ភ្នំពេញៈ រូបថត​ស្ត្រី​ម្នាក់​មាន​សក់​ខ្លី​កំពុង​អង្គុយ​សម្លឹង​ចំ​ទៅ​រក​កាមេរ៉ា ដែល​មើល​ទៅ​គាត់​ហាក់​ផ្អៀង​ក្បាល​ទៅ​ចំហៀង​បន្តិច​ចំណែកឯ​នៅ​លើ​ភ្លៅ​របស់​គាត់ គឺ​កូន​របស់​គាត់​កំពុង​ដេក​។ រូបថត​របស់​ស្ត្រី​រូប​នេះ​គឺជា​ភរិយា​របស់​មន្ត្រី​ខ្មែរក្រហម​ម្នាក់ ហើយ​គឺជា​រូបថត​របស់​អ្នក​ទោស​ម្នាក់​ក្នុង​ចំណោម​អ្នកទោស​រាប់ពាន់​នាក់​ផ្សេង​ទៀត នៅ​ពន្ធនាគារ ស-២១ (​ទួលស្លែង​) ​ដែល​រូបថត​ពួកគេ​ត្រូវ​បាន​ថត​នៅពេល​ពួកគេ​ត្រូវ​បាន​នាំ​ខ្លួន​មក​ដល់​ពន្ធនាគារ​ដ៏ល្បីល្បាញ​មួយ​នេះ​។ មិន​យូរ​ប៉ុន្មាន​កូន​របស់​គាត់​ត្រូវ​បាន​គេ​យក​ចេញពី​គាត់ ហើយ​ត្រូវបាន​សម្លាប់​។

រូបថត​នេះ គឺជា​រូបថត​មួយ​ក្នុង​ចំណោម​រូបថត​ជាច្រើន​ទៀត​នៃ​ពន្ធនាគារ ស ២១ ដែល​គេ​យក​ទៅ​ដាក់លក់​យ៉ាង​ហោចណាស់​រូបថត​ទាំងនេះ​ត្រូវ​បាន​ដាក់លក់​ដោយ​ក្រុមហ៊ុន​ប្រមូលផ្តុំ​រូបភាព​អន្តរជាតិ​ចំនួន​ ២​។ សម្រាប់​តម្លៃ ១៩៩.៩៩ ដុល្លារ គេ​អាច​ទិញ​រូបថត​ម្តាយ​ និង​កូន​នេះ​ពី​គេហទំព័រ​រូបថត Alamy ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស សម្រាប់​ការប្រើប្រាស់​នៅក្នុង​ «​កញ្ចប់​ទីផ្សារ​»​។

មិនមែន​មាន​តែ​គេហទំព័រ Alamy តែ​មួយ​នោះទេ គឺ​យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​ដែរ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក គឺ​ក្រុមហ៊ុន Sprague Photo Stock ក៏​កំពុង​លក់​រូបថត អ្នក​ជាប់​ពន្ធនាគារ ស ២១ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ​។

ទស្សនាវដ្តី​ប្រចាំ​តំបន់​ឈ្មោះ Mekong Review ជា​ដំបូង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការលក់​រូបថត​ទាំងនេះ​កាលពី​ថ្ងៃទី ១៧ ​ខែ​មេសា ហើយ​នៅ​ក្នុង​អត្ថបទ​ជាច្រើន​គឺ​បាន​ចោទ​ជា​សំណួរ​អំពី​ការលក់​រូបថត​ទាំង​នោះ​ជា​លក្ខណៈ​ជំនួញ​ដែល​វា​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​ក្រមសីលធម៌​។

ពួកគេ​បាន​សរសេរ​នៅលើ​គេហទំព័រ Twitter ថា​៖ «​រូបថត​ទាំង​នោះ​ត្រូវ​បាន​ថត​ដោយ​ក្រុម​កម្មាភិបាល​ខ្មែរក្រហម​មុន​ពេល​ពួកគេ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​។ វា​គឺជា​រឿង​ខុស​ឆ្គង​»​។ រូបថត​ដែល​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​គេហទំព័រ​រូបភាព​ទាំង​ ២ ​នោះ​ហាក់​ដូចជា​បាន​មកពី​អ្នក​ថតរូប​ដែល​បាន​ថត​យក​នៅឯ​សារមន្ទីរ​ជា​កន្លែង​ដែល​រូបថត​ទាំង​នោះ​ត្រូវបាន​គេ​ដាក់តាំង​បង្ហាញ​។

តាមពិត​ទៅ​សារមន្ទីរ​បាន​ហាមឃាត់​ភ្ញៀវទេសចរ​ដែល​ចូល​ទស្សនា​មិន​ឲ្យ​ថត​ផ្តិត​យក​រូបភាព​ណា​មួយ​នៅក្នុង​អតីត​ពន្ធនាគារ​ទេ ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​តើ អ្នក​ថតរូប​ដែល​ចូលទៅ​ទស្សនា​នោះ​មាន​ការ​អនុញ្ញាត​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ឬ​យ៉ាង​ណា​នោះ​ទេ​។

លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​គុក​ទួលស្លែង​បាន​ថ្លែង​ថា ពី​ដំបូង​លោក​មិន​បាន​ដឹងថា រូបថត​ទាំង​នេះ​ត្រូវបាន​គេ​យក​ទៅ​ដាក់​លក់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​។ លោក​បាន​លើក​ឡើង​ថា​៖ «​ការលក់​ ឬ​ការប្រើប្រាស់​រូបភាព​របស់​ជនរងគ្រោះ​សម្រាប់​គោលបំណង​ធ្វើ​អាជីវកម្ម ផ្អែក​លើ​ច្បាប់​ និង​ក្រមសីលធម៌ គឺ​មិន​អាច​ទទួល​យក​បាន​ទេ​ពីព្រោះ​ពួកគេ​បាន​រងគ្រោះ​រួចហើយ​នៅ​ក្នុង​របប​នោះ ហើយ​ពួកគេ​មិន​គួរ​ក្លាយ​ជា​ជនរងគ្រោះ​ជាថ្មី​ម្តង​ទៀត​ដោយសារ​តែ​គោលបំណង​អាត្មានិយម​បែប​នេះ​ទេ​»​។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ពីរ​បប​ខ្មែរក្រហម​បាន​ថ្លែង​នៅក្នុង​សារ​មួយ​ដែល​ផ្ញើ​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ការលក់​រូបថត​ទាំង​នោះ​គឺជា​រឿង​យល់ច្រឡំ​ខ្លាំង​។ លោក​ថ្លែង​ថា​៖ «​វា​គឺជា​ការចងចាំ​របស់​ជាតិ​ដែល​វា​គួរ​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ដោយ​គោរព​»​។

លោក​​ យុ ​បាន​កត់សម្គាល់​ថា​រូបថត​ទាំងនោះ​ត្រូវ​បាន​គេ​ថតចម្លង និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​សម្រាប់​គោលបំណង​អប់រំ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​រក្សា​ការចងចាំ​របស់​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មាន​ជីវិត​។ លោក​ថ្លែងថា​៖ «​ឯកសារ​ និង​រូបថត​នៃ​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ថតចម្លង​ចែកចាយ​នៅ​ទូទាំង​ពិភពលោក​ពីព្រោះ​យើង​ដែល​ជា​ជនរងគ្រោះ​ចង់​ប្រាប់​ដល់​ពិភពលោក​ថា ប្រជាជន​កម្ពុជា​រាប់លាន​នាក់​បាន​ស្លាប់​យ៉ាង​វេទនា​នៅក្នុង​របប​ខ្មែរក្រហម​នោះ ហើយ​យើង​ចង់​បាន​យុត្តិធម៌ សម្រាប់​ទាំង​អ្នក​ដែល​បាន​ស្លាប់បាត់​បង់​ជីវិត​ទៅ​ហើយ និង​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​របប​នោះ​»​។

ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​អ្នក​ដែល​បាន​ប្រើប្រាស់​រូបថត​ទាំង​នោះ​សម្រាប់​គោលបំណង​អ្វី​មួយ​វា​គឺជា​រឿង​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​។ ជា​ឧទាហរណ៍​សម្រាប់​ការប្រើប្រាស់​ត្រឹមត្រូវ​លោក​ យុ បាន​លើក​ឡើង​អំពី​រូបថត​អ្ន​ទោស​ពន្ធនាគារ​ស ២១ នៅ​អង្គការ​របស់​លោក​ផ្ទាល់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការអនុញ្ញាត​ត្រឹមត្រូវ​។

ទាំង​គេហទំព័រ Alamy និង Sprague មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើសុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ ទោះបី​ហាក់​ដូចជា​មាន​ដំណើរ​ដក​រូបថត​ទាំងនោះ​ចេញ​ពី​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ក្តី​។

លោក John Lander អ្នក​ថតរូប​ម្នាក់​ដែល​គេហទំព័រ Alamy បាន​ឲ្យ​តម្លៃ​ចំពោះ​រូប​ថត​អ្នក​ជាប់​ពន្ធនាគារស ២១ បាន​ថ្លែង​តាមរយៈ​អ៊ីមែល​ថា​លោក​នឹង​ដក​យក​រូបថត​នោះ​ចេញ​ពីព្រោះ​វា​បាន​បង្ហាញ​ផ្ទៃមុខ​របស់​ជនរងគ្រោះ​ដែល​ខ្ញុំ​អាច​ស្រមៃ​ថា​ងាយ​ធ្វើឲ្យ​ប៉ះពាល់​អាម្មរណ៍​របស់​មនុស្ស​មួយ​ចំនួន​ហើយ​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​មាន​សំណួរ​ចោទឡើង​អំពី​ម្ចាស់​រូបថត​ទាំង​នោះ​។

អ្នក​ថតរូប​ដើម​ដែល​បាន​ថតរូប​ជាច្រើន​គឺជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ថ្នាក់​ទាប​ម្នាក់​ដែល​គាត់​កំពុង​រស់រាន​មាន​ជីវិត​នៅ​ឡើយ ហើយ​គាត់​បាន​អះអាង​ថា កម្មសិទ្ធិ​គួរ​តែ​ជា​របស់​គាត់​។

លោក ញ៉ែម អេន អាយុ ៥៨ ឆ្នាំ​បាន​ធ្វើការ​ជា​អ្នក​ថតរូប​អស់​រយៈពេល ៣ ឆ្នាំ​នៅ​គុក​ទួលស្លែង​ហៅ​ពន្ធនាគារ ស​ ២១ ហើយ​ការងារ​របស់​គាត់​គឺ​ចាំ​ថតរូប​អ្នក​ដែល​ត្រូវ​នាំ​មក​ឃុំ​ខ្លួន​នៅ​ទីនោះ​។ លោក​រៀបរាប់​ថា​៖ «​ខ្ញុំ​បាន​ថតរូប​អ្នក​ទាំងនោះ​ដូច្នេះ​ការរក្សា​កម្មសិទ្ធិ​គួរ​តែ​ជា​របស់​ខ្ញុំ ប៉ុន្តែ​ការរក្សា​កម្មសិទ្ធិបញ្ញា មិនមែន​ជា​បញ្ហា​ទេ​នៅ​កម្ពុជា​។ រូបថត​ដែល​ខ្ញុំ​បាន​ថត​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ផ្តល់​តម្លៃ​ឱ្យ​ខ្ញុំ​ទេ​។ ជនបរទេស​ប្រហែល​មិន​ស្គាល់​ខ្ញុំ​ទេ ដូច្នេះ​រដ្ឋាភិបាល​គួរ​ធ្វើ​អ្វី​មួយ​អំពី​បញ្ហា​នេះ​»​។

យោង​តាម​អនុក្រឹត្យ​ចេញ​ឆ្នាំ​ ២០០១ រដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​រូបភាព​តាម​ផ្លូវ​ច្បាប់​ដើម្បី​ការពារ​ពួកគេ​ពី​ការប្រើប្រាស់​ខុស​។ ឧទាហរណ៍ អនុក្រឹត្យ​នេះ​បាន​ពង្រីក​ទៅ​ដល់​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ដូចជា​ផែនទី និង​រូបថត​ជាដើម​ដែល​ចាត់ទុក​ថា​ជា​ទ្រព្យសម្បត្តិ​មិន​អាច​កាត់ថ្លៃ​របស់​ប្រទេស​សម្រាប់​មនុស្ស​ច្រើន​ជំនាន់​។

ប្រធាន​សារមន្ទីរ​គុក​ទួលស្លែង​លោក វិសុទ្ធ បាន​លើក​ឡើង​អំពី​ភាព​ជា​ម្ចាស់​តាមរយៈ​សារ​អេឡិចត្រូនិក​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបោះពុម្ព​ផ្សាយ​រូបភាព​ត្រូវ​តែ​ដាក់​សំណើ​ទៅ [​ក្រសួង​វប្បធម៌​] MoC ដោយ​ត្រូវ​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​ប្រើប្រាស់ និង​ត្រូវ​យល់ព្រម​ថា​មិន​ឱ្យ​រូបភាព​នោះ​ទៅ​នរណា​ម្នាក់​ផ្សេង​ទៀត​ដោយ​គ្មាន​ការអនុញ្ញាត​»​។ នៅក្នុង​ករណី​នេះ​ការ​ឲ្យ​តម្លៃ​ (credit) សម្រាប់​រូបថត​នោះ​គួរ​បាន​ទៅ​សារមន្ទីរ​។

នៅពេល​ទាក់ទង​សុំ​ការបំភ្លឺ​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​លោក ថៃ នរៈសត្យា បាន​ហៅ​បញ្ហា​នេះ​ថា​ជា​ «​បញ្ហា​តូចតាច​» ហើយ​ហាក់​មិន​ប្រាកដ​ថា​អង្គភាព​ណា​មួយ​ដែល​ត្រូវ​រក្សា​ការត្រួតពិនិត្យ​តាម​ផ្លូវ​ច្បាប់ ដើម្បី​រក្សា​កម្មសិទ្ធិ​រូបភាព ដែល​ថត​នៅ​ពន្ធនាគារ ស ២១ ទេ​។

លោក​ វិសុទ្ធ បញ្ជាក់​ថា​លោក​នឹង​សិក្សា​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​អំពី​ស្ថានភាព​នេះ​។ លោក​មាន​ប្រសាសន៍​ថា៖ «​មិន​ថា​យ៉ាង​ណា​ទេ​យើង​នឹង​បង្ហាញ​ឆន្ទៈ​ចរចា និង​ប្រាប់​ទៅ​អ្នក​លក់​ទាំងនោះ​ឲ្យ​ឈប់​ធ្វើ​ដូច្នេះ​»​។ លោក​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​ពួកគេ​មិន​ព្រម​បញ្ឈប់​ទេ​យើង​នឹង​ពិនិត្យ​មើល​សមត្ថភាព​របស់​យើង ដើម្បី​អនុវត្ត​តាម​ផ្លូវ​ច្បាប់​»​។

លោក Minh Bui Jones ដែល​ជា​ចាងហ្វាង និង​ជា​ការីនិពន្ធ​ទស្សនាវដ្តី Mekong Review បាន​ថ្លែង​ថា វា​ច្បាស់​ណាស់​គឺថា​ភ្នាក់ងារ​ទាំងនោះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​មិន​សម​ហេតុផល​ទាំង​ផ្លូវ​ច្បាប់​ និង​ក្រមសីលធម៌​ហើយ​លោក​បាន​ចោទ​សួរ​ថា តើ​រូបភាព​ទាំង​នោះ​នឹង​ត្រូវ​បាន​គេ​ដាក់​លក់​ដែរ​ឬ​ទេ ប្រសិន​បើ​រូបភាព​ទាំងនោះ​ពណ៌នា​អំពី​ជនរងគ្រោះ​មកពី​ប្រទេស​លោក​ខាង​លិច​។

លោក​បន្ថែម​ថា​៖ «​ប្រសិន​បើ​សួរ​ថា តើ​រូបថត​ទាំង​នោះ​ជា​​នរណា​? ចម្លើយ​គឺថា ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​ប្រសិន​បើ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​បាន​ផ្តល់​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លក់​រូបថត​ទាំងនោះ​នោះ​ពួកគេ​ត្រូវ​ធ្វើ​ច្បាស់លាស់​តាមច្បាប់​។ ប៉ុន្តែ​ប្រសិន​បើ​មិនមាន​ការអនុញ្ញាត​ទេ​នោះ​ពួកគេ​គឺជា​ចោរប្លន់​...»៕ NS

Quinn Libson