ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោកស្រី មីសែល បាសឺឡេត៍ (Michelle Bachelet) ​ដែល​បាន​វាយតម្លៃ​អវិជ្ជមាន​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​ចាត់ទុក​ទង្វើ​នោះ​ថា ធ្វើឡើង​ដោយ​លម្អៀង និង​មិនបាន​វាយតម្លៃ​ជារួម​ដោយ​ផ្ដល់​អាទិភាព​តែ​លើ​ក្រុម​មួយ​។

នៅក្នុង​ការថ្លែងការណ៍​នៅឯ​កិច្ចប្រជុំ​លើក​ទី​ ៤២ ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វ៊ីស​កាលពី​ថ្ងៃទី​ ១០ ខែ​ កញ្ញា គណៈប្រតិភូ​នៃ​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ថា ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) បានផ្ដល់​អាទិភាព​ចំពោះ​ក្រុម​មួយ ហើយ​មើលរំលង​ក្រុម​ផ្សេងៗ​ទៀត ដើម្បី​រិះគន់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ​ការធ្វើ​បែបនេះ គឺជា​ការ​បន្ទាប​តម្លៃ​គោលការណ៍​​អព្យាក្រឹតភាព​របស់​ខ្លួន​។

សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​ថា «​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​គួរ​ត្រូវបាន​វាយតម្លៃ​ជារួម​ជា​ជាង​ពឹង​ផ្អែកលើ​ករណី​ដាច់ដោយ​ឡែក​។ អ្នកនឹង​មិនអាច​យល់​ពី​ការពិត​នៃ​បញ្ហា​នេះ​បានទេ ប្រសិនបើ​អ្នកវាយតម្លៃ​បញ្ហា​ដោយ​គ្រាន់​ពិនិត្យមើល​តែ​ដើមឈើ​ ១ ​ដើម​ជា​ជាង​ពិនិត្យ​មើល​ព្រៃ​ទាំងមូល និង​ព្យាយាម​ភ្ជាប់​បញ្ហា​នោះ​ទៅនឹង​របៀបវារៈ​ដែល​ខ្លួន​បានជ្រើសរើស​រួចហើយ​»​។

សេចក្ដី​ថ្លែងការណ៍​របស់​តំណាង​កម្ពុជា​នេះ​បានធ្វើ​ឡើង​ក្រោយ​​ ១ ​ថ្ងៃ បន្ទាប់ពី​លោកស្រី មីសែល បាសឺឡេត៍ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ឡើង​ថ្លែងការណ៍​អំពី​បច្ចុប្បន្នភាព​ជា​សកល​នៅ​សម័យប្រជុំ​លើក​ទី​ ៤២ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី​ ៩ ​កញ្ញា​។ ​

សេចក្ដី​ថ្លែងការណ៍​របស់​លោកស្រី​ទាក់ទង​នឹង​ប្រទេស​ កម្ពុជា គឺ​បាន​​លើកឡើង​អំពី​កង្វល់​នៃ​ការរំលាយ​បក្សប្រឆាំង និង​ការដាក់​សម្ពាធ​ដោយ​អាជ្ញាធរ និង​តុលាការ​លើ​មន្ត្រី និង​អ្នកគាំទ្រ​បក្សប្រឆាំង​ដោយសារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សម្ដែង​មតិ​នយោបាយ​។

លោកស្រី​បន្តថា​៖ «​ខ្ញុំ​នៅតែ​មាន​កង្វល់​អំពី​ការបន្ត​មាន​ដាក់​សម្ពាធ​ទៅលើ​សមាជិក​ និង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ដ៏ធំ​មួយ​ដែល​ត្រូវ​បាន​រំលាយ​កាលពី​ចុងឆ្នាំ​ ២០១៧​។ ចាប់​តាំងពី​ដើម​ឆ្នាំ​នេះ​មក នគរបាល​ ឬ​តុលាការ​បាន​សាកសួរ​មនុស្ស​ជាង​ ១៣០ ​នាក់ និង​យ៉ាង​ហោចណាស់​មាន​សមាជិក​ ឬ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ចំនួន​ ២២ ​នាក់​ កំពុង​ជាប់ឃុំ​ក្រោម​ការចោទប្រកាន់​ពី​បទល្មើស​ជាច្រើន​ករណី​ ឬ​ត្រូវបាន​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅនឹង​ការសម្ដែង​មតិ​នយោបាយ​របស់ខ្លួន​»​។

លោកស្រីឧត្តមស្នងការ​បាន​​បន្ថែមថា សិទ្ធិ​ដើម្បី​អភិវឌ្ឍ​​គឺ​ត្រូវការ​ការចូលរួម​ពី​មនុស្ស​គ្រប់គ្នា​ក្នុងការ​សម្រេចចិត្ត​ក្នុងនោះ​រួមទាំង​អ្នកមាន​ទស្សនៈ​រិះគន់​ផងដែរ​។ លោកស្រី​បាន​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​គួរ​ចាត់វិធានការ​ដើម្បី​ធានា​ដល់​ការពិភាក្សា​ដោយ​ពិតប្រាកដ​និង​គោរព​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។

ទោះជា​យ៉ាងណា ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បានចាត់ទុក​ការលើកឡើង​របស់​លោកស្រី មីសែល បាសឺឡេត៍ ថា​គ្រាន់តែ​ច្បិច​យក​បញ្ហា​តែមួយ​ជ្រុង​ប៉ុណ្ណោះ ហើយ​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​នេះ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​លម្អៀង​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​។

លោ ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ការ​ថ្លែង​របស់​លោកស្រី មីសែល បាសឺឡេត៍ គឺ​ដោយសារ​ទទួល​បាន​ព័ត៌មាន​តែមួយ​ជ្រុង​ពី​ខាង​គណបក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង​។

ប៉ុន្តែ​លោក​ថា​កន្លង​មក​លោកស្រី​ឧត្តមស្នងការ​រូបនេះ​នៅពេល​ជួប​មន្ត្រី​ការទូត និង​មេដឹកនាំ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​ក៏​ធ្លាប់បាន​ថ្លែង​សរសើរ​ និង​លើកទឹកចិត្ត​ចំពោះ​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការលើក​កម្ពស់​សិទ្ធិមនុស្ស​នេះដែរ​។

លោក​ថា​៖ «​អ៊ីចឹង​ការលើកឡើង​ (​របស់​លោកស្រី មីសែល បាសឺឡេត៍​) ​ហ្នឹង វា​មិន​ឆ្លុះបញ្ចាំង​ពី​ភាពជាក់ស្ដែង​របស់​កម្ពុជា​ដូច​យើង​ធ្លាប់​បាន​ពន្យល់​នាពេល​កន្លង​មក​ហើយ​នូវ​អ្វី​ដែលជា​ក្ដីកង្វល់​ហ្នឹង​វា​គឺជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា មិនមែន​ជា​ការរឹតត្បិត​សិទ្ធិ​សេរីភាព​ដូច​ការលើកឡើង​របស់​សង្គមស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ទេ​»​។

មន្ត្រី​រូបនេះ​បាន​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​នៅ​តែ​បន្ត​សហការ​ជាមួយ​ (OHCHR) ​តាមរយៈ​យន្តការ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ដើម្បី​បង្ហាញ​អំពី​តថភាព​របស់​កម្ពុជា​ដែល​ខុស​ពី​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ដូច​ពេលបច្ចុប្បន្ន​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​ មិនទាន់​ទទួល​បាន​ការឆ្លើយតប​ពី​លោកស្រី Marie Dominique Parent អនុប្រធាន​ការិយាល័យ OHCHR ​នៅ​កម្ពុជា​តាមរយៈ​អ៊ីមែល​នៅឡើយ​ទេ ខណៈ​លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត​នៃ​សម្ព័ន្ធ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ មិន​លើក​ទូរស័ព្ទ ស្រប​ពេល​ដែល​​លោក ស៊ឹង សែនករុណា មន្ត្រី​នាំពាក្យ​សមាគម​អាដហុក​ក៏​ពុំ​អាច​ទាក់ទង​បាន​។

កាលពី​ចុង​ខែ​កក្កដា​ថ្មីៗ​នេះ​អង្គការ​ជាតិ និង​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស​ចំនួន​ ២៨ បាន​ដាក់​របាយការណ៍​មួយ​ទៅកាន់​ក្រុម​​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ឱ្យ​មាន​ការគិត​ដល់​អំពី​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

របាយការណ៍​នោះ​បាន​លើក​ឡើង​អំពី​កង្វល់​លើ​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន រួមមាន​ករណី​លោក កឹម សុខា ​ការរំលាយ​បក្សប្រឆាំង ការហាម​ធ្វើ​នយោបាយ​លើ​សមាជិក​គណបក្ស​ប្រឆាំង​​សេរីភាព​សារព័ត៌មាន ការកោះ​ហៅ​អតីត​សមាជិក​បក្សប្រឆាំង​ដោយ​សមត្ថកិច្ច និង​តុលាការ ការចាប់ខ្លួន​សកម្មជន សេរីភាព​ជួបជុំ និង​ច្បាប់​សហជីព​ផងដែរ​៕