ភ្នំពេញៈ តំណាងកម្មវិធី REDD របស់អង្គការសហប្រជាជាតិកាលថ្ងៃទី ៨ មករា នេះ បានថ្លែងថា ខ្លួននឹងមានក្តីបារម្ភប្រសិនបើការអះអាងរបស់យោធាដែលឈូសឆាយព្រៃជាលក្ខណៈប្រព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ ជាការពិត ក្រោមកម្មវិធីមួយដែលត្រូវបានគិតថាដើម្បីអភិរក្សគម្របព្រៃឈើ ប៉ុន្តែក្រុមហ៊ុនភាគីទីបីបានច្រានចោលការចោទប្រកាន់នោះថា មិនត្រឹមត្រូវ។
លោក Florian Eisele នៅកម្មវិធី REDD របស់អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានថ្លែងថា ប្រសិនបើការអះអាងដែលធ្វើឡើងនៅក្នុងរបាយការណ៍កាលពីពេលថ្មីៗដោយអង្គការ Fern ដែលជាអង្គការបរិស្ថានមួយមានមូលដ្ឋានប្រទេសអង់គ្លេស ត្រឹមត្រូវ នោះវានឹងជា«ក្តីបារម្ភ»។
លោកបានសរសេរនៅតាមអ៊ីមែលថា៖ «ទោះយ៉ាងណាក្តី កម្មវិធី REDD របស់អង្គការសហប្រជាជាតិ ជាធម្មតាមិនធ្វើការជាមួយគម្រោងបុគ្គល ហើយក៏មិនស្ថិតនៅក្នុងឋានៈធ្វើអត្ថាធិប្បាយអំពីពួកគេដែរ»។
អ្នកជំនាញខាងអភិរក្សបានថ្លែងថា គម្រោងឥណទានកាបូននៅខេត្តឧត្តរមានជ័យ ដែលជាគម្រោង REDD+ លើកទីមួយនៅកម្ពុជា មានបញ្ហាជាច្រើនចាប់តាំងពីការចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៨ដែលកាលពីពេលនោះអ្នកតាំងលំនៅជាច្រើនក្នុងតំបន់នោះគឺជាទាហាន ដែលធ្វើឲ្យវាពិបាកក្នុងការការពារព្រៃឈើ។
ប៉ុន្តែការអះអាងថ្មីៗចុងក្រោយបំផុតនេះត្រូវបានធ្វើឡើងក្នុងរបាយការណ៍ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយអង្គការ Fern។
បន្ទាប់ពីរបាយការណ៍ត្រូវបានបោះពុម្ពផ្សាយ ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic ដែលបានប្រើឥណទានកាបូនពីគម្រោងនោះដើម្បីទូទាត់នឹងការហោះហើររបស់ខ្លួន បានសូមឲ្យអង្គការ Natural Capital Partners ដែលសម្របសម្រួលការទិញឥណទានស៊ើបអង្កេតការអះអាងនេះ។
ទោះយ៉ាងណាក្តី លោកស្រី Rebecca Fay នៅក្រុមហ៊ុន Natural Capital Partners បានថ្លែងថា ខ្លួនបានរាយការណ៍វិញទៅក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic ពាក់ព័ន្ធនឹង «ការចោទប្រកាន់របស់អង្គការFern ដែលកើតមានបួនដប់ឆ្នាំមុន»។
លោកស្រីបានសរសេរនៅក្នុងអ៊ីមែលមួយថា៖ «របាយការណ៍របស់អង្គការFernទំនងជាផ្អែកទៅលើអត្ថបទពីឆ្នាំ ២០១៤ និង ២០១៦ ដែលត្រូវបានយកចេញពីការបោះពុម្ពផ្សាយដទៃៗទៀត»។
លោកស្រីបានបដិសេធមិនឆ្លើយថាតើក្រុមហ៊ុន Natural Capital Partners អនុវត្តការស៊ើបអង្កេតយ៉ាងដូចម្តេច និងរបៀបដែលខ្លួនសន្និដ្ឋានថា បញ្ហាទាំងនោះអាចលែងកើតមានទៀត៕ PS