The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​អះអាង​ថា​ ករណី​គ្រោះថ្នាក់​របស់​ប៉ូលិស​ជា​ការពិត




តុលាការ​អះអាង​ថា​ ករណី​គ្រោះថ្នាក់​របស់​ប៉ូលិស​ជា​ការពិត

Content image - Phnom Penh Post
ប៉ូលិស​ដែល​អះអាង​ថា​សន្លប់​ដោយសារ​រថយន្ត​បុក​នៅ​ប៉ោយប៉ែត។ រូបថត ហ្វេសប៊ុក

តុលាការ​អះអាង​ថា​ ករណី​គ្រោះថ្នាក់​របស់​ប៉ូលិស​ជា​ការពិត

បន្ទាយមានជ័យៈ ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បកស្រាយ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​មន្រ្តី​ប៉ូលិស​ម្នាក់​ដែល​ដួល​សន្លប់​នៅ​ប៉ោយប៉ែត​ថា​នោះ​មិនមែន​ជា​ការ​ធ្វើ​ពុត​នោះ​ទេ​តែ​ពិតជា​រងគ្រោះ​មែន​គឺ​មិន​ដូច​ការ​រិះគន់​ឡើយ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​ ២៧ ​ធ្នូ​បាន​ឲ្យ​ដឹង​ថា​តំណាង​អយ្យការ​បាន​ពិនិត្យ​ដោយ​ហ្មត់ចត់​ទៅ​លើ​ឯកសារ​ជា​ភ័ស្តុតាង​នានា​ដែល​បាន​ស៊ើបអង្កេត​ដោយ​មន្រ្តី​នគរបាល​យុត្តិធម៌​ភ្ជាប់​នៅក្នុង​សំណុំ​រឿង​មាន​ដូចជា​ឃ្លីប​វីដេអូ​ចម្លើយ​សាក្សី​មួយ​ចំនួន​ជាពិសេស​រូបភាព​ដែល​បាន​បង្ហាញ​ថា ​ជនរងគ្រោះ​ឈ្មោះ ឈាន ពិសិដ្ឋ​ កំពុង​ដេកដួល​នៅ​ចំ​ពី​មុខ​រថយន្ត​ឈ្មោះ ឌិន ពុទ្ធី ដែល​ដួល​មក​ផ្នែក​ខាង​ឆ្វេង​មាន​ភាព​ស៊ី​ចង្វាក់​ជាមួយ​រូបភាព​ដែល​បង្ហាញ​ពី​ស្នាម​របួស​នៅ​លើ​ភ្លៅ​ខាង​ស្តាំ​របស់​ជនរងគ្រោះ​ និង​លិខិត​របស់​មន្ទីរ​សម្រាក​ព្យាបាល​ដែល​បញ្ជាក់​អំពី​ស្ថានភាព​របស់​អ្នក​ជំងឺ។​

តាមរយៈ​សម្ភារ​ជា​ភ័ស្តុតាង​បឋម​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ឈ្មោះ​ ឈាន​ ពិសិដ្ឋ​ ពិតជា​បាន​រងរបួស​នៅ​ជើង​ស្តាំ​ដោយសារ​ការ​បុក​ដោយ​រថយន្ត​របស់​ឈ្មោះ ឌិន ពុទ្ធី​ រហូត​ដល់​ដួល​សន្លប់​​មែន​ហើយ​មិនមែន​ជា​​ការ​ធ្វើ​ពុត​របស់​ឈ្មោះ​ ឈាន ពិសិដ្ឋ​ ដើម្បី​ទម្លាក់​កំហុស​លើ​ឈ្មោះ​ ឌិន ពុទ្ធី​ ដូច​ការ​ផ្សព្វផ្សាយ​នោះ​ទេ​។

ហេតុ​ដូច្នេះ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ឈ្មោះ ឌិន ពុទ្ធី ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​តាម​បញ្ញត្តិ​មាត្រា​ ២១៨ ​នៃ​ក្រមព្រហ្មទណ្ឌ​ និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​រួច​ហើយ។

«អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​នឹង​បន្ត​​ជំរុញ​ចៅក្រម​ស៊ើបសួរ​ឲ្យ​ស្រាវជ្រាវ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់​ជា​ប្រយោជន៍​សម្រាប់​បង្ហាញ​ការពិត​ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​ភាគី​សង​ខាង​ដោយ​អនុលោម​តាម​ច្បាប់»។

ឧត្តមសេនីយ៍ឯក កែវ វណ្ណថន អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ករណី​នេះ​តុលាការ​កំពុង​បន្ត​នីតិវិធី​។

លោក​ថា​៖ «ករណី​នេះ​តុលាការ​បាន​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ហើយ​បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​សំណុំ​រឿង​»។

ចំណែក​លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​ថ្លែង​ថា​ ករណី​នេះ​គួរ​តែ​ត្រូវ​បាន​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់។

លោក​ថា​៖ «ករណី​នេះ​តូច​ទេ​តែ​ឈ្លោះ​ដូចជា​សង្រ្គាម​នៅ​អ៊ីរ៉ាក់​អ៊ីចឹង​»៕ NS

អត្ថបទគួរចាប់អារម្មណ៍