ភ្នំពេញៈ ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវបានប្រតិកម្មចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលលើកឡើងពីបញ្ហានៅកម្ពុជា ដោយមិនផ្អែកលើបរិបទច្បាប់ ហេតុការណ៍ជាក់ស្ដែង និងមិនបានគោរពតាមក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការនីតិវិធីពិសេស។
ប្រតិកម្មនេះធ្វើឡើងភ្លាមៗតបទៅនឹងសេចក្ដីថ្លែងការណ៍របស់លោកស្រី Lawlor កាលពីថ្ងៃទី ១៦ វិច្ឆិកា ដែលបញ្ចេញទស្សនៈថាក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប សម្តែងកង្វល់ពីការបន្តឹងការរឹតត្បិតលើសង្គមស៊ីវិលនៅកម្ពុជា។ លោកស្រី Lawlor បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួន និងការផ្តន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងប្រើកម្លាំងហួសប្រមាណប្រឆាំងពួកគេ។
អ្នករាយការណ៍ពិសេសរូបនេះថ្លែងថា៖ «ខ្ញុំមានការព្រួយកង្វល់ចំពោះរបាយការណ៍ដែលអាចជឿទុកចិត្តបានថា មានអ្នកការពារសិទិ្ធមនុស្សយ៉ាងហោចណាស់ ២១ នាក់ បានទទួលរងនូវការគំរាមកំហែង ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពានក្នុងរយៈពេល ៣ ខែកន្លងមកនេះ»។
លោកស្រីបានបន្តថា៖ «ខ្ញុំបានពិនិត្យឡើងវិញនូវវីដេអូដែលអាចរកបានជាសាធារណៈដែលកម្លាំងសន្តិសុខបានប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ដែលភាគច្រើនជាស្ត្រី មិនឱ្យប្រើសិទ្ធិរបស់ពួកគេក្នុងការជួបប្រជុំដោយសន្តិវិធី។ ការលើកស្ទួយ និងការការពារសិទ្ធិមនុស្សដោយសន្តិវិធី មិនមែនជាបទល្មើសទេ»។
ការលើកឡើងរបស់លោកស្រី Lawlor ធ្វើឡើងដោយយោងលើការរាយការណ៍ថា មានការចាប់ឃុំខ្លួន ដើម្បីដាក់ទោសដល់អ្នកការពារសិទ្ធិមនុស្សចំពោះការបំពេញការងារពួកគេ ក្នុងនោះមានលោក រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣១ កក្កដា និងការចាប់ខ្លួនអ្នកធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនលោក រ៉ុង ឈុន។ មនុស្ស ១២ នាក់ កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងប្រឈមការចោទប្រកាន់នានា ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ។
លោកស្រីក៏បានសម្តែងកង្វល់ផងដែរចំពោះការឃុំខ្លួនអ្នកការពារបរិស្ថាន ការប្រើប្រាស់អំពើហិង្សាលើក្រុមគ្រួសារសកម្មជនដែលជាប់ឃុំ ការផ្សឹកព្រះសង្ឃ ១ អង្គ ដែលធ្វើសកម្មភាពសិទ្ធិមនុស្ស និងការគំរាមកំហែង អ្នកឃ្លាំមើលដែលបានថតរូបចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី និងប្រធានសហជីពមួយចំនួន។ លោកស្រីថា អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានដាក់ទោសព្រហ្មទណ្ឌ ចំពោះការការពារសិទ្ធិអ្នកដទៃឡើយ។
ប៉ុន្តែស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបានលើកឡើងថា ការវាយតម្លៃលើប្រទេសមួយអាចជឿជាក់បាន លុះត្រាតែផ្អែកលើបរិបទច្បាប់ និងហេតុការណ៍ពិតនៅនឹងកន្លែងជាមួយនឹងប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់ និងទស្សនវិស័យរួម។ ការធ្វើបែបនេះស្របនឹងក្រមសីលធម៌សម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស និងសៀវភៅណែនាំប្រតិបត្តិការនីតិវិធីពិសេស។ ជាការគួរឱ្យស្តាយយ៉ាងខ្លាំងដែលលោកស្រីសាស្ត្រាចារ្យ Lawlor ពុំបានគោរពឱ្យបានហ្មត់ចត់ក្នុងផ្នែកជាច្រើននៃនីតិវិធីដែលបានរៀបរាប់នេះ។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបន្តថា លោកស្រី Lawlor ពុំដែលបាននិយាយទាល់តែសោះថា ការអនុវត្តសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធីត្រូវភ្ជាប់នឹងករណីយកិច្ច ការទទួលខុសត្រូវ និងការរឹតត្បិតពិសេសដែលកំណត់ដោយច្បាប់ ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាថ្លែងថា៖ «ទីបំផុត មើលទៅហាក់ដូចជា លោកស្រី សាស្ត្រាចារ្យ ពុំត្រូវបានគេជូនព័ត៌មានពេញលេញពីការអនុវត្តសិទ្ធិ និងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលត្រូវឱ្យស្របទៅតាមច្បាប់ ដូចមានចែងក្នុងមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការប្រមូលផ្ដុំដោយសន្តិវិធីដែលសហការជាមួយអាជ្ញាធរ និងប្រកាន់ខ្ជាប់នូវវិធានការសន្តិសុខ និងសុវត្ថិភាព គឺជាការអនុវត្តសេរីភាពដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំក្នុងគោលបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការគឺជាបទល្មើសដែលមានចែងក្នុងមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា»។
ស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជាបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្ត បន្តធានាការអនុវត្តសិទ្ធិ និងសេរីភាពទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍របស់ពលរដ្ឋទាំងអស់ដែលគោរពច្បាប់ មិនមែនសម្រាប់តែក្រុមជាក់លាក់ណាមួយនោះឡើយ។
ស្រដៀងគ្នានេះលោក ជិនម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា សេចក្ដីថ្លែងការណ៍របស់លោកស្រី Lawlor មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាទេ។
លោកថា ការសន្និដ្ឋាននេះផ្តោតតែលើរូបភាពខាងក្រៅ នៅពេលសមត្ថកិច្ចអនុវត្តច្បាប់ ដោយមិនខ្ចីខ្វល់ និងវិភាគវែកញែកថា តើទង្វើ និងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះជាការការពារសិទ្ធិមនុស្ស ឬជាការប្រព្រឹត្តបទល្មើស។
រដ្ឋាភិបាល និងសមត្ថកិច្ចមិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ គ្រាន់តែចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសប៉ុណ្ណោះ ដែលជានីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការជួបជុំតវ៉ាឱ្យដោះលែងអ្នកដែលត្រូវចាប់ខ្លួនមិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សទេ តែវាជាអំពើល្មើសទៅនឹងច្បាប់។ នេះបើតាមលោក ជិន ម៉ាលីន។
លោកបានបញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះក្រុមដែលមានផែនការ និងចេតនាទុច្ចរិត បង្កនូវចលាចល និងអសន្តិសុខក្នុងសង្គមក្រោមរូបភាព និងលេសសិទ្ធិមនុស្សក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដទៃ និងថែរក្សានូវសន្តិសុខស្ថិរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ»៕