ភ្នំពេញៈ ​តំណាង​ក្លិប​ហាត់​ប្រាណ​ស៊ុប​ភើ​ហ្វិទ(SuperFit)​បាន​ចេញ​មុខ​អះ​អាង​ថា បុរស​ជា​ជន​សង្ស័យ​ ព្រឿង សំអឿន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ករណី​ហិង្សា​ផ្លូវ​ភេទ​លើ​សង្សារ​ខ្លួន​មិន​មែន​ជា​គ្រូ​បង្ហាត់​ក្នុង​ក្លិប​របស់​ខ្លួន​ទេ ​តែ​ថា​គាត់​គ្រាន់​តែ​ជា​ភ្ញៀវ​ធម្មតា​ប៉ុណ្ណោះ​។

លោក ខៀវ សំរិទ្ធ អ្នក​គ្រប់​គ្រង​ទូទៅ ក្លិប​ហាត់​ប្រាណ​ ស៊ុប​ភើ​ហ្វិទ បាន​ថ្លែង​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នៅ​ក្លិប​ស៊ុប​ភើ​ហ្វិ​ទថា ជន​សង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទ​ប្រុស ​អាយុ ​៣៩​ឆ្នាំ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ទារុណ​កម្ម​ផ្លូវភេទ​លើ​នារី​រង​គ្រោះ មិន​មែន​ជា​បុគ្គ​លិក​ឬ​គ្រូ​បង្ហាត់​នៅក្លិប​ហាត់ប្រាណ​ស៊ុប​ភើ​ហ្វិ​ទ ដូច​សារ​ព័ត៌​មាន និង​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ឡើយ​។

លោក​បញ្ជាក់​ថា​៖«បុគ្គល​ឈ្មោះ ព្រឿង ​សំអឿន ហៅ ​សេម មិន​មែន​ជា​បុគ្គ​លិក ឬគ្រូ​បង្ហាត់ ​នៅ​ក្លិប​ហាត់​ប្រាណ​ ស៊ុប​ភើ​ហ្វិ​ទ ​យើង​នោះ​ទេ។​ បុគ្គល​រូបនោះត្រឹម​តែ​ជា​អតិថិ​ជន​ដែល​បាន​ចុះ​ឈ្មោះ​ហាត់​ប្រាណ​នៅ​ក្លិប​ហាត់​​ប្រាណ​យើង​ប៉ុណ្ណោះ​»។

បើ​តាម លោក សំរិទ្ធ ក្លិប​ហាត់​ប្រាណ​របស់​លោក​មាន​គ្រូ​បង្ហាត់​តែ ៥ នាក់ ប៉ុណ្ណោះ (ប្រុស ៤ នាក់ និង ស្រី១) ហើយគ្រូ​បង្ហាត់​ទាំង ៥​នាក់ សុទ្ធ​តែ​មាន​កិច្ច​សន្យា និង​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់​។

ការ​អះ​អាង​របស់​តំណាង​ក្លិបបែបនេះ​​បន្ទាប់​ពី​មាន​សារ​ព័ត៌​មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​យល់​ច្រឡំ​ថា​ ​ឈ្មោះ ​ព្រឿង សំអឿន ជា​គ្រូ​បង្ហាត់​ក្នុង​ក្លិប​​ស៊ុប​ភើ​ហ្វិទ​។

តំណាង​ក្រុម​គ្រូ​បង្ហាត់​មួយរូប​ក្នុង​ក្លិប​ហាត់​ប្រាណស៊ុប​ភើ​ហ្វិ​ទ លោក ច័ន្ទ រុន បាន​លើក​ឡើង​ថា ​លោក​ខក​ចិត្ត​​ខ្លាំង​ណាស់​ពេល​ឃើញ​មាន​ការ​សរសេរ​ថា ជន​សង្ស័យ​រូប​នោះ ជា​គ្រូ​បង្ហាត់​នៅ​ក្លិប​នេះ ខណៈ​បុគ្គល​ឈ្មោះ​ សំអឿន គ្រាន់​តែ​ជា​ភ្ញៀវ​ធម្មតា​នោះ​​។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ​ឆ្នាំ២០១៨ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជូន​ជន​សង្ស័យ ឈ្មោះ ព្រឿង ​សំអឿន​ ទៅ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ក្រោយ​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ករណី​ហិង្សា ​គំរាម​សម្លាប់​ បង្ខាំង​ទុក និ​ង​អំពើ​ទារុណ​កម្ម។

ជន​សង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅ​សេម ភេទ​ប្រុស អាយុ ៣៩ឆ្នាំ ធ្លាប់​ជា​អា​ណិក​ជន​ខ្មែរ-អាមេ​រិក ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រាវ​ជ្រាវរក​ឃើញ​ពាក់​ព័ន្ធ​នឹង​ករណី​បង្ខាំង​ទុក​នារី​ម្នាក់ ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ទារុណ​កម្ម​ផ្លូវ​ភេទ ​លើ​ឈ្មោះ ម.ហ អាយុ ​២២​ឆ្នាំ​ ជា​និ​ស្សិត​ឆ្នាំ​ទី២ ព្រម​ទាំង​បាន​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ ​ដោយ​ប្រើ​ពាក្យ​សម្ដី​មិន​សម​រម្យ ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​ជន​រង​គ្រោះ​ដោយ​មា​នទាំង​​​គំរាម​បង្ហោះ​វីដេអូ​រួម​ភេទ​ជា​មួយ​គ្នា​ផង​ដែរ​៕