ​ខេត្ត​មណ្ឌលគិរី គួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចំពោះ​អ្នក​ដែល​គេច​វេះ​មិន​ចូល​ខ្លួន ហើយ​អ្នក​ដែល​សុំ​ពន្យារ​ គឺ​តុលាការ ក៏​គួរ​កំណត់​ពេល​សា​ជា​ថ្មី ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​​ចូល​ខ្លួន​ទៅ​​ឆ្លើយ​បំភ្លឺ​ចំពោះ​ទង្វើ​ល្មើស​ច្បាប់​ទាំង​នោះ។

លោក ប៊ុណ្ណារ៍​​ បញ្ជាក់​ថា៖ «ខ្ញុំ​ជឿជាក់​ថា តុលាការ ​នឹងធ្វើ​រឿង​នេះ​មាន​យុត្តិធម៌ ព្រោះ​ខ្ញុំ​បាន​ឃើញ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ ២ នាក់​ហើយ​ ត្រូវ​បាន​តុលាការ​​កោះ​ហៅ​មក​បំភ្លឺ​ដូច​គ្នា​ដែរ ប៉ុន្ដែ​​ខ្ញុំ​ក៏​កំពុង​រង់ចាំ​មើល​លទ្ធផល​ដែរ។ អ៊ី​ចឹង ខ្ញុំ​មាន​សង្ឃឹម​ច្រើន ហើយ​តុលាការ ក៏​បន្ត​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត មិន​ត្រូវ​ធ្វើ​ត្រឹម​ហ្នឹង​ចប់​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍