កំពង់ស្ពឺៈ សាលាដំបូងខេត្ត កំពង់ស្ពឺ បានសម្រេចមិនឃុំខ្លួនសមាជិកពីររូបនៃ សហជីពសេរីកម្មករ (FTU) ដែលត្រូវចោទប្រកាន់ពីបទញុះញង់និងបំផ្លាញទ្រព្យសម្បត្តិ ក្រុមហ៊ុន សាប្រ៊ីណា ពីខែ មិថុនា ក្នុងស្រុក សំរោងទង ទេ ក្នុងការសាកសួរ កាលពីថ្ងៃម្សិលមិញ។
លោក ជី សាក់ឡា អាយុ ៣៣ ឆ្នាំ អនុប្រធានសហជីព FTU ប្រចាំរោងចក្រ សាប្រ៊ីណា ដែលក្រុមហ៊ុនព្យួរការងារនិងត្រូវចោទពីបទញុះញង់ និងបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនបានឲ្យដឹងថា គាត់ជាអ្នក ទី១ ដែលបានបង្ហាញមុខនៅតុលាការក្នុងចំណោមសមាជិក ៨ រូប ដែលតុលាការចេញដីកាកោះហៅសាកសួរ។ គាត់បន្តថា៖ «ខ្ញុំបានទៅជួបនិងឆ្លើយសំណួរចៅក្រមស៊ើបសួររួចហើយ កាលពីព្រឹកមិញនេះ ហើយតុលាការមិនឃុំខ្លួនខ្ញុំទេ ប៉ុន្តែបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ»។
លោក ជី សាក់ឡា បន្ថែមថា តុលាការមិនឃុំគាត់មែន ប៉ុន្តែគាត់គ្មានសិទ្ធិប្ដូរលំនៅតាមចិត្តចង់នោះឡើយ។
លោកបញ្ជាក់ថា៖ «បើសិនខ្ញុំមិនគោរពការសម្រេចរបស់តុលាការទេ ខ្ញុំនឹងត្រូវចាប់ខ្លួន។ ខ្ញុំខកចិត្តនៅពេលតុលាការសម្រេចបែបនេះ ព្រោះហាក់ដូចជាគេឃុំខ្លួនដូច្នោះដែរ។ ខ្ញុំចង់ឲ្យតុលាការបញ្ចប់ករណីនេះឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីរកយុត្តិធម៌ដល់ខ្ញុំ និងជនត្រូវចោទផ្សេងទៀត»។
កាលពីខែមុន តុលាការខេត្ត កំពង់ស្ពឺ បានចេញដីកាកោះហៅមនុស្ស ៨ នាក់ដែលត្រូវចោទ ថា បានពាក់ព័ន្ធនឹងការប៉ះទង្គិចហិង្សាជាមួយអាជ្ញាធរក្នុងកូដកម្មនៅមុខក្រុមហ៊ុនដែលផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Nike នៅខេត្ត កំពង់ស្ពឺ ដើម្បីសាកសួរ ខណៈកម្មករ ៨ នាក់ទៀតត្រូវចាប់ខ្លួននៅកន្លែងកើតហេតុ និងកំពុងឃុំខ្លួនរង់ចាំសវនាការនៅឡើយ។
កម្មករ ៨ នាក់នេះ គឺជាអ្នកចុងក្រោយដែលត្រូវប្រឈមនឹងការចោទប្រកាន់មួយចំនួន បន្ទាប់ពីបាតុករបានប្រើដំបង និងដុំថ្មគប់គ្នាជាមួយនគរបាល និងកម្មករខ្លះទៀត ដែលនៅធ្វើការក្នុងរោងចក្រ សាប្រ៊ីណា នេះ។
ការប៉ះទង្គិចគ្នាបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរោងចក្រជាច្រើន និងធ្វើឲ្យមនុស្សយ៉ាងតិច ២៣ នាក់ រងរបួសក្នុងនោះមានមន្ត្រីនគរបាលម្នាក់ផង។
លោក សាយ សំបូរ អាយុ ២៧ ឆ្នាំ ដែលបង្ហាញខ្លួននៅតុលាការពីម្សិលមិញជាមួយលោក ជី សាក់ឡា ក៏ត្រូវតុលាការសម្រេចដូចគ្នានេះដែរ។
យោងដីកាសម្រេចចេញដោយលោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត កំពង់ស្ពឺ ដែលកាន់សំណុំរឿងនេះ បានឲ្យដឹងថា តុលាការបានអនុញ្ញាតឲ្យជនសង្ស័យរួចពីការឃុំខ្លួនបណ្តោះអាសន្ន ប៉ុន្តែ ពួកគេត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោកថា ជនត្រូវចោទជាប់កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ តាមមាត្រា ២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនត្រូវផ្លាស់ប្តូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ និងត្រូវបង្ហាញខ្លួនតាមការកោះហៅរបស់ចៅក្រមស៊ើបសួរ។
ដីកា បន្តថា ប្រធានប៉ុស្តិ៍នៅក្នុងមូលដ្ឋាន ជាអ្នកត្រូវអនុវត្តតាមដីកាសម្រេចនេះ និងរាយការណ៍ឲ្យចៅក្រមស៊ើបសួរ ទៀងទាត់ ក្នុងករណីដែលជនត្រូវចោទគេចវេះដោយចេតនា មិនអនុវត្តតាមដីកាសម្រេចនេះ។
ក្នុងករណីដែលជនត្រូវចោទគេចវេះដោយចេតនានិងមិនអនុវត្តតាមចៅក្រមស៊ើបសួរនឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ ដោយអនុវត្តតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
សមាជិក FTU ម្នាក់ទៀតឈ្មោះ ស៊ុន វណ្ណនី អាយុ ៣៣ ឆ្នាំនឹងបង្ហាញមុខនៅតុលាការនេះដើម្បីសាកសួរដូចគ្នាដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕ PN