កណ្ដាលៈ ​បុរស​ម្នាក់​ត្រូវ​បាន​តុលាការខេត្ត​កណ្ដាល​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ ១ ​ថ្ងៃ​ ក្រោយពី​សមត្ថកិច្ច​សហការ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២០ ​កុម្ភៈ​ នៅ​ភូមិ​ព្រែកជ្រៃ សង្កាត់-ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​បង្ហោះ​រូបអាក្រាត​កាយ និង​គំរាម​ហែកកេរ្តិ៍​នារី​ជា​សង្សារ ។

លោក សូ សារិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​បាន​ប្រាប់​កាលពី​ថ្ងៃ​អាទិត្យ​ថា ជនសង្ស័យ​ឈ្មោះ អ៊ឹម អូន អាយុ​ ៤០ ​ឆ្នាំ​ ត្រូវ​បាន​លោក​ ទិន សុចិត្រា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​កណ្តាល​ចោទ​ពាក់ព័ន្ធ​នឹង​បទល្មើស​បង្ហោះ​រូបអាក្រាត ហើយ​ចៅក្រម​ស៊ើប​ក៏​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​ ២១ ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។

លោក​ថា​៖ «​បុរស​នោះ​ត្រូវ​ចោទ​ពី​បទគំរាមកំហែង​ហែកកេរ្តិ៍ និង​បទចែកចាយ​រូបភាព​អាសអាភាស ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​មាត្រា​ទេ​»​។

ក៏ប៉ុន្តែ​តាម​បទចោទ​ទាំងនេះ​គឺ​​ ១ ​ផ្អែក​តាម​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ៣៧២ ​និង​ ១ ​ទៀត​ផ្នែក​តាមច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​មាត្រា​ ៣៩​។ ​តាម​មាត្រា​ ៣៧២ ​នៃ​ក្រមព្រហ្មទណ្ឌ ប្រសិន​បើ​តុលាការ​រកឃើញ​ថា មាន​កំហុស​មែន​នោះ​នឹង​ត្រូវ​ប្រឈម​ការជាប់​ពន្ធនាគារ​ពី​ ២ ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ ​លាន​ទៅ​ ១០ ​លាន​រៀល​ផង​។ ​រី​មាត្រា​ ៣៩ ​នៃ​ច្បាប់​ខាងលើ​ត្រូវ​ផ្តន្ទាទោស​ពី​ ១ ​ខែ​ដល់​ ១ ​ឆ្នាំ និង​​ពិន័យ​ពី​ ២ ​សែន​រៀល​ទៅ​ ២ ​លាន​រៀល​។

លោក ម៉ែន ច័ន្ទរិទ្ធ អធិការនគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ថ្លែងថា ការចាប់ខ្លួន​នេះ បន្ទាប់ពី​នារី​រងគ្រោះ​បាន​ប្តឹង​លោក​ហើយ​លោក​បាន​រាយការណ៍​​បន្ត​ទៅ​ថ្នាក់​ខេត្ត​។

លោក​ប្រាប់ថា​៖ «​ពេល​នារី​រងគ្រោះ​ប្រាប់​ខ្ញុំ​ភ្លាម ខ្ញុំ​បាន​រាយការណ៍​ទៅ​ថ្នាក់​ខេត្តហើយ​ខាង​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ខ្ញុំ​បញ្ជូន​នាង​ទៅ​ដើម្បី​សាកសួរ​។ ខ្ញុំ​មិន​បាន​សួរ​នាង​ផ្ទាល់​ទេ​»​។

លោក​ប្រាប់ថា នារី​រងគ្រោះ​មាន​អាយុ​ ២២ ​ឆ្នាំ​មាន​លំនៅ​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។ ​រីឯ​ជនសង្ស័យ​ស្នាក់នៅ​បន្ទប់​ជួល ម្តុំ​រោងចក្រ​ព្រែក​ជ្រៃ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ​ការចាប់ខ្លួន​នេះ​មាន​ការសហការ​ជាមួយ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​។

មន្ត្រីនគរបាល​ខេត្តកណ្ដាល​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែងថា នារី​រងគ្រោះ និង​ជនសង្ស័យ​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​តាំងពី​ឆ្នាំ​ ២០១៧ ខណៈ​ធ្វើការ​ជាមួយ​គ្នា​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​​ភូមិ​ព្រែកជ្រៃ សង្កាត់-ខណ្ឌដង្កោ​។ ការបណ្ដោយ​ខ្លួន​ឲ្យ​ថតរូប​អាក្រាត​ពេល​រួមភេទ​ម្ដងៗ ដោយសារ​នារី​រងគ្រោះ​ទុកចិត្ត​​ និង​គិតថា គង់តែ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​។

ប៉ុន្តែ​ដល់​ឆ្នាំ​ ២០១៩ នារី​រងគ្រោះ​បាន​ស៊ើប​ដឹងថា ជនសង្ស័យ​មាន​ប្រពន្ធ និង​កូន​ ២ ​នាក់ ​ទើប​នាង​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ផ្សេង​។

លោក​ថា​លុះ​ ២ ​ថ្ងៃ​ ក្រោយ​មក​ក៏​ដឹង​ដល់​​ជនសង្ស័យ ហើយ​គេ​បាន​ប្រាប់​នារី​រងគ្រោះ​មិន​ឲ្យ​រៀបការ​ជាមួយ​អ្នក​ផ្សេង​ទេ​​ បើ​មិន​ដូច្នោះ​គេ​នឹង​ធ្វើឲ្យ​នាង​សង​បណ្ណាការ​បុរស​ថ្មី​នោះ​។ ​មិន​តែ​ប៉ុណ្ណោះ​ជនសង្ស័យ​បាន​គំរាម​ប៉ង​សម្លាប់​នារី​រងគ្រោះ​ជាច្រើន​លើក​។ បន្ទាប់ពី​គំរាម​មិន​អស់ចិត្ត ជនសង្ស័យ​បាន​ផ្ញើ​រូបអាក្រាត​នារី​រងគ្រោះ​ទៅ​គូ​ដណ្តឹង និង​ចែករំលែក​រូបភាព​នោះ​បន្ត​ទៅ​បងប្អូន​នារី​រងគ្រោះ​ជាច្រើន​នាក់​ទៀត​រហូត​ទាល់តែ​បុរស​ជា​គូដណ្តឹង​សុំ​ផ្តាច់​ពាក្យ​នៅ​ថ្ងៃទី​ ៥ ខែ​កុម្ភៈ​មុន​ថ្ងៃ​រៀបការ​ចូល​មក​ដល់​នៅ​ថ្ងៃទី​ ២១ ខែ​កុម្ភ:​ឆ្នាំ​នេះ​។

លោក​បាន​បន្ដថា ដោយសារ​តែ​បញ្ហា​នេះ​នារី​រងគ្រោះ​ក៏បាន​ប្ដឹង​ទៅកាន់​​សមត្ថកិច្ច​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅក្នុង​រោងចក្រ​មួយ​កន្លែង​ក្នុង​សង្កាត់-ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​តែ​ម្ដង​៕