ព្រះវិហារៈ អយ្យការ​សាលា​ដំបូង​ខេត្តព្រះវិហារ​បាន​កោះហៅ​ប្រជាសហគមន៍​ព្រៃ​ព្រះរកា​ចំនួន​ ១១ ​នាក់ ​ឱ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ក្នុង​សំណុំរឿង​ឆបោក និង​ញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​នឹង​គម្រោង​ចូលរួម​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ប្រព្រឹត្ត​កាលពី​ដើម​ខែកញ្ញា នៅ​ភូមិ​ក្តុល ឃុំ​ម្លូព្រៃ ​១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។

លោក ហែត ណៃ តំណាង​សហគមន៍​ព្រៃ​ព្រះរកា​ដែល​មាន​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ទាំង​ ១១ ​នាក់​នោះ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ពីថ្ងៃ​ទី​ ៨ វិច្ឆិកា ​ថា កាលពី​ថ្ងៃទី​ ៦ ​ខែ​​ កញ្ញា ឆ្នាំ​ ២០២០ ប្រជាសហគមន៍​ព្រៃ​ព្រះរកា​ទាំង​ ១១ ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ភូមិ​ក្តុល​ ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​មុន​ពេល​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​តវ៉ា​ឱ្យ​​មាន​ការដោះលែង​លោក រ៉ុង ឈុន ប៉ុន្តែ​ពុំទាន់​បាន​ចូលរួម​ទេ​។

លោក​ថ្លែងថា​៖ «​ពួកយើង​បាន​​មក​ដល់​ភ្នំពេញ ប៉ុន្តែ​មិនបាន​ចូលរួម​តវ៉ា​នោះទេ ដោយ​ដេក​ ១ ​យប់​។ លុះ​ព្រឹក​ឡើង​ក៏​ត្រឡប់​មក​វិញ ហើយ​ក៏​ត្រូវបាន​អយ្យការ​សាលាដំបូង​ខេត្តព្រះវិហារ​កោះហៅ​សាកសួរ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​អ្វី​ទាំងអស់​នេះ​មិនមាន​អ្វី​ជាការ​ខុស​នោះទេ​»​។

លោក ហែត ណៃ ដែល​ត្រូវ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​ ១១ វិច្ឆិកា ស្អែក​នេះ​កំពុង​ពិចារណា​រក​មេធាវី និង​អ្នកគាំទ្រ​ដើម្បី​ពិភាក្សា​លើ​ការស្នើសុំ​ពន្យារពេល​ចូលខ្លួន​បំភ្លឺ ខណៈ​ដែល​ករណីនេះ​ធ្លាប់​មាន​អ្នក​ចូលខ្លួន​បំភ្លឺ​ខ្លះ​ហើយ​។

លោក​ថា​៖ «​ខ្ញុំ​ថា​ចង់​ពន្យារពេល​សិន ដើម្បី​ស្វែងរក​មេធាវី​មក​ពិភាក្សា​ជាមុន និង​រក​កម្លាំង​គាំទ្រ​ឱ្យបាន​ច្រើន​បន្តិច​ផងដែរ ដើម្បី​បញ្ជាក់​ពីអ្វី​ដែល​ពួកខ្ញុំ​មិនទាន់​យល់ដឹង​ពី​ច្បាប់ទម្លាប់​ឱ្យ​​បាន​ត្រឹមត្រូវ និង​នីតិវិធី​របស់​តុលាការ​ដែល​ចោទប្រកាន់​មក​​លើ​ខ្ញុំ​ក្នុង​គោលបំណង​អ្វី​ច្បាស់លាស់​នោះទេ​...​គេ​ចោទ​មកលើ​យើង ខណៈ​យើង​មិន​បាន​ប្រព្រឹត្ត​ជាក់ស្តែង អីចឹង​ហើយ យើង​ចង់​ដាក់​ពាក្យ​ពន្យារ​ចំពោះ​សំណុំ​រឿងនេះ​»​។

លោក​ ឡោ ចាន់ មន្ត្រី​សម្របសម្រួល​អាដហុក​ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ​ថ្លែង​កាលពី​ថ្ងៃទី​ ៨ វិច្ឆិកា ​ថា ប្រជាសហគមន៍​ព្រៃ​ព្រះរកា​ទាំង​ ១១ ​នាក់​នោះ ត្រូវ​បាន​តំណាង​អយ្យការលោក សេង ម៉េងស្រ៊ុន ចេញ​ដីកា​កោះហៅ​ឱ្យចូល​បំភ្លឺ ក្នុងនោះ​នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា កន្លង​​មក​ចំនួន​ ៨ ​នាក់​ នៅ​ថ្ងៃទី​ ៦ ខែវិច្ឆិកា ចំនួន​ ២ ​នាក់ និង​ថ្ងៃទី​ ១១ ខែវិច្ឆិកា ចំនួន​ ១ ​នាក់​។

លោក​បានចាត់​ទុក​ការកោះហៅ​​នេះ​ហាក់ដូចជា ធ្វើ​តែ​លើ​ប្រជាសហគមន៍​។ ​ចំណែកឯ​ឈ្មួញ​ធំៗ​​អ្នក​ដែល​មាន​អំណាច ហើយ​ទន្ទ្រាន​យក​ដី​តំបន់​ព្រៃរកា មិនមាន​ការចាត់​វិធានការ​អ្វី​ទាល់តែ​សោះ ហើយ​ចំពោះ​ការប្តឹង​ឱ្យ​មាន​ការកោះហៅ​ប្រជាសហគមន៍​នេះ​មាន​តែ​អាជ្ញាធរ​ទេ ប៉ុន្តែ​យ៉ាងណា​លោក​មិនទាន់​ហ៊ាន​អះអាង​​ថា​យ៉ាងណា​ទេ​។

លោក​បន្ថែមថា​៖ «​បើ​និយាយ​រឿង​នីតិវិធី តុលាការ​មាន​សិទ្ធិ​ក្នុង​ការស៊ើប​រឿងក្តី​ណាមួយ នៅពេល​ដែល​ទទួលបាន​បណ្តឹង​ក្នុង​ការចេញ​លិខិត​កោះហៅ​ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ ប៉ុន្តែ​ទៅ​ថ្ងៃមុខ ប្រសិន​បើ​ព្រះរាជអាជ្ញា​តម្កល់ [​មិន​ចាត់ការ​] ជា​រឿង​ល្អ​សម្រាប់​ប្រជាសហគមន៍ ប៉ុន្តែ​បើ​គាត់​ធ្វើ​ការចោទប្រកាន់ វា​ធ្វើ​ឱ្យ​អយុត្តិធម៌​​សម្រាប់​ប្រជាសហគមន៍​យើង ដែល​ខំប្រឹង​ការពារ​ព្រៃឈើ ហើយ​ទទួល​រង​នូវ​បណ្តឹង​ទៅវិញ​»​។

លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះវិហារ​មិនអាច​សុំ​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​សំណុំរឿង​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​​ដោយ​ទូរស័ព្ទ​ចូល តែ​មិនមាន​​អ្នកទទួល​។

ប៉ុន្តែ​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ​បាន​ជំរុញ​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​កោះហៅ​ទាំងនោះ​ចូលខ្លួន​​បំភ្លឺ​តាម​ការណាត់ និង​កុំ​មាន​ការភ័យខ្លាច ហើយ​កុំ​ស្តាប់​តាម​អ្នកដទៃ​ដែល​បំភ័យ តែបើ​មិន​មាន​ការចូល​ទេ​ខាង​តុលាការ​នឹងមាន​នីតិវិធី​បន្ថែម​ទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​សូម​ចូល​ខ្លួន​តាម​នីតិវិធី និង​តាម​ពេលវេលា​ដែល​បានកំណត់ អត់​មាន​បញ្ហា​អ្វី​ទេ​។ សូមកុំ​ភ័យ កុំ​ខ្លាច ​កុំ​ញញើត ញញើម​ទៅនឹង​កិច្ចការ​អ្វី​ក៏ដោយ​នៅពេល​ដែល​យើង​​បាន​ចូល​ក៏​ជា​បទពិសោធ​ផងដែរ​បើ​ឆ្លងកាត់​បទពិសោធ និង​ឆ្លងកាត់​ការសាកល្បង​កាន់តែ​ច្រើន​កាន់តែ​ដឹង កាន់តែ​ដុះ និង​កាន់តែ​មាន​គំនិត​ភ្លឺស្វាង​»​។

ជាមួយ​នេះ​ដែរ លោក​បាន​រំឭក​ថា​៖ «​កាលណា​អត់​មក គេ​ចេញ​ដីកា​លើក​ទី​ ២ អាច​បង្គាប់​ឱ្យចូល​ខ្លួន បើ​ចេញ​ដីកា​លើក​ទី​ ៣ គេ​អាច​​ចេញ​ដីកា​ចាប់​អ៊ីចឹង​ទៅ ហេតុដូច្នេះ​មក​ឆ្លើយ​មក គេ​មិន​ដែល​ឃុំខ្លួន​ទេ ព្រោះ​មិនមែន​បទល្មើស​ព្រហ្មទណ្ឌ​។ ​នេះ​គ្រាន់តែ​ជា​បទល្មើស​វិសេស​ត្រឹម​ពិន័យ​»៕