កោះកុងៈ សាលា​ដំបូង​ខេត្ត​កោះកុង ​កាលពីថ្ងៃទី ២៥ ខែ ​មេសា បាន​​ចេញ​ដីកា​កោះហៅ​លោក អាឡិច ហ្គន់​សា​ឡេស ដេវិត​សុន ជនជាតិ​អេស្ប៉ាញ ដែល​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ឱ្យចូល​មក​បំភ្លឺ​នៅ​ក្នុង​សវនាការ​នៅថ្ងៃទី​ ៣០ ខែ​ កក្កដា វេ​លាម៉ោង ៨ និង​ ៣០ នាទី​ព្រឹក​ជា​កំហិត។

យោង​តាម​ដីកាកោះហៅ​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​អយ្យការ លោក អុីវ ត្រាយ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាល​ពីម្សិល​មិញ បាន​ឱ្យ​ដឹងថា លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នាពេ​ល​​សវនាការ​ រឿង​របស់​លោក​ដែល​ជាប់​ចោទ​ពីបទ «សមគំនិត ​ក្នុង​អំពើ​គំរាម​កំហែង​ថា ​នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ» ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ព្រែក​អណ្តូង​ទឹក ឃុំ​អណ្តូង​ទឹក ស្រុក​បទុម​សាគរ ខេត្ត​កោះ​កុង កាល​ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ​២៨ ខែ ​កក្កដា ឆ្នាំ ២០១៥ និង​ថ្ងៃទី​ ១២ ខែ​ សីហា ឆ្នាំ​ ២០១៥ ជាបទ​ល្មើស​ដែល​មាន​បញ្ញត្តិ​ឱ្យផ្ត​ន្ទាទោស​តាម​មាត្រា​ ២៩ និង​មាត្រា ៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក អាឡិច ហ្គន់​សាឡេ​ស ត្រូវ​បាន​បញ្ជូន​​ចេញ​ពី​ប្រទេស​ កម្ពុជា កាល​ពី​អំឡុង​ឆ្នាំ ២០១​៥ បន្ទាប់​ពី​ទិដ្ឋាការ​របស់​លោក​បាន​ហួស​ពេល​កំណត់។

លោក អាឡិច ហ្គន់​សាឡេ​ស ដេវិត​សុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម WhatsApp ពី​សហរដ្ឋ​អាមេរិក​កាល​ពីម្សិល​មិញ​ថា មូល​ហេតុ​ដែល​តុលាការ​ចេញ​ដីកា​កោះហៅ​​រូប​លោក​ គឺ​ដោ​យសារលោកបាន​ស្នើ​សុំ​តាម​រយៈ​មេធាវី​ឱ្យ​តុលាការ​គោរព​នីតិវិ​ធី គោរព​ច្បាប់ និង​គោរព​សិទ្ធិ​របស់​លោកក្នុង​នាម​ជាជនជាប់​ចោទ។

លោក អាឡិច​ ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់​នោះ បាន​បញ្ជាក់​ថា៖ «ខ្ញុំមាន​សិទ្ធិ​ការពារ​ខ្លួននៅ​ក្នុង​សវនា​​ការ​ យោង​តាម​ច្បាប់ យោង​តាម​កតិកា​សញ្ញាអន្តរ​ជាតិ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ផង និង​យោង​តាម​ច្បាប់​នៃ​ប្រទេស​ កម្ពុជា ហើយ​មេធាវី​ខ្ញុំ​​បាន​ព្យាយាម​រយៈពេល​ជាង ​២​ ឆ្នាំ​កន្លះ​កន្លង​មក ពីព្រោះ​អីតាំង​ពី​ខែ ២ ខែ ៣ ​ឆ្នាំ​ ២០១៦ រហូត​បច្ចុប្បន្ន​ហ្នឹង។ អ៊ីចឹង​នេះ​គឺជា​លទ្ធផល​នៃការ​ខិត​ខំប្រឹង​ប្រែង​របស់​មេធារីរបស់​ខ្ញុំ​ ដែល​ខ្ញុំ​បានប្រាប់​គាត់​ថា ជំរុញ​ឱ្យ​តុលាការ​ហ្នឹងគោរព​នីតិវិធី គោរព​សិទ្ធិ​របស់​ខ្ញុំ​ផង»។

លោក អ៊ុន សុវណ្ណ​ធានី អ្នកនាំពាក្យ​នៃ​អយ្យការ​សាលា​ដំបូង​ខេត្ត​កោះ​កុង បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍កាល​ពី ម្សិលមិញ​ថា ការ​កោះ​ហៅ​នេះដោយ​សារ​​តែ​រឿង​គាត់​ត្រូវ​បាន​ដាក់ឱ្យ​ជំនុំជម្រះ។ ជន​ជាប់​ចោទ​មាន​សិទ្ធិ​ទទួល​បាន​ដំណឹង​អំពី​សវនាការ។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ ទើប​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ជន​ជាប់​ចោទ​ ដើម្បី​ជូន​ដំណឹង​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ជំនុំ​ជម្រះ»។

លោក អាឡិច ហ្គន់សា​ឡេស ដេវិតសុន ​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់វីសាឲ្យ​លោក​អាច​ចូល​មក​ប្រទេស ​កម្ពុជា​ វិញ​បាននោះ​ លោក​នឹង​វិល​មក​ចូល​រួម​សវនាការ​ទៅ​ទៅ​តាម​ការ​កោះ​ហៅ​របស់​សាលា​ដំបូង​ខេត្ត​កោះ​កុង ក្នុង​នាម​ជា​សកម្មជន​បរិស្ថាន និង​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ប្រទេស​ កម្ពុជា៕