បន្ទាយ​មាន​ជ័យ/បាត់​ដំបងៈ សា​លា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​កោះហៅ​អតីត​ប្រធាន​ប្រតិ​បត្តិ​អតីតគណបក្ស​សង្គ្រោះ​ជាតិស្រុក​មង្គល​បុរី​ឲ្យ​ចូល​បំភ្លឺ​ករណី​ញុះ​ញង់​ និង​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលា​ការ​ខណៈ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ កោះ​ហៅ​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នេះ ​​រឿង​មិន​គោរព​សាលដីកា​តុលាការ​កំពូល។

លោក សុក កែវ​បណ្ឌិត តំណាង​​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមាន​ជ័យ​​ បាន​កោះ​ហៅ​ ឈ្មោះ ទួត វាសនា ដែល​ជា​​អតីត​ប្រធាន​ប្រតិ​បត្តិ​អតីតគណ​បក្ស​សង្គ្រោះ​ជាតិ​ស្រុក​មង្គល​បុរី​ ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅថ្ងៃ​ទី​ ១០ ខែ​ កក្កដា ខាង​មុខ​នេះ ​ពាក់​ព័ន្ធ​នឹង​ការ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​ជា​អាទិ៍ និង​ការ​​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលាការ។ នេះ​បើ​តាម​ដីកា​កោះ​ចុះ​ថ្ងៃ​ទី​ ៦ ខែ មិថុនា​ ដែល​សាមី​ខ្លួន​ទើប​ទទួល​កាល​ពី​ថ្ងៃ​ពុធ​ទី ​១៩ ​មិថុនា។

លោក ទួត វាសនា​ ដែល​រង​ការ​កោះ​ហៅ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​ដឹង​ច្បាស់​ពី​មូល​ហេតុ​នៃ​ការ​កោះហៅ​នេះ​ទេ។ តែលោក​បាន​បញ្ជាក់​ថា លោក​ធ្លាប់ត្រូវ​បាន​ប៉ូលិស​ហៅទៅ​ធ្វើ​កិច្ច​សន្យា​ ៣ ​ដង​រួច​ហើយ ​​ដោយ​លើកទី​១ ពាក់​ព័ន្ធ​នឹង​ម្រាម​ដៃ​ស្អាត កាល​ពី​មុន​ឆ្នោះ​ឆ្នោត​ជ្រើ​សតាំង​តំណាង​រាស្ត្រ ២០១៨ លើក​ទី២ កាល​ពី​ថ្ងៃ​ទី​ ៤ មករា ២០១៩ និង​លើក​ទី​៣​ កាល​ពី​ថ្ងៃ​ទី ​១០ ខែ ​មករា ២០១៩។ លោក​ថា កិច្ច​សន្យា​ដែល​ធ្វើ​គឺ​សមត្ថ​កិច្ច​ឲ្យ​លោក​ឈប់​គាំទ្រ​លោក សម រង្ស៊ី ឬ​ដំ​ណើរ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​ មក​កម្ពុជា​វិញ។​

លោក​ថ្លែង​ថា៖ «ករណី​ដែល​យើ​ងបង្ហោះ​សារ​គាំទ្រ​លោក​ប្រធាន​ហ្នឹង​ណា។ ​ក្នុង​ការ​ទៅ​ជួប​នោះ ​ប៉ូលិស​បាន​ឲ្យ​យើង​ធ្វើ​កិច្ច​សន្យា​រួច​ហើយ​។​ ក្រោយ​ពី​ធ្វើ​កិច្ច​សន្យា​ហើយ​ ខ្ញុំ​ក៏​មិន​ដែល​បាន​ធ្វើ​សកម្ម​ភាព​អី​ដែរ នៅ​ផ្ទះ​ជួយ​ការងារ​ប្រពន្ធ​កូន​កំប៉ិក​កំប៉ុក​។ តែ​ថ្ងៃ​ ១៩ ខ្ញុំ​បាន​ទទួល​ដីកា​ពី​ប៉ូ​លិស​ឃុំ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ ១០​ កក្កដា»។

លោក​បញ្ជាក់ថា៖ «ប៉ុន្តែ​ខ្ញុំ​នៅផ្ទះ​សោះ​ ហេតុអី​បាន​ជា​គេ​ចេញ​ដីកា​កោះ​ហៅ?នេះ​ជា​ការ​គំរាម​កំហែង​ចំពោះរូប​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​ចូលរួម​នៅ​តុលា​ការ​នៅថ្ងៃ​ទី ១០»។

ដោយ​ឡែក​នៅ​ខេត្ត​បាត់​ដំបង លោក ឌឹម សារឿន អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបងនៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ក្នុង​សំណុំ​រឿង​ថ្មី​មួយ​ទៀត​ផង​ដែរ ក្រោយ​ពេល​លោក​បាន​ចូល​​បំភ្លឺ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​ ៩ ខែ ឧសភា ក្នុង​សំណុំ​រឿង​លេខ ៣៣៩​ ពាក់​ព័ន្ធ​នឹង​ការ​មិន​គោរព​សាលដីកា​តុលាការ​កំពូល។

សំណុំ​រឿង​ថ្មី​នេះ ​មាន​លេខ ​៣៤១ ចុះ​​ថ្ងៃ​ទី​ ១០ ខែ​ មិថុនា ចេញ​ដោយ​លោក​ ហេង លុយ តំណាង​​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​មិន​គោរព​សាល​ដីកា​តុលាការ​កំពូល​ដូច​គ្នា​ ដោយ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី ២១ ​ខែ ​មិថុនា​ នេះ។

លោក​បាន​ថ្លែង​ពី​ម្សិល​មិញ​ថា៖ «ខ្ញុំ​សង្ស័យ​គេ​ប្ដឹង​រឿង​ថ្មី គេ​ប្ដឹង​យើង​២ជាន់។ហេតុ​ផល​មួយ​ទៀត​ដោយ​សារ​ខ្ញុំ​កាល​ពី​សាក​សួរ​នៅ​តុលា​ការ​មនុស្ស​ ២៦​ នាក់​ ខ្ញុំ​ទទួល​ភ្ញៀវ ​បាន​ន័យ​ថា ​មនុស្ស​ចេញ​មួយ​ខ្ញុំ​ចាប់​ដៃ​មួយខ្ញុំ​សង្ស័យ​រឿង​ហ្នឹង»។

លោក​បន្ត​ថា៖ «ខ្ញុំ​យល់​ថា​ ពាក់​ព័ន្ធ​រឿង​នយោបាយ​សុទ្ធសាធ​ដូច​មុន​ដែរ។ ទី២ ​ជា​ការគំរាម​កំហែង​ផ្លូវ​ចិត្ត ផ្លូវ​បញ្ញា​ខ្ញុំ ហើយ​ហ៊ុមព័ទ្ធ​សិទ្ធិ​សេរីភាព​ទាំង​ឡាយ​របស់​ខ្ញុំ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាត្រា ៣៤ មាត្រា ៣៥ មាត្រា ៤២»។

ប៉ុន្តែ​លោក​ថា​នឹង​ចូល​ទៅ​បំភ្លឺ​ក្នុង​សំណុំរឿង​នេះ​ដោយ​មិន​គេច​វេះ​ឡើយ​។ ទាំ​ងលោក សុក កែវ​បណ្ឌិត តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក​ ហេង លុយ តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

កាល​ពី​កន្លង​ទៅ​ មនុស្ស​ ៣៥​ នាក់ ​ដែល​ជា​អតីត​សមា​ជិក​អតីតគណបក្ស​សង្គ្រោះជាតិនិង​អ្នក​គាំទ្រ​ត្រូវ​បាន​តុលាការ​ខេត្ត​បាត់​ដំបង​កោះ​ហៅ​ទៅបំភ្លឺ​រឿង​បំពាន​សាល​ដីកា​តុលាការ​កំពូល។ មនុស្ស​ ២៦ ​នាក់​ បាន​ចូលបំភ្លឺរួច​រាល់ ប៉ុន្តែ​នៅ​ ៩​ នាក់​ចុង​ក្រោយ​ មិន​ទាន់​បំភ្លឺ​នៅ​ឡើយ​ដោយ​អវត្ត​មាន​តំណាង​អយ្យការ​កោះ​ហៅ គឺ​លោក ឈឺន សុផុន។

លោក សុផុន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីម្សិល​មិញ​​ថា លោក​​មិន​ទាន់បាន​កោះ​ហៅ​អ្នកទាំង ៩ នាក់ សា​ជា​ថ្មី​នៅ​ឡើយ​ទេ។

លោក​ សំ សុគង់ មេធាវី​ការពារ​មនុស្ស​ ៣៥​ នាក់ ថ្លែង​ពី​ម្សិល​មិញ​ថា លោក​ក៏​ត្រូវ​បាន​ពឹង​ឲ្យ​ការពារ​សំណុំ​រឿង​ថ្មីរបស់​លោក ឌឹម សារឿន ដែរ ប៉ុន្តែ​លោក​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ដោយ​សារ​ការចូល​បំភ្លឺ​នៅថ្ងៃ ២១ មិថុនា វា​លឿន​ពេក​ សម្រាប់​លោក​និង​កូន​ក្តីដែល​ទើប​ទទួល​បាន​ដីកា។

លោក​បញ្ជាក់ថា លោក​មិនទាន់​ត្រូវ​បាន​ពឹង​ពាក់​ដើម្បី​ការពារ​លោក ទួត​​ វាសនា​ នៅ​ឡើយ​ទេ៕