ភ្នំពេញៈ ក្រុម​មេធាវី​ការពារ​ក្តី​​របស់​ នួន​ ​ជា​ ដែល​ជា​បង​ធំ​ទី​២​ ​របស់​ខ្មែរ​ក្រហម ​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​​តុលាការ​កំពូល​​​នៃ​​សាលា​ក្តី​ខ្មែរ​ក្រហម​ ធ្វើ​ការ​បំភ្លឺ​​អំពី​នីតិវិធី​បណ្តឹង​សារទុក្ខ​​​ដែល​បាន​ធ្វើ​ឡើង​​មុន​ពេល​មរណភាព​របស់​គាត់​។

នួន ​ជា​ ដែល​ជា​មេ​មនោគមន៍វិជ្ជា​​​របស់​ខ្មែរ​ក្រហម​ ​បាន​ទទួល​​មរណភាព​​កាល​ពី​ថ្ងៃ​អាទិត្យ​​សប្តាហ៍​មុន​​នៅ​អាយុ ​៩៣ ​ឆ្នាំ​។ គាត់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​អស់​មួយ​ជីវិត​​នៅ​​ក្នុង​​​សំណុំ​រឿង​ ​០០២​/០១​ ក្នុង​ឆ្នាំ ​២០១៦​។ នៅ​​ខែ ​វិច្ឆិកា ឆ្នាំ ​២០១៨ ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​​កម្ពុជា​ (អ.វ.ត.ក) បាន​កាត់​ទោស​គាត់​ពី​បទ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​និង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​​លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺណែវ​​ឆ្នាំ ​១៩៤៩​។

លោកស្រី Doreen Chen ​​ដែល​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​​មេធាវី​ការពារ​ក្តី​របស់​ នួន​ ជា​ ​បាន​​ថ្លែង​ថា នួន​ ជា​ បាន​ចាប់​ផ្តើម​​ដាក់​បណ្តឹង​សារទុក្ខ​​ប្រឆាំង​​​នឹង​​ការ​កាត់​ទោស​គាត់​នៅ​ក្នុង​សំណុំ​រឿង ​០០២​/០២​ នៅ​ថ្ងៃ​ទី ​១ ខែ ​កក្កដា ឆ្នាំ ​២០១៩ ​បើ​ទោះបី​ជា​ការ​ទាញ​ហេតុផល​សារទុក្ខ​ទាំង​ស្រុង​​នៅ​មិន​ទាន់​ត្រូវ​បាន​ដាក់​ក៏​ដោយ​។

លោកស្រី​បាន​ថ្លែង​ថា ​ក្រុម​មេធាវី​ការពារ​ក្តី​បាន​ដាក់​សំណើ​​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​​​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ស្វែងរក​ការ​បំភ្លឺ​​ពី​ពួក​គេ​អំពី​​ផល​ប៉ះពាល់​​ពី​ការ​ស្លាប់​របស់​លោក ​នួន ជា ​ទៅ​លើ​​ដំណើរការ​នីតិវិធី​សារទុក្ខ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​យើង​ជឿ​ថា ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​​សម្រេច​​ព្យួរ​នីតិវិធី​សារទុក្ខ​ឥឡូវ​​នេះ​ ​នួន ​ជា​ នឹង​ត្រូវ​បាន​សន្មត​ជា​មុន​ថា​ គ្មាន​ទោស​ ​ហើយ​សេចក្តី​សម្រេច​ជំនុំ​ជម្រះ​​នៅ​​ទំនេរ​ពាក់ព័ន្ធ​នឹង​គាត់​​»។

លោកស្រី​បាន​បន្ថែម​ថា​៖ «​​ទោះ​​យ៉ាង​ណា​ក្តី ​យោង​តាម​​ច្បាប់​ដែល​អនុវត្ត ​ ដើម្បី​​ជា​អត្ថប្រយោជន៍​នៃ​ការ​ស្វែងរក​យុត្តិធម៌ អង្គ​ជំនុំ​ជម្រះ​ក៏​អាច​​​ជ្រើសរើស​ជម្រើស​បន្ត​​​ដំណើរការ​នីតិវិធី​សារទុក្ខ​​​​របស់​ នួន ជា ​ហើយ​ធ្វើ​ការ​សម្រេច​ចុង​ក្រោយ​​អំពី​​ថា​ តើ​គាត់​មាន​ទោស​កំហុស ​ឬ​គ្មាន​ទោស​កំហុស​​?»។

លោក នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​​​​អ.វ.ត.ក​បាន​ថ្លែង​​កាល​ពី​​ថ្ងៃ​ពុធ​​ថា ​តាម​ច្បាប់​កម្ពុជា​ ​ចំណាត់​​ការ​ព្រហ្មទណ្ឌ​​ គឺ​ត្រូវ​​បញ្ចប់​នៅ​ពេល​ចុង​ចោទ​​ទទួល​មរណភាព​។ ​ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការ​​លើ​នីតិវិធី​​​របស់​ នួន​ ជា បន្ទាប់​ពី​គាត់​ទទួល​មរណភាព។

លោក​បាន​ថ្លែង​ថា​៖ «​​យើង​រំពឹង​ថា តុលាការ​កំពុង​នឹង​​​ចេញ​សេចក្តី​សម្រេច​ទៅ​តាម​នោះ​»​។

លោកស្រី Doreen ​បាន​ថ្លែង​​ថា ​ក្រុម​ការពារ​ក្តី​​រំពឹង​ថា អង្គ​ជំនុំ​ជម្រះ​​​នឹង​ធ្វើ​សេចក្តី​សម្រេច​​លើ​សំណើ​​នេះ​​ជា​បន្ទាន់។

ការ​ស្លាប់​របស់​​ នួន ជា បាន​ធ្វើ​ឲ្យ ​ខៀវ សំផន ​ក្លាយ​ជា​មេ​ដឹកនាំ​​កំពូល​ខ្មែរ​ក្រហម​​តែ​មួយ​គត់​ដែល​នៅ​សល់​សម្រាប់​ឈរ​​កាត់​ក្តី​នៅ​ក្នុង​រង្វង់​​ក្រចក​សេះ​​ ខណៈ​ អ.​វ.ត.ក ​​មិន​មាន​យុត្តាធិការ​​​លើ​​ជន​សង្ស័យ​ដទៃៗ​ទៀត​​​នៅ​ក្នុង​សំណុំ​រឿង ​០០៣ ​និង ​០០៤។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ថ្លែង​កាល​ពី​ពេល​មុន​ថា អ.វ.ត.ក មិន​គួរ​​​ទៅ​ហួស​ដែន​របស់​ខ្លួន​ទេ​។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ចន្ទ​​​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​មួយ​ចោទ​ប្រកាន់​​​លោក ហ៊ុន សែន ​ថា​បាន​រារាំង​​មិន​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ​បន្ថែម​។ ពួក​គេ​បាន​ជំរុញ​​រដ្ឋាភិបាល​ជា​ច្រើន​​ឲ្យ​​ជំរុញ​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​​ធានា​ឲ្យ​មាន​ការ​កាត់​ទោស​​មេ​ដឹកនាំ​ដទៃៗ​ទៀត​​ដែល​បាន​បង្ក​ការ​ឈឺ​ចាប់​ដល់​​ប្រជាជន​កម្ពុជា​ក្នុង​អំឡុង​​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

លោក សុខ​ ឥសាន ​អ្នក​នាំពាក្យ​​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ថ្លែង​ថា ​លោក​នាយក​​រដ្ឋមន្រ្តី ហ៊ុន​ សែន មិន​ដែល​រារាំង​​នីតិវិធី​​ អ.វ.ត.ក​ ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​សម្តេច​ [ហ៊ុន សែន] គាត់​តែង​ទាមទារ​ឲ្យ​មាន​ការ​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​ដែល​កម្ពុជា ​និង​អង្គការ​សហប្រជាជាតិ​បាន​​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​»។

លោក​បាន​ថ្លែង​ថា យុត្តិធម៌​ទាំង​ស្រុង​​​សម្រាប់​ជន​រងគ្រោះ​​នៃ​របប​​ខ្មែរ​ក្រហម​​​អាច​សម្រេច​បាន​លុះត្រា​តែ​​នៅ​ពេល​​អ្នក​ដែល​​ទទួល​ខុស​ត្រូវ​ទាំង​អស់​​​ត្រូវ​បាន​នាំ​យក​ទៅ​កាត់​ទោស​ដូច​ជា​ មេ​ដឹកនាំ​ក្រុម មេកង ​មេ​ផ្ទះបាយ​របស់​ខ្មែរ​ក្រហម​។

លោក​បាន​ថ្លែង​ថា​៖ «​​ប៉ុន្តែ​នេះ​មិន​អាច​ទៅ​រួច​ទេ​។ ​កិច្ច​ព្រមព្រៀង​និយាយ​តែ​​មេ​ដឹកនាំ​កំពូល​ និង​អ្នក​ទទួល​​ខុស​ត្រូវ​ខ្ពស់​បំផុត​​​ប៉ុណ្ណោះ​​ដែល​ត្រូវ​នាំ​យក​ទៅ​​កាត់​ទោស​»។

លោក ឆាំង យុ ​​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) បាន​ថ្លែង​ថា ​ការងារ​បន្ទាប់​ពី​ការ​ស្លាប់​របស់​​ នួន ជា​ គឺ​​ត្រូវ​ធ្វើ​ឲ្យ​​អ្នក​នៅ​រស់រាន​មាន​ជីវិត​​ និង​សាធារណជន​ទាំង​អស់​​អាច​ចូល​ទៅ​បណ្ណាសារ​​​របស់​អ.វ.ត.ក។​ នួន​ ជា​ បាន​បំប្លែង​ការ​ពិត​និង​លេង​សើច​ ជាមួយ​ការ​ពិត​ តែ​គ្មាន​អ្វី​ជា​រឿង​អាថ៌​កំបាំង ឬ​អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ទេ៕ PS