ភ្នំពេញៈ តុលាការកំពូលកាលពីថ្ងៃសុក្រ បានបើកសវនាការបិទទ្វារ លើសំណុំរឿងសុំធានានៅក្រៅឃុំ នៃសមាជិកសហជីពចំនួន ៨ រូប ដែលត្រូវបានចាប់ខ្លួន ក្នុងបាតុកម្ម កាលពីថ្ងៃទី ៣ ខែ មិថុនា នៅរោងចក្រកាត់ដេរ Sabrina ខេត្ត កំពង់ស្ពឺ។
លោក កៅ ទី មេធាវីតំណាងកម្មករបានឲ្យដឹងថា តុលាការ នឹងចេញសេចក្តីសម្រេចចំពោះពាក្យស្នើសុំនៅក្រៅឃុំ របស់កម្មករនៅថ្ងៃ ទី៩ ខែ តុលា។ លោក កៅ ទី បានបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា តុលាការកំពូល នឹងពិចារណាករណីនេះនិងអនុញ្ញាតឲ្យកម្មករ និងសមាជិក [សហជីពសេរីកម្មករ] ទាំង ៨ នាក់ បាននៅក្រៅឃុំ»។
កងរាជអាវុធហត្ថ បានចាប់ខ្លួនកម្មករនៅរោងចក្រ Sabrina និងសមាជិកសហជីពសេរីកម្មករ ៨នាក់ ក្នុងអំឡុងកូដកម្ម ដែលមានកម្មករចូលរួមជាង ១០០០ នាក់ បន្ទាប់ពីកូដកម្ម បានក្លាយទៅជាអំពើហិង្សា។
កូដករ និងកម្មករ ដែលកំពុងធ្វើការនៅរោងចក្រ Sabrina បានគប់ដុំថ្ម និងដំបងដាក់គ្នា បង្កឲ្យខូចខាតទ្រព្យសម្បតិ្តរបស់រោងចក្រជាច្រើន និងបង្ករបួសដល់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ ក្នុងនោះមានមន្រ្តីនគរបាល ៩នាក់ ផងដែរ។
កាលពីខែ កក្កដា តុលាការខេត្ត កំពង់ស្ពឺ បានបដិសេធពាក្យសុំធានានៅក្រៅឃុំរបស់ក្រុមកម្មករទាំងនោះ។ ចាប់តាំងពីកូដកម្មខែ កក្កដា មកមនុស្សយ៉ាងហោចណាស់ ៨នាក់ទៀត ត្រូវបានចោទប្រកាន់ដោយតុលាការ។ ប៉ុន្តែ គ្មានអ្នកណាម្នាក់ត្រូវបានចាប់ឃុំទៀតឡើយ៕