ភ្នំពេញៈ ទិវា​សេរីភាព​សារ​ព័ត៌​មាន​ពិភព​លោក​ឆ្នាំនេះ​ កម្ពុជា​លើក​យក​ប្រធាន​បទ «តួនា​ទី​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ការ​គាំ​ទ្រ​សន្តិភាព និង​ប្រជា​ធិប​តេយ្យ​» មក​ពិភាក្សា​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ខណៈ​​សហព័ន្ធ​អ្នក​សារព័ត៌​មាន លើកទឹក​ចិត្ត​អ្នក​សារ​ព័ត៌មានឲ្យ​ប្រកាន់​ស្មារតី​ «សារ​ព័ត៌​មាន ដើម្បី​បុព្វ​ហេតុ​សេរី​ភាព ឧត្តម​ប្រយោជន៍​ជាតិ​ ពិភពលោក​ សន្តិភាព​ និង​យុត្តិធម៌»។

លោក​​ ផុស សុវណ្ណ​ អ្នក​នាំពាក្យ​ក្រសួង​​ព័ត៌​មាន​ថ្លែង​ម្សិល​មិញ​ថា​ ក្រសួង​ព័ត៌មាន ដោយ​មាន​កិច្ច​សហការ​ពី​អង្គ​ការ​យូណេ​ស្កូ ​និង​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ​នឹង​រៀប​ចំ​ពិធី​អបអរ​សាទរ ​ទិវា​សេរី​ភាព​សារព័ត៌​មាន​ពិភព​លោក ​នា​ថ្ងៃសុក្រ​នេះ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ រាជធានី​ភ្នំពេញ ​ក្រោម​ប្រធាន​បទ «តួនា​ទីរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​គាំទ្រ​សន្តិភាព ​និង​ប្រជា​ធិបតេយ្យ»។

លោក​ឱ្យ​ដឹង​ថា ភាគី​ពាក់​ព័ន្ធ​ជា​ច្រើន ដូច​ជា​មន្រ្តី​រាជរដ្ឋា​ភិបាល​ អ្នក​សារព័ត៌មាន ​តំណាង​អង្គការ​សហ​ប្រជា​ជាតិ ​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ដើម្បី​ពិភាក្សា​គ្នា​អំពីការ​ចូល​រួម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ការ​គាំទ្រ​សន្តិភាព និង​ប្រជា​ធិបតេយ្យ។

លោក​ សុវណ្ណ ​បញ្ជាក់ថា​៖ «ពេល​នេះ​ក្រសួង​នៅមិន​ទាន់​មាន​សេច​ក្ដី​ថ្លែងការណ៍​​ទេ ប៉ុន្ដែ​ឯកឧត្ដម​រដ្ឋ​មន្រ្ដី​ [ខៀវ កាញា​រីទ្ធ​] គាត់​នឹង​ថ្លែង​តែ​ម្ដង​នៅ​ថ្ងៃ​ស្អែក​ ដោយ​គាត់​មាន​សុន្ទរកថា គន្លឹះ​របស់​គាត់ ​ដើម្បី​ថ្លែង​ក្នុង​ទិវានេះ​តែម្ដង​ហើយ​សុន្ទរ​កថា​របស់​សម្ដេច​នាយក[រដ្ឋមន្ត្រី​​ ហ៊ុន សែន]​ ក៏ត្រូវ​តែ​មាន​ដែរ ​ហើយ​ព្រឹកនេះ (ព្រឹកថ្ងៃ​ព្រហស្បតិ៍) ខាង​សហ​ព័ន្ធ​អ្នក​សារ ព័ត៌មាន​ក៏ឃើញ​មាន​ថ្លែង​នូវ​ជំហរ​របស់​ពួក​គាត់​ចំពោះ​ទិវា​នេះ​ដែរ»។

តាម​ទីភ្នាក់ងារ​សារព័ត៌​មាន​កម្ពុជា AKP ជា​រៀង​រាល់​ឆ្នាំ ​ថ្ងៃទី ៣ ខែ​ ឧសភា ​គឺជា​ថ្ងៃ​ដែល​គេប្រារព្ធ​គោល​ការណ៍​គ្រឹះ​នៃ​សេរី​ភាពសារ​ព័ត៌​មាន ​និង​ជា​ឱកាស​មួយ​ដើម្បី​លើក​ទឹក​ចិត្ដ និង​បង្កើត​គំនិត​ផ្តួច​ផ្តើម ​ដើម្បី​លើក​ស្ទួយ​សេរី​ភាព​នៃការបញ្ចេញមតិ សេរី​ភាព​សារ​ព័ត៌មាន ​និង​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌​មាន​។ ​ជា​មួយ​គ្នា​នេះ​ សេរីភាព​សារព័ត៌​មាន​ និង​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នឹង​រួម​ចំណែក​លើក​កម្ពស់កា​រយោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​កសាង​សន្តិភាព​ប្រកប​ដោយ​ចីរភាព​។

ថ្ងៃទី ៣​ ខែ ឧស​ភា​ ត្រូវ​បាន​ប្រកាសជា​ទិវាសេ​រីភាព​សារព័ត៌​មាន​ពិភព​លោក​ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៩៣ បន្ទាប់​ពីអនុ​សាសន៍​ត្រូវ​បាន​អនុ​ម័ត​ឡើង នៅក្នុង​សន្និ​សីទ​ទូទៅ​របស់​អង្គការ​យូណេស្កូ ​លើក​ទី ២៦​ នៅ​ឆ្នាំ ​១៩៩១។ ​ឆ្នាំនេះ ការប្រារព្ធ​ពិធី​ដ៏ធំ​ ដើម្បី​អបអរ​ទិវាសេរី​ភាព​សារព័ត៌មាន​ពិភព​លោក ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Addis Ababa ប្រទេស​អេត្យូ​ពី ចាប់​ពីថ្ងៃ​ទី ​១ ​ដល់​ថ្ងៃទី ៣ ខែ ​ឧសភា។

ព្រឹត្តិ​ការណ៍​ប្រហែល ១០០ ​ទៀត នៅ​ទូទាំង​ពិភព​លោក​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បំពេញ​បន្ថែម​ការ​ប្រារព្ធ​ពិធី​ដ៏ធំនេះ​ផង​ដែរ។ លើស​ពីនេះ​ ទិវាសេរី​ភាព​សារ​ព័ត៌​មាន​ពិភព​លោក​ ក៏ជា​ថ្ងៃមួយ​ដើម្បី​រំឭក​ដល់​រដ្ឋា​ភិបាល​ និង​អ្នក​សារព័ត៌មាន​អាជីព​ទាំង​ឡាយ អំពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​សេរីភាព​សារ​ព័ត៌មាន និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ​ដែរ​ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​​ចេញ​សេច​ក្ដី​ថ្លែងការណ៍អបអរ​ និង​លើក​ទឹក​ចិត្ត​អ្នក​សារព័ត៌មាន​ប្រកាន់​ស្មារតី «សារព័ត៌មាន ដើម្បី​បុព្វហេតុ​សេរីភាព ឧត្តម​ប្រយោជន៍​ជាតិ ពិភព​លោក ​សន្តិភាព​ និង​យុត្តិធម៌ » ។

សហភាពសហព័ន្ធ ​បញ្ជាក់ថា​៖ «​ដរាបណា ​តួនាទី​វិជ្ជាជីវៈ​របស់​អ្នកមាន​តម្លៃ បាន​ជួយ​ដល់​ប្រទេសជាតិ​អ្នក​ឲ្យ​ថ្កុំថ្កើង​រុងរឿង​ក្នុង​សន្តិភាព​ ស្ថិរភាព ​និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ នោះ​គឺ​អ្នក​បានរួម​ចំណែក​ជាព​ន្លឺ​ដល់​មនុស្សជាតិ​នៃ​ពិភពលោក​ទាំងមូល​រស់​នៅក្នុង​សន្តិភាព​ និង​យុត្តិធម៌​ផងដែរ។ យើង​ឱ្យតម្លៃ​ប្រទេសជាតិ​របស់​យើង​ជាមុន នោះ​ទើប​អ្នកដទៃ​ឱ្យ​តម្លៃ​យើង​ និង​គោរព​ប្រទេស​ជាតិ​មាតុភូមិ​យើង​ដែរ។ ការ​ផ្សព្វ​ផ្សាយ​លើកតម្កើង​ប្រទេសជាតិ​របស់​ខ្លួន គឺ​គ្មានអ្វី​ខុស​ទេ ​ពោល​ក៏​មិន​ប្រាស​ចាក​វិជ្ជា​ជីវៈ​ និង​មិន​បាត់បង់​ឯក​រាជ្យ​របស់​ខ្លួន​នោះ​ដែរ»។

សហភាពសហព័ន្ធ​ទទួលស្គាល់ថា ​នៅមាន​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សារ​ព័ត៌​មាន​រួមមាន​ទាំង​បញ្ហា​ហិរញ្ញវត្ថុ ​សុវត្ថិភាព​ការងារ ​លម្ហសេរីភាព ​និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន។

សហភាព​សហ​ព័ន្ធ ​​លើក​ទឹកចិត្ត​ដល់​អ្នក​សារ​ព័ត៌​មាន​ប​ន្ត​ជម្នះ​ការ​ប្រឈម​នានា​តទៅ​ទៀត ​បន្ត​ធ្វើ​ការងារ​ដោយ​ឈរលើ​ភាព​ត្រឹម​ត្រូវ ស្មោះ​ត្រង់ សីល​ធម៌​ វិជ្ជា​ជីវៈ សុ​ចរិត​ភាព និង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

លោក ហ៊ុយ វណ្ណៈ ​ប្រធាន​សហ​ភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ថា អ្នក​សារ​ព័ត៌​មាន​ពូកែ គឺ​ពូកែ​សួរសំណួរ​ បង្កើត​ប្រធាន​បទ ឬ​មុំរឿង​បាន​ល្អ។ អ្នកសារព័ត៌​មាន​ត្រូវ​បន្ត​បង្កើត​ចំណេះ​ដឹង ការស្រាវជ្រាវ និង​បង្កើត​ប្រភព​ព័ត៌​មាន​ឱ្យ​បាន​ច្រើន​ពី​គ្រប់​ផ្នែក។

លោក​បន្តថា​៖ «បើ​ធ្វើមេព័ត៌​មាន​ ឬ​ជា​ថៅ​កែព័ត៌​មាន គឺ​ត្រូវ​មាន​ចំណេះ​ដឹង​ខាង​ ហិរញ្ញវត្ថុ ​និង​ការ​ដឹកនាំ»។

លោក ​ប៉ែន បូណា​ ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជាលើកឡើង​ថា ​នៅក្នុង​បរិបទ​ពិភពលោក​មាន​ប្រទេស​ជាច្រើន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​ក្នុង​ស្ថានភាព​វឹកវរ ដែល​ជា​បញ្ហា​ប្រឈម​ខ្លាំង​ដល់​អ្នក​សារព័ត៌មាន ​ចំណែក​ប្រទេស​កម្ពុជា​ក៏ធ្លាប់មាន​បញ្ហា​ខ្លះដែរ​ លើ​បញ្ហាបច្ចេក​ទេស​ផ្លូវ​ច្បាប់ កម្រិត​សេរីភាព​សារ​ព័ត៌មាន។

លោក​​ថា​៖ «បច្ចុប្បន្ន​ នៅ​ក្នុង​ប្រ​ទេស​​កម្ពុជា​យើង ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​នឹង​លម្ហសេរីភាព​សារព័ត៌មាន​ទេ ​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​នឹង​គុណភាព​ និង​វិជ្ជា​ជីវៈ​សារព័ត៌មាន​ច្រើន​ជាង ព្រោះ​ដោយសារ​តែ​គុណភាព​របស់​យើង​នៅទាប វិជ្ជា​ជីវៈ​របស់​យើង​មិន​ទាន់​បាន​គោរព​ត្រឹម​ត្រូវ នោះ​ហើយ​ដែល​ជា​បញ្ហា​ដែល​ច្រើន​តែ​កើត​ឡើង»។

លោក ម៉ៅ​ សុផា ​អ្នកសារព័ត៌មាន​មួយរូប​នៅ​កម្ពុជា ​និយាយថា ​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា​ នៅ​តែ​មាន​កម្រិត​។ អ្នកសារព័ត៌មាន​តាមស្ថាប័ន​ខ្លះ ​នៅតែ​មានក្តី​ព្រួយបារម្ភ ​ចំពោះ​ការសរសេរ​អត្ថ​បទ​របស់​ខ្លួន​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ ​ហើយ​អ្នកសារព័ត៌មាន ​ដែល​រឹត​តែ​មាន​ក្តី​បារម្ភ​ជាង​គេ​នោះ ​គឺ​អ្នក​សារ​ព័ត៌​មាន​ដែល​ធ្វើ​ការ​នៅ​តាម​ស្ថា​ប័ន​ឯក​រាជ្យ និង​និយម​រិះគន់​ទង្វើ​អវិជ្ជ​មាន​របស់​រដ្ឋាភិបាល។

លោក​ថា​៖ «និយាយ​ទៅ បើ​ស្ថាប័ន​សារព័ត៌​មាន​ណា ដែលសរសេរ​មិន​ប៉ះពាល់ ​មិន​សូវ​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​រដ្ឋា​ភិបាល​ឬក៏​គាំទ្រ​រដ្ឋាភិបាល​ ស្ថាប័ន​សារ​ព័ត៌មាន​នោះ នឹង​មិនជួប​ការ គំរាមកំ​ហែង​ទេ។ តែចំពោះ​សារព័ត៌​មាន ដែល​មិនរណប​នឹង​រដ្ឋាភិបាល ​ហើយ​ឧស្សាហ៍​រិះគន់​ទង្វើ​អវិជ្ជមាន​របស់​រដ្ឋាភិបាល ​នឹង​ប្រឈម​នឹង​បញ្ហា​នានា ​និង​តែង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការងារ​របស់​ខ្លួន»។

លោកប​ន្តថា ​​រដ្ឋាភិបាល​ដូចជា​មិន​ទាន់​បើកចិត្ត​ឲ្យ​ទូលាយ​មែនទែន​ទេ។ បើ​ស្ថាប័ន​សារ ព័ត៌មាន​ជំទាស់​នឹង​រដ្ឋាភិបាលរដ្ឋាភិបាលតែង​មាន​ចំណាត់ការ។

លោក​ថា​៖ «ជាក់​ស្តែងកន្លងមក​មាន​​ស្ថាប័ន​សារព័ត៌មាន ​និង​កាសែត​មួយ​ចំនួន​ត្រូវ​ដក​ខ្លួន​ចេញ​ពី​កម្ពុជា​ ដោយសារ​តែ​រដ្ឋាភិបាល​ចាត់​វិធានការ​ ​ដោយ​លើក​ឡើង​ថា​ មិន​គោរព​ច្បាប់ »៕