កំពង់ចាមៈ មនុស្ស ៥ នាក់ក្នុងចំណោម ១០ នាក់ដែលត្រូវបានសមត្ថកិច្ច ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនកាលពីថ្ងៃសៅរ៍និងបានបញ្ជូនទៅកាន់តុលាការខេត្តនៅថ្ងៃបន្ទាប់ ហើយត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ និងឃុំខ្លួនជនទាំងនោះកាលពីថ្ងៃអង្គារម្សិលមិញនេះ។
លោក គីម សុជាតិ មេធាវីរបស់ជនជាប់ចោទទាំង ៥ នាក់បាននិយាយកាលពីថ្ងៃម្សិលមិញថា តុលាការ ខេត្តកំពង់ចាម បានសម្រេចធ្វើការចោទ និងឃុំខ្លួនមន្រ្តីសហជីព ស៊ីខៅឌូ ម្នាក់អនុប្រធានសហជីព ស៊ីខៅឌូ ប្រចាំរោងចក្រម្នាក់ និងកម្មករ-កម្មការិនីចំនួន ៣ នាក់ផ្សេងទៀតដាក់ពន្ធនាគារខេត្តបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតបន្ត។
លោក សុជាតិ បានថ្លែងប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់ពីកូនក្តីលោកត្រូវបានបញ្ជូនទៅពន្ធនាគារថា៖ «ចៅក្រមបានសម្រេចឃុំខ្លួនពួកគេទាំង ៥ នាក់ បន្ទាប់ពីពួកគេត្រូវបានធ្វើការចោទរួច។ ការចោទប្រកាន់នេះបែងចែកជាពីរបក្ស គឺសម្រាប់ជនជាប់ចោទឈ្មោះ ឃុន សុខុម ជាមន្រ្តីសហជីពស៊ីខៅឌូ និង ម៉ុន សារ៉ែម ដែលជាអនុប្រធានសហជីពស៊ីខៅឌូ ប្រចាំរោងចក្រ ជូហួយ ចោទពីបទផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា។ ដោយឡែកជនបីនាក់ផ្សេងទៀតគឺ បៀន សារីម កង សាវុធ និងនេត ពិសី ដែលជាកម្មករ-កម្មការិនី និងអ្នកបើកបរឡាន ត្រូវបានចោទពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា»។
លោកមេធាវី គីម សុជាតិ បានបន្តទៀតថា នេះជាការឃុំខ្លួនបណ្តោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតបន្ត ដូចនេះយើងមិនទាន់ដឹងថា តើថ្ងៃណាតុលាការនឹងធ្វើការបើកសវនាការកាត់ក្តីលើរឿងនេះទេ។
ទាក់ទងនឹងការចោទ និងសម្រេចឃុំខ្លួនទៅលើកូនក្តីរបស់លោកទាំង ៥ នេះ លោកមេធាវីយល់ឃើញថា៖ «នេះជារឿងអយុត្តិធម៌បំផុតសម្រាប់កូនក្តីលោក ដោយសារមិនមានភ័ស្តុតាងណាមួយសម្រាប់ដាក់បន្ទុកគ្រប់គ្រាន់ក្នុងការធ្វើជាមូលដ្ឋានសំខាន់ក្នុងការសម្រេចធ្វើការឃុំខ្លួននោះទេ»។
លោក សុជាតិ បន្តថា៖ «ខ្ញុំនឹងធ្វើការប្រមូលភ័ស្តុតាង និងរៀបចំឯកសារដើម្បីដាក់ទៅតុលាការធ្វើការធានាកូនក្តីខ្ញុំឲ្យនៅក្រៅឃុំឲ្យបានឆាប់ៗនាពេលខាងមុខនេះ»។
មនុស្ស ៥ នាក់ត្រូវបានធ្វើការដោះលែងឲ្យមានសេរីភាពកាលពីរសៀលថ្ងៃចន្ទ ដោយសារពួកគេមិនមានកំហុស។
កាលពីថ្ងៃអង្គារម្សិលមិញនេះដែរ មុនពេលតុលាការធ្វើការសម្រេចលើការឃុំខ្លួនមនុស្សទាំង ៥ នាក់នោះ កម្មករប្រមាណជា ២៥០ នាក់បានប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រ ជូហួយ ដើម្បីធ្វើពិធីនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំទឹកដើម្បីនាំមកនូវសិរីសួស្តី សំណាងល្អ និងបង្វែរគំនិតអាក្រក់របស់អាជ្ញាធរ ក៏ដូចជារោងចក្រឲ្យបញ្ឈប់ការធ្វើបាប រំលោភសិទ្ធិកម្មករបន្តទៀត។
លោក ប៊ុត ប៊ុនឈាន មន្ត្រីច្បាប់នៃសហជីពស៊ីខៅឌូ ដែលបានចូលរួមក្នុងពិធីប្រោះព្រំនោះបាននិយាយកាលពីថ្ងៃម្សិលមិញថា កម្មករនឹងធ្វើការហែក្បួនពីរោងចក្រទៅកាន់តុលាការ និងស្នងការខេត្តនៅថ្ងៃព្រហស្បតិ៍ដើម្បីទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង ៥ នាក់នោះឲ្យមានសេរីភាពវិញ។
លោក ប៊ុនឈាន បានឲ្យដឹងថា៖ «តាមគម្រោងរបស់កម្មករគឺនឹងធ្វើការជួបជុំគ្នានៅមុខរោងចក្រ រួចធ្វើការហែក្បួនទៅកាន់ស្ថាប័នពាក់ព័ន្ធដែលមានតុលាការ និងស្នងការដើម្បីធ្វើការទាមទារឲ្យមានការដោះលែងអ្នកទាំង ៥ ដែលជាតំណាងរបស់ពួកគេដែលកំពុងតែជាប់ឃុំ»។
ទាក់ទងនឹងគម្រោងហែក្បួនរបស់ក្រុមកម្មករនេះ លោក ហេង វុទ្ធី អធិការ ស្រុកជើងព្រៃ បាននិយាយថា លោកមិនទាន់ទទួលបានដំណឹងណាមួយពីគម្រោងរបស់កម្មករក្នុងការហែក្បួនទៅកាន់ទីរួមខេត្តទេ ប៉ុន្តែបើមានមែន លោកមិនអាចអនុញ្ញាតបានឡើយ។
លោកបានថ្លែងថា៖ «ទោះបីជាពួកគេមានសិទ្ធិធ្វើចឹងក៏ដោយ ប៉ុន្តែខ្ញុំមិនអាចបណ្តោយឲ្យពួកគេធ្វើអ្វីតាមចិត្តដែរដោយសារវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»។
លោកបានធ្វើការចោទសួរទៅកាន់ក្រុមកម្មករ និងមន្រ្តីសហជីពថា បើសិនពួកគេធ្វើការហែក្បួនទាមទារឲ្យមានការដោះលែង តើពិតជាតុលាការធ្វើការដោះលែងមែនទេ? ពួកគេធ្វើខុសច្បាប់ ត្រូវទទួលទោសតាមច្បាប់។
លោក ហេង វុទ្ធី បានឲ្យដឹងទៀតថា៖ «ហេតុអ្វីបានជាថ្នាក់ដឹកនាំសហជីពទាំងនោះមិនធ្វើការហាមឃាត់កម្មករពេលមានការតវ៉ា បែរជាមកទាមទារឲ្យមានការដោះលែងពេលដែលពួកគេធ្វើខុសច្បាប់រួចទៅហើយនោះ»។
សូមបញ្ជាក់ថា កម្មកររោងចក្រស្បែកជើង ជូហួយ បានធ្វើការតវ៉ាទាមទារលក្ខខណ្ឌការងារជិត ២ ខែមកហើយ ហើយក៏ធ្លាប់មានការប៉ះទង្គិចគ្នាជាច្រើនមកហើយដែរ ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះមានការប៉ះទង្គិចគ្នាមួយយ៉ាងធ្ងន់ធ្ងររវាងកម្មករដែលតវ៉ា និងកម្មករនៅខាងក្នុងរោងចក្រជាមួយនឹងក្រុមសមត្ថកិច្ចដែលធ្វើឲ្យមានអ្នករបួសជាច្រើននាក់ ក្នុងនោះកម្មកររងរបួសប្រមាណជា ៣០ នាក់និងសមត្ថកិច្ចរងរបួស ៩ នាក់ផងដែរ៕