ភ្នំពេញៈ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​ ៩ ឧសភា បាន​សម្រេច​ឃុំខ្លួន​អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ម្នាក់​ក្នុង​ពន្ធនាគារ​ព្រៃស​ពាក់ព័ន្ធ​អំពើ​ពុករលួយ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​សួរ ហើយ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៨ ឧសភា​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​តាម​តេឡេក្រាម​ពីថ្ងៃ​ទី​ ៩ ខែឧសភា ថា ករណី​ជនជាប់ចោទ​ឈ្មោះ ម៉ៃ តុលា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លោក រស់ ពិសិដ្ឋ សម្រេច​ចោទប្រកាន់​ពី​បទ​រំលោភ​ទំនុកចិត្ត​ដោយ​អភិបាល​តាម​បញ្ញត្តិ​មាត្រា ៣៩៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ពីថ្ងៃ​ទី​ ៩ ឧសភា​។

តាម​មាត្រា​ ៣៩៣ ​នៃ​ក្រមព្រហ្មទណ្ឌ​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​មែន​នោះ​នឹង​ត្រូវ​ប្រឈម​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២ ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី​ ៤ ​លាន​ទៅ​ ១០ ​លាន​រៀល​។

យោងតាម​សេចក្តីប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ដែល​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ពី​ថ្ងៃទី​ ៥ ឧសភា​ថា សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​សម្រេច​ព្យួរ​មន្ត្រី​សហព័ន្ធ​ចំនួន​ ៤ ​រូប​រួមមាន លោក ម៉ៃ តុលា​, លោក ឆាំង ពិសិដ្ឋ​, លោក ទុយ វិច្ឆិកា និង​លោក គល់ សុភារម្យ មិន​ឲ្យ​ប៉ះពាល់​ជាមួយ​សកម្មភាព​កីឡា​ ១ ​ជីវិត​។ ព្រោះថា​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទាំង​ ៤ ​រូប​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។ ចំណែក​សំណុំ​រឿង​របស់លោក ម៉ៃ តុលា ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​។

គួររំឭកថា លោក​ ម៉ៃ តុលា ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០២០ ដោយ​សង្ស័យថា​មានការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​សហព័ន្ធ​កីឡា​។ បន្ទាប់ពី​ឃាត់ខ្លួន​បាន​ ១ ​ថ្ងៃ​លោក ម៉ៃ តុលា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ទៅ​តុលាការ​រាជធានី​។

ទោះយ៉ាងណា ការព្យួរ​មុខតំណែង​មន្ត្រី​ទាំង​ ៤ ​រូបនេះ​បើតាម​សេចក្ដី​ប្រកាស គឺ​ខាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិន​បាន​បញ្ជាក់ថា ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វីខ្លះ​នោះទេ​។ ប៉ុន្តែ​ទំហំ​ទឹកប្រាក់​ដែល​ត្រូវបាន​រកឃើញ​កិបកេង​ក្នុង​ការប្រកួត​គឺមាន​ប្រមាណ​ ៥៩ ៧៣៦ ​ដុល្លារ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៣ មក​ទល់​នឹង​ឆ្នាំ ​២០១៩៕