
ភ្នំពេញៈ ចំនួនអ្នកគាំទ្រលោកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅបឹងកក់ ដែលកំពុងជាប់ឃុំ បានកើនឡើងនៅទីធ្លាតុលាការកំពូល ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ដោយស្រែកយំ បន្ទាប់ពីបណ្តឹងសារទុក្ខសុំធានានៅក្រៅឃុំត្រូវបដិសេធ ហើយលោកស្រីត្រូវអមដំណើរទៅក្នុងរថយន្តដឹកឆ្ពោះទៅពន្ធនាគារ ព្រៃស។
អ្នកគាំទ្រអ្នកស្រីជាង១០០ នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅស្រែកដាក់មន្រ្តី ហើយគោះរថយន្ត មុនពេលត្រូវបន្ថែមល្បឿន ខណៈអ្នកស្រី បុប្ផា ស្រែកពីក្នុងរថយន្ត ជាហេតុធ្វើឲ្យអ្នកតវ៉ាហែកនិងដុតរូបជញ្ជីងយុតិ្តធម៌។
អ្នកស្រី បុប្ផា អាយុ២៩ឆ្នាំ ដែលត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ បានចូលទៅក្នុងបន្ទប់សវនាការស្ងាត់ៗ ប៉ុន្មានម៉ោងមុន ដោយសង្ឃឹមថា ចៅក្រមជំនុំជម្រះមាន៥នាក់ នឹងដោះលែងអ្នកស្រីតាមពាក្យធានាឲ្យនៅក្រៅឃុំ មុនសាលាឧទ្ធរណ៍បើកសវនាការខណៈពុំទាន់បានកំណត់កាលបរិច្ឆេទនៅឡើយ។
សកម្មជនរូបនេះថ្លែងថា ៖ «ខ្ញុំគិតថា ប្រសិនបើតុលាការឯករាជ្យរូបខ្ញុំនឹងត្រូវដោះលែងដោយការធានា ឲ្យនៅក្រៅឃុំ។ ខ្ញុំសង្ឃឹមទទួលបានយុតិ្តធម៌ ហើយខ្ញុំនឹងមិនចុះញ៉មឡើយ។ ខ្ញុំនឹងតស៊ូ ទាល់តែខ្ញុំទទួលបានយុតិ្តធម៌»។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាពីបទប្រើហិង្សាដោយចេតនា បន្ទាប់ពីត្រូវបានចោទប្រកាន់ថា ជាអ្នកបញ្ជាឲ្យគេយកពូថៅទៅវាយប្រហារអ្នករត់ម៉ូតូឌុបពីរនាក់ នៅភូមិ ២២ តំបន់បឹងកក់ នៅថ្ងៃទី៧ ខែសីហាឆ្នាំមុន។ អ្នកគាំទ្ររបស់អ្នកស្រី និងក្រុមសិទិ្ធមនុស្សបានថ្លែងថា បទចោទប្រកាន់នេះពុំមានមូលដ្ឋាន ហើយត្រូវបានជំរុញដោយសារគេចង់បំបិទមាត់សហគមន៍របស់លោកស្រី។
ក្នុងសវនាការដែលមានរយៈពេល ២៥ នាទី កាលពីម្សិលមិញ បានថ្លែងថា មូលហេតុស្នើសុំធានានៅក្រៅឃុំគឺដោយសារបញ្ហាបេះដូង ដែលត្រូវការការព្យាបាលជាប្រចាំ ហើយសេចក្តីត្រូវការចង់ថែទាំគ្រួសាររបស់លោកស្រី រាប់ទាំងកូនប្រុសអាយុ ៩ ឆ្នាំ ឈ្មោះ លី ហូរ ផងដែរ។
លោកស្រីបានប្រាប់ចៅក្រមថា ៖ «ប្តីខ្ញុំនឹងដាក់ប្រាក់ ៤ លានរៀលដើម្បីធានានៅក្រៅឃុំ ហើយខ្ញុំនឹងមកឆ្លើយសំណួរជូនតុលាការ ពេលណាតុលាការកោះហៅឲ្យមកឆ្លើយ»។
ចំពោះមូលហេតុដែល តុលាការគួរច្រានចោលពាក្យសុំ លោក សេង ប៊ុនឃៀង ព្រះរាជអាជ្ញា បានថ្លែងថា អ្នកស្រី យ៉ោម បុប្ផា ត្រូវរកឃើញថា មានពិរុទ្ធពីបទវាយប្រហារ ហើយអ្នកស្រីអាចរត់គេចខ្លួន បើទោះសហគមន៍អ្នកស្រីនៅបន្តទាមទារក្នុងជម្លោះដី តំបន់បឹងកក់ក៏ដោយ។
ក្នុងពេលដ៏ខ្លីមួយ លោក ប៊ុនឃៀង បន្ថែមថា ករណីអ្នកស្រីយ៉ោម បុប្ផា ជាករណីពិសេស។
នៅពេលមេធាវីម្នាក់របស់អ្នកស្រី យ៉ោម បុប្ផា គឺលោក ហម ស៊ុនរិទ្ធ សួរថា តើពាក្យពិសេស ព្រះរាជអាជ្ញាមានន័យអ្វី ពេលនោះចៅក្រមបានបង្អាក់ដោយនិយាយថា លោក ប៊ុនឃៀង ពុំមានពេលនឹងពន្យល់ចំណុចនេះឲ្យលម្អិតបានទេ។
បន្ទាប់ពី អ្នកស្រី បុប្ផា ជាមួយនឹងកូនប្រុសនៅលើជង្គង់ បានធ្វើសន្និសីទសារព័ត៌មាននៅខាងក្រៅបន្ទប់សវនាការ លោក ឃឹម ប៉ុណ្ណ ប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងថា អ្នកស្រី បុប្ផា នឹងត្រូវបន្តជាប់ឃុំពន្ធនាគារព្រៃស។
លោកបន្តថា៖ « តុលាការកំពូលមិនឯកភាពលើពាក្យសុំរបស់លោកស្រីទេ ព្រោះបញ្ហាបេះដូង ដែលអ្នកស្រី យ៉ោម បុប្ផា លើកឡើង ពុំត្រូវបានបញ្ជាក់ក្នុងឯកសារផ្លូវការរបស់អាជ្ញាធរសុខាភិបាល ឡើយ។ ម្យ៉ាងទៀតជនសង្ស័យត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររួចហើយ ដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧ខែធ្នូឆ្នាំមុន»។
អ្នកស្រី យ៉ោម បុប្ផា ឡោមព័ទ្ធដោយសន្តិសុខ និងអ្នកស្រី ហេង មុំ សកម្មជនបឹងកក់ដូចគ្នា បានថ្លែងថា ការប្រយុទ្ធដើម្បីយុត្តិធម៌របស់គាត់នឹងធ្វើបន្តទៀត។
អ្នក ស្រីបន្តថា៖ «នេះជាសាររបស់ខ្ញុំចំពោះសហគមន៍យើង។ កុំចុះចាញ់ឬកុំគិតថា ខ្ញុំមិនអាចត្រូវដោះលែង។ យើងត្រូវតែបន្តតស៊ូដើម្បីសិទិ្ធដីធ្លីរបស់យើង»។ អ្នកស្រីលើកដៃមុនពេលបង្ខំចូលរថយន្ត និងស្រែកថា៖ «តស៊ូ តស៊ូ យុតិ្តធម៌ នឹងកើតមាន»។
អ្នកស្រី ហេង មុំ បាននិយាយទាំងទឹកភ្នែកថា៖«ខ្ញុំសង្ឃឹមថា ថ្ងៃនេះនឹងជាថ្ងៃអ្នកស្រី យ៉ោម បុប្ផា មានសេរីភាព តែវាអយុតិ្តធម៌ ...អយុត្តិធម៌ណាស់!ហេតុអ្វី?» ។
អំឡុងអ្នកស្រី យ៉ោម បុប្ផា ត្រូវជំនុំជម្រះពីខែធ្នូ ប្តីគាត់ឈ្មោះ លូស សាខន បានទទួលទោសដូចគ្នា តែត្រូវព្យួរភ្លាមៗផងដែរ ចំណែកឯប្អូនប្រុសគាត់ឈ្មោះ យ៉ោម កាន់ឡុង និង យ៉ោម សិទ្ធ ត្រូវកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងចេញដីកាតាមចាប់ខ្លួនពួកគេ។
ក្នុងសេចក្តីថ្លែងមួយដែលមាន ឈ្មោះអង្គការ STT សមភាពកម្ពុជា និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូ ថ្លែងថា៖«កំហុសនីតិវិធីនិងអង្គសេចក្តីក្នុងការជំនុំជម្រះអ្នកស្រី យ៉ោម បុប្ផា ពីដំបូងគឺមានកម្រិតធ្ងន់ខ្លាំងណាស់ដែលវាមិនអាចសន្និដ្ឋានថា ការកាត់ទោសមិនមែនដោយសារបញ្ហានយោបាយនោះឡើយ»៕ TK