ភ្នំពេញៈ លោក Daniel Craig តារាសម្ដែង​ភាពយន្ត​របស់​ចក្រភព​អង់គ្លេស​ដ៏ល្បីល្បាញ​ដែល​គេ​ស្គាល់​ថា ជា ជេមស៍ ប៊ន ០០៧ បាន​អំពាវនាវ​ពី​ចុង​សប្ដាហ៍​មុន ដោយ​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យសម្រេច​បាន​នូវ​កម្ពុជា​គ្មាន​គ្រាប់មីន​នៅក្នុង​ឆ្នាំ​ ២០២៥​។

លោក Craig គឺជា​អ្នកតស៊ូ​មតិសកល​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការលុបបំបាត់​គ្រាន់​មីន និង​កាកសំណល់​សង្គ្រាម​។ លោក​បាន​ចូលរួម​ការបើក​សម្ពោធ​យុទ្ធនាការ​ទីលាន​សុវត្ថិភាព​ដំបូង​នៅ​កម្ពុជា​នៅ​ភូមិ​មួយ​ក្នុង​ខេត្តបាត់ដំបង​របស់​អង្គការ UNDP កាលពី​ថ្ងៃទី​ ២២ មករា ដែល​ធ្វើឡើង​តាម​អនឡាញ​។ យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ប្រែក្លាយ​ទីវាល​ដែលមាន​មីន​ឱ្យទៅជា​វាល​ដែល​អាច​រត់​លេង​ដោយ​សេរី និង​សុវត្ថិភាព​។

លោក Craig បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ទីលាន​សុវត្ថិភាព គឺជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​។ ​ខ្ញុំ​ដឹងថា នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ដើម្បី​ឲ្យ​កម្ពុជា​គ្មាន​គ្រាប់មីន​នៅ​ឆ្នាំ​ ២០២៥​។ ប៉ុន្តែ​ទាំងអស់នេះ មិនអាច​សម្រេច​បានទេ បើ​គ្មាន​ការប្ដេជ្ញា​ចិត្តជា​និរន្តរ៍ និង​ធនធាន​បន្ថែមទៀត​។ ពេលវេលា​កំណត់​នៅ​មិន​ឆ្ងាយ​ទេ ហើយ​ពេលនេះ​វា​ជា​ពេលដែល​សហគមន៍​អន្តរជាតិ​ត្រូវតែ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ការប្ដេជ្ញាចិត្ត​របស់​ពួកគេ​»​។

លោក​បាន​បន្តថា​៖ «​សូម​ចូលរួម​ជាមួយ​ខ្ញុំ​ដើម្បី​គាំទ្រ​ដល់​អាជ្ញាធរ​មីន និង​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើឲ្យ​សម្រេច​ថា កិច្ចការងារ​នេះ​ត្រូវ​សម្រេចបាន និង​គាំទ្រ​ដល់​បុរស ស្ត្រី ដែល​នៅ​ជួរមុខ​ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​ដ៏មាន​សារៈសំខាន់​នេះ​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ និង​ការដឹងគុណ​ដល់​ពួកគេ និង​បួងសួង​ឲ្យ​ពួកគេ​មាន​សុខភាព​ល្អ សុវត្ថិភាព និង​សុភមង្គល​នៅ​ឆ្នាំ ២០២១ ​នេះ​»​។

លោក លី ធុជ អនុប្រធាន​ទី​ ១ ​អាជ្ញាធរ​មីន​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​យុទ្ធនាការ​នោះ​ថា ចាប់ពី​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ១៩៩៨ កម្ពុជា​បាន​ជួប​នូវ​ជម្លោះ​ក្នុងស្រុក និង​ក្នុង​តំបន់​ជាច្រើន ដែល​បន្សល់​ទុក​នូវ​គ្រាប់មីន និង​គ្រាប់​កាកសំណល់​ពី​សង្គ្រាម​ជាច្រើន​នៅ​ទូទាំងប្រទេស​។

បើតាម​លោក លី ធុជ គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត​ ២ ​ម៉ឺន​នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជាង​ ៤ ​ម៉ឺន​ ៥ ​ពាន់​នាក់​ផ្សេងទៀត បង្ក​ការឈឺចាប់​ដល់​មនុស្ស​ដែល​មិន​ធ្លាប់មាន​ដល់​ក្រុមគ្រួសារ​ និង​សហគមន៍​របស់​ពួកគេ​។ ​ជាង​ ២៧ ​ឆ្នាំ​មកនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ជាង​ ១៦០ ​លាន​ដុល្លារ សម្រាប់​ការ​បោសសម្អាត​គ្រាប់មីន ហើយ​សហគមន៍​ម្ចាស់ជំនួយ​បាន​ចូលរួម​ចំណាយ​ជាង​ ២១៦ ​លាន​ដុល្លារ​។

លោក​បាន​បន្តថា កម្ពុជា​ជួប​បញ្ហា​ប្រឈម​ផ្នែក​ប្រតិបត្តិការ​ និង​ហិរញ្ញវត្ថុ​ហើយ​កម្ពុជា​អំពាវនាវ​សុំ​ការគាំទ្រ​ពី​អន្តរជាតិ ដើម្បី​ធ្វើឱ្យ​ព្រះរាជាណាចក្រ​មួយ​នេះ អាច​សម្រេចបាន​នូវ​គោលដៅ​គ្មាន​គ្រាប់មីន​នៅ​ឆ្នាំ​ ២០២៥​។ កម្ពុជា​មាន​ដី​ដែលមាន​បង្កប់​គ្រាប់មីន និង​កាកសំណល់​សង្គ្រាម​សរុប​ ២១៥២ ​គីឡូម៉ែត្រ​ការ៉េ គឺ​ធំ​ជាង​ប្រទេស​សិង្ហបុរី​រហូតដល់​ទៅ​ ៣ ​ដង​។

បច្ចុប្បន្ននេះ កម្ពុជា​នៅមាន​ដី​គ្រាប់មីន និង​កាកសំណល់​មិនទាន់​ផ្ទុះ​ ៨៣៥ ​គីឡូម៉ែត្រ​ការ៉េ​ទៀត ដែល​ត្រូវ​សម្អាត​ឲ្យ​អស់​នៅ​ឆ្នាំ ២០២៥​។ ទោះបី​ជាមាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​​ជាច្រើន​ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​នៅតែមាន​កង្វះខាត​ថវិកា​ចំនួន​ ២២៥ ​លាន​ដុល្លារ​ទៀត សម្រាប់​ដំណើរការ​ពី​ឆ្នាំ​ ២០២១ ដល់​ ២០២៥​។ នេះ​បើតាម​លោក លី ធុជ​។

លោក លី ធុជ បាន​ថ្លែង​ដូច្នេះ​ថា​៖ «​លោក Daniel ឆន្ទៈ​ដ៏ល្អ​របស់​អ្នក​ក្នុង​ការឈរ​ជា​អ្នកតស៊ូ​មតិ​សកល​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការលុបបំបាត់​គ្រាប់មីន និង​គ្រឿងផ្ទុះ​បង្ក​គ្រោះថ្នាក់ ពិតជា​ត្រូវបាន​វាយតម្លៃ​យ៉ាង​ជ្រាលជ្រៅ​ដោយ​រដ្ឋាភិបាល និង​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ ពីព្រោះ​អ្នក​បានបង្ហាញ​ពន្លឺ​ទៅ​សកលលោក​អំពី​ស្ថានភាព​លំបាក​ដែល​យើង​កំពុង​ជួប​»​។ លោក​បន្តថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចង់​ជួប​ជាមួយ លោក Craig ដែរ ប្រសិនបើ​លោក​អាចមក​ទស្សនា​កម្ពុជា​នៅពេល​ណាមួយ​។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​យុទ្ធនាការ​ទីលាន​សុវត្ថិភាព​ថា កិច្ចការ​ដោះមីន​មិនបាន​ឈប់​ទេ​នៅ​កម្ពុជា ទោះបីជា​ធុរកិច្ច​នានា​បាន​ធ្លាក់ចុះ ហើយ​រដ្ឋាភិបាល​បាន​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការទប់ស្កាត់​ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​១៩​។

លោកស្រី​បាន​ថ្លែងថា​៖ «​ការបង្កើន​ជំនួយ​ដល់​ជនរងគ្រោះ សម្រាប់​ការបោសសម្អាត​ដី​កសិកម្ម សម្រាប់​សកម្មភាព​ផលិត​នានា និង​សូម្បីតែ​សម្រាប់​ជាទី​វាល​រត់​លេង​របស់​ក្មេងៗ បាន​បើកផ្លូវ​ឲ្យ​ប្រជាជន​កម្ពុជា​នឹក​គិតដល់​សក្ដានុពល​ផ្សេងៗ​ទៀត​នាពេល​អនាគត​»​។

ជាមួយ​គ្នា​នេះ លោកស្រី​បាន​កោតសរសើរ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​យុទ្ធសាស្ត្រ​សកម្មភាព​មីន​ដ៏​ខ្លាំង​ដោយ​សម្លឹង​ទៅមុខ​វែងឆ្ងាយ និង​ប្រកបដោយ​មហិច្ឆតា ហើយ​បានកំណត់​ពេលវេលា​ ៤ ​ឆ្នាំ​ក្នុង​ការធ្វើ​ឲ្យ​ប្រទេស​នេះ​គ្មាន​គ្រាប់មីន​។ វា​ជា​ពេលវេលា​ដែល​ត្រូវ​បន្ថែម​ការគាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅក្នុង​បរិស្ថាន​មាន​សុវត្ថិភាព ហើយ​ជាទី​ដែល​គ្មាន​អ្នកណាម្នាក់​ត្រូវ​បាន​ទុកចោល​»៕