កណ្តាលៈ តុលាការ និងស្នងការនគរបាលខេត្តកណ្តាល បានចេញដីការកោះហៅ កម្មករ និងមន្ត្រីសហជីពសេរីកម្មករ ៨ នាក់ ដើម្បីធ្វើការសាកសួរ ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា ទៅលើនាយកក្រុមហ៊ុនម្នាក់អំឡុងពេលតវ៉ាមួយ កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ។
តំណាងក្រុមកម្មករលោក ធឿន ចេក បាននិយាយថា កម្មករចំនួន ៧ នាក់ និងតំណាងសហជីពម្នាក់ នៅរោងចក្រសម្លៀកបំពាក់កីឡា Eternity Global Sporting ក្នុងស្រុកអង្គស្នួល នឹងត្រូវបង្ហាញខ្លួន នៅសាលាដំបូងខេត្តជុំវិញបញ្ហា«ការប្រើអំពើហិង្សាដោយ ចេតនា» និងនៅស្នងការប៉ូលិសខេត្ត ចំពោះបញ្ហាមួយទៀតដែលគេមិនបង្ហើបប្រាប់។ អ្នកខ្លះត្រូវបានចេញដីកាកោះហៅទាំងពីរករណី។ លោកថ្លែងថា៖«នាយកក្រុមហ៊ុនបានចោទប្រកាន់យើង ពីបទការប្រើអំពើហិង្សាលើនាយកជនជាតិចិនម្នាក់ ប៉ុន្តែយើងមិនបានវាយនរណាម្នាក់នោះទេ។ ខ្ញុំខ្លាចតែបញ្ហានេះ ជាករណីក្លែងបន្លំ»។
កាលពីថ្ងៃទី២២ ខែកុម្ភៈ កម្មករកាត់ដេរជាង ១០០ នាក់ បាននាំគ្នាធ្វើការតវ៉ា នៅខាងក្រៅរោងចក្រដោយបានទាមទារថ្លៃអាហារថ្ងៃត្រង់ ១៣ ដុល្លារ ក្នុងមួយខែ មិនត្រូវកត់លេខកាត ពេលទៅបន្ទប់ទឹក កុំបញ្ឈប់កម្មករ ដោយគ្មានមូលហេតុ និងបញ្ឈប់ការបង្ខំកម្មករឲ្យធ្វើការថែមម៉ោង។ តំណាង ម្នាក់មកពីរោងចក្រសម្លៀកបំពាក់កីឡា Eternity Global Sporting ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា កម្មករ បានវាយថៅកែជនជាតិចិនម្នាក់ ឲ្យរងរបួសមុនពេលសន្តិសុខជួយអន្តរាគមន៍៕ CC