ព្រះវិហារ: ​តំណាង​អយ្យការអម​សាលាដំបូង​ខេត្ត​ព្រះវិហារ​លោកស្រី ភី ស៊ីថង បាន​កោះហៅ​សកម្មជន​ការពារ​ព្រៃឈើ​ចំនួន​ ៤ ​នាក់​ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា​ ខាងមុខនេះ ក្រោម​បទចោទ​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​តាម​បណ្ដឹង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ PNP ពី​រឿង​ជម្លោះដីធ្លី​តាំងពី​ឆ្នាំ​ ២០១៥ ខណៈ​ពួកគេ​ទាំង​ ៤ ​នាក់ ​កំពុង​រក​មេធាវី​ឲ្យ​ជួយ​ការពារ​ក្ដី​នេះ​។

តាម​ដីកា​របស់​លោកស្រី ភី ស៊ីថង ចុះ​ថ្ងៃទី ២៨ ខែ​សីហា​​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​ពីថ្ងៃ​ ៨ កញ្ញា ឲ្យ​ដឹងថា អ្នក​ទាំង​ ៤ ​នាក់​នោះ​មាន​ឈ្មោះ ខេម សុឃី ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ​, ឈ្មោះ សូរ ថាល់ ភេទ​ប្រុស អាយុ​ ៤៥ ​ឆ្នាំ​, ឈ្មោះ​ វង្ស សុខខេងលី ភេទ​ប្រុស អាយុ​ ៤៦ ​ឆ្នាំ និង​ឈ្មោះ​ សាន រ៉េត ភេទ​ប្រុស អាយុ​ ៦២ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ភូមិ​ឫស្សីស្រុក ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្តព្រះវិហារ​។

បើ​តាម​ដីកា​នេះ​ពួកគេ​ត្រូវ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​ ១៨ ខែ កញ្ញា​ ឆ្នាំ​ ២០២០ ​វេលា​ម៉ោង​ ៣ ​រសៀល​នៅ​បន្ទប់​សាល​សវនាការ​។ ​ការកោះហៅ​នេះ​ពាក់ព័ន្ធ​សំណុំរឿង​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​តាម​បញ្ញត្តិ​មាត្រា​ ៨៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃទី​ ២៤ ខែ ​មេសា​ ឆ្នាំ​ ២០១៥​។

ដីកា​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សមាសភាព​ក្នុង​អង្គ​ជំនុំជម្រះ​សំណុំ​រឿងនេះ រួមមាន​លោក​ សាយ ណូរិទ្ធ ជា​ចៅក្រម​ជំនុំជម្រះ​,​លោកស្រី ភី ស៊ីថង ជា​តំណាង​អយ្យការ និង​លោក ហុង វណ្ណា ជា​ក្រឡាបញ្ជី​សវនាការ​។ សាមីខ្លួន ត្រូវ​អញ្ជើញ​មក​តាម​ដីកា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា និង​យក​លិខិត​ផ្សេងៗ​ទាក់ទង​នឹង​សំណុំរឿង​ខាងលើ​មក​ជាមួយ​ផង ប្រសិន​បើ​មាន​។

លោក ខេម សុឃី សកម្មជន​ព្រៃឈើ​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​នោះ​បាន​ឲ្យ​ដឹង​ពីថ្ងៃ​ទី​ ៨ កញ្ញា​​ ថា លោក​បាន​ទទួល​ដីកា​នោះ​រួចហើយ តែ​លោក​កំពុង​រក​មេធាវី​ឲ្យ​ជួយ​ការពារ​ក្ដី​នេះ​។ ​ការកោះហៅ​ពួកលោក​នេះ​គឺ​តាម​បណ្ដឹង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ ភីអិនធី​ (P.N.TCo.,Ltd.) ​ក្នុង​ករណី​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​តាំងពី​ឆ្នាំ​ ២០១៥ ​មក​ម្ល៉េះ​។

លោក​បន្តថា រហូត​មក​ទល់​ពេល​នេះ​ទំនាស់​ដីធ្លី​នោះ​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​ទេ ហើយ​ក្រុមហ៊ុន​ក៏ដូចជា មិន​ឃើញ​ធ្វើ​អាជីវកម្ម​អ្វី​លើដី​នោះ​បន្តទៀត​ដែរ បន្ទាប់ពី​កាប់​ព្រៃឈើ​អស់​។

បច្ចុប្បន្ន​អ្នកភូមិ​ ៤ ឬ​ ៥ ​នាក់​ បាន​ទៅ​ដាំ​ដំណាំ​លើដី​ក្រុមហ៊ុន​បណ្ដោះអាសន្ន​ (​ខ្ចី​ដី​ដាំដំណាំ​) ​ដែល​ប្រៀប​ដូច​ទៅ​ជួយ​ចាំ​ដី​ឲ្យ​ក្រុមហ៊ុន​ដែរ​។

លោក​ថា​៖ «​ពលរដ្ឋ​ភូមិ​ខ្ញុំ​ហ្នឹង​​គឺ​ជាង​ ១០០ ​គ្រួសារ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​តាំង​ឆ្នាំ​ ២០១៥ ប៉ុន្ដែ​អាជ្ញាធរ​ដោះស្រាយ​មិន​​ដាច់ស្រេច​ទេ ហើយ​តុលាការ ក៏​កោះហៅ​ទៅ​សួរនាំ​ជា​ហូរហែ តែ​គ្មាន​លទ្ធផល​អ្វី​ទេ​។ គេ​ប្ដឹង​ពួកខ្ញុំ​ ៤ ​នាក់ គឺ​គេ​ថា ពួកខ្ញុំ​ញុះញង់​ពលរដ្ឋ​ឲ្យ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​យក​ដី​ខ្លួនឯង​មកវិញ​។ ​ម្យ៉ាងទៀត​ពួកខ្ញុំ​តែងតែ​រារាំង​សកម្មភាព​កាប់​ព្រៃឈើ​របស់​ក្រុមហ៊ុន​ហ្នឹង អ៊ីចឹង​គេ​ខឹង​ពួកខ្ញុំ ទើប​បាន​ជា​ប្ដឹង​ខ្ញុំ​បែបនេះ​»​។

តំណាង​ក្រុមហ៊ុន​ ភីអិនធី​ (P.N.T Co., Ltd.) ​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណី​នេះ​បាន​ទេ​ពី​ម្សិលមិញ​។

លោក ឡោ ចាន់ មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះវិហារ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៨ កញ្ញា​ ថា លោក​បានដឹង​រឿងនេះ​ដែរ​ដោយ​ពលរដ្ឋ​ទាំង​ ៤ ​នាក់​នោះ​ កំពុង​ដាក់ពាក្យ​ស្នើសុំ​មេធាវី​ពី​សមាគម​អាដហុក​ឲ្យ​ជួយ​ការពារ​ក្ដី​។ លោក​យល់ថា ការកោះហៅ​ពលរដ្ឋ​ឲ្យ​ចូល​បំភ្លឺ​នេះ​គឺ​​អាច​ចង់​ពន្លឿន​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​។

លោក​បញ្ជាក់ថា​៖ «​ប្រសិន​បើ​តុលាការ​បង្គាប់​ឲ្យ​ចាប់​ពួកគាត់​យក​ទៅ​ឃុំខ្លួន​ក្នុង​អំឡុងពេល​សាកសួរ ឬ​ពេល​ណាមួយ​នោះ គឺ​យើង​អាច​ចាត់ទុក​ជា​ការគំរាមកំហែង និង​រំលោភ​លើ​សិទ្ធិ​សេរីភាព​ក៏ដូចជា អយុត្តិធម៌​សម្រាប់​ពួកគាត់ ប៉ុន្ដែ​បើ​ដាក់​ពួកគាត់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​គឺ​វា​រឿង​ធម្មតា​ទេ​​ព្រោះ​នីតិវិធីតុលាការ​ខ្ញុំ​ទទួលស្គាល់​នៅពេល​មាន​សំណុំរឿង​ច្រើន​គឺ​ត្រូវតែ​ចេញ​ដីកាកោះហៅ​អ៊ីចឹង​ហើយ​ដើម្បី​ទុកជា​មូលដ្ឋាន​ដែល​អាច​ចោទប្រកាន់​ ឬ​ទម្លាក់​បទចោទ​ចោល​វិញ​»​។

គួររំឭកថា ទីតាំង​ដី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ (P.N.TCo.,Ltd.) ​ឈូសឆាយ​តាំងពី​ខែមករា ឆ្នាំ​ ២០១៤ មក ធ្វើឲ្យ​ប៉ះពាល់​ផ្ទៃដី​ប្រមាណ ៨០០ ​ហិកតា​ របស់​ពលរដ្ឋ​សរុប​ ១២៧ ​គ្រួសារ​។ ពលរដ្ឋ​តែងតែ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់ និង​ធ្វើស្រែ​ចម្ការ​លើដី​នោះ​ជាង​ ១០ ​ឆ្នាំ​ហើយ​ ​ប៉ុន្តែ​ក្រុមហ៊ុន​បែរជា​ទៅ​ឈូសឆាយ​យក​ធ្វើ​ជា​កម្មសិទ្ធិ​៕