មណ្ឌលគិរីៈ តំ​ណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ស្រុក​ចំនួន​ ៤ ក្នុង​ខេត្ត​មណ្ឌល​គិរី​បាននាំ​គ្នា​មក​រាជ​ធានី​ភ្នំពេញ​ពី​​ម្សិលមិញ​ ដើម្បី​ដាក់​ញត្តិ​នៅ​ក្រ​សួង​រៀប​ចំ​ដែន​ដី​ ក្រសួង​វប្បធម៌​ និង​ខុទ្ទ​កា​ល័យ​លោក ហ៊ុន សែន ស្នើ​សុំ​ព​ន្លឿន​ដំណើរ​ការដក​ហូត​ដី​លើ​ភ្នំ​ដោះ​ក្រមុំ​មក​គ្រប់​គ្រង​ជា​សម្បត្តិ​រួម​វិញ ខណៈ​អាជ្ញាធរ​ខេត្ត​​អះអាង​ថា កំពុង​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ។

លោក ​ណាន ដា​នី តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​មូល​ហេតុ​ដែល​រូប​លោក​និង​តំណាង​សហ​គមន៍​ ៣ នាក់​ទៀត​ មកពី​ស្រុក​កោះ​ញែក​ អូរ​រាំង និង​ពេ​ជ្រា​ដា​ មក​ដាក់​ញត្តិ​ដល់​ភ្នំពេញ​នេះ ​ដោយ​សារ​អាជ្ញាធរ​ខេត្ត​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​តាម​ប្រ​សាសន៍​របស់​លោក​ ហ៊ុន ​សែន​ ដែល​បាន​ប្រ​កាស​តាំង​ពី​ខែ​កុម្ភៈ​ឱ្យ​ដក​ហូត​យក​ភ្នំដោះក្រមុំ​មក​គ្រប់​គ្រង​ជា​សម្បត្តិ​រួម ​របស់​ក្រុម​ជនជាតិ​ដើម​វិញ។

លោក​ថា៖ ​«គាត់​ជា​អាជ្ញា​ធរ​ខេត្ត​ត្រូវ​តែ​គោ​រព​តាម​ប្រ​សាសន៍​សម្ដេច​ដែល​គាត់​បាន​ប្រកាស​ហើយ​ដើម្បី​ឲ្យ (​ដោះ​ស្រាយ) ជា​បន្ទាន់​។ អ៊ី​ចឹង​ខ្ញុំ​ក៏​អត់​ទាន់​យល់​ដែរ​មិន​ដឹង​ថា​ ថ្នាក់​ដឹក​នាំ​របស់​អាជ្ញា​ធ​រ (ខេត្ត) គាត់​គិត​អី​ម៉េចៗ​អ៊ីចឹង​ណា៎​ទៅ​លើ​ដែនដី​របស់​ជនជាតិ​ដើម»។

នៅ​ក្នុង​ញត្តិ​របស់​ពួក​គាត់​បាន​សរ​សេរ​ថា កន្លង​មក​មាន​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ ក្រសួង​វប្បធម៌​ និង​អាជ្ញា​ធរ​ខេត្ត​ រួម​ទាំង​តំ​ណាង​សហ​គមន៍​បាន​ចុះ​វាស់វែង​ និង​ពិនិត្យ​កន្លែង​មាន​ការ​រំលោភ​លើ​ដី​ភ្នំ​ដោះ​ក្រមុំ ​ប៉ុន្តែ​អាជ្ញាធ​រ​នៅ​ពុំ​ទាន់​ប្រ​កាស​ពី​លទ្ធ​ផល​នៃ​ការ​វាស់វែង​និង​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។

ក្រុម​សហ​គមន៍​បាន​ទាម​ទារ​យក​ដី​នៅ​ទី​តាំង​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ភ្នំ​ដោះ​ក្រមុំ​ទាំង​ ១០២ ​ហិក​តា​ស្រប​តាម​ ស.ជ​.ណ រ​បស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ឆ្នាំ ​២០០៤ ​មក​គ្រប់​គ្រង​វិញ ​និងបានអះអាង​ថា​ បច្ចុ​ប្បន្ន​ដី​​នោះ​ ត្រូវបាន​ឯក​ជន​រំលោភ​យក​នៅ​សល់​តែ​ ៨៧​ ហិកតា។

ទោះជា​យ៉ាង​ណា លោក សុខ សេ​រ៉ា មន្ត្រី​នាំពាក្យ​សាលាខេត្ត​មណ្ឌល​គិ​រី បានច្រានចោលការលើកឡើង​របស់​សហគមន៍នេះ​ដោយលោកថា អាជ្ញាធរ​កំពុង​យក​ចិត្ត​ទុ​កដា​ក់​ខ្លាំង​លើ​បញ្ហា​នេះ ហើយ​ក៏​ទើប​ដាក់​របាយ​ការណ៍​ជូន​លោក ហ៊ុន សែន ពិនិត្យ​សម្រេច​ដែរ។

លោក​ថា៖​ «គាត់[ហ៊ុន​សែន]​ពិនិត្យ​របាយ​ការណ៍​ហើយ​សម្រេច​យ៉ាង​ណា​នោះ​យើង​នឹង​អនុវត្ត​តាម​ហើយ»។

លោក ​សុខ ​សេ​រ៉ា​ បន្ថែម​ថា មូលហេតុ​រង់ចាំ​ការ​សម្រេច​ចុងក្រោយពី​លោក ​ហ៊ុន​ សែន​ នេះ ដោយ​សារ​​មាន​ពលរដ្ឋ​រាប់​រយ​គ្រួ​សារ​បាន​ចូល​ទៅ​រស់​នៅ​និង​ដាំ​ចម្ការ​កាហ្វេ​នៅ​តាម​ជើង​ភ្នំ​ដោះ​ក្រមុំ​តាំង​ពី​ឆ្នាំ ​១៩៩០​ និង ​មុន​មាន​ការ​ចេញ ​ស.​ជ.​ណ ​ទៅ​ទៀត ដូច្នេះ​ហើយ​ទើប​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​ត្រូវ​ខំ​ដោះស្រាយ​ដោយ​សន្ដិវិធី​ បច្ចេកទេស​ និង​ការ​សម្រប​សម្រួល។

ប៉ុន្តែ​បើ​តាម​លោក​ ណាន​ ដា​នី ដំបូង​ឡើយ​នៅលើ​ភ្នំ​ដោះក្រមុំ​គឺ​មានតែ​ផ្ទះ​ចំ​បើង​របស់​ជន​ជាតិ​ដើម​ប៉ុណ្ណោះ​ ហើយ​អាជ្ញា​ធរ​ថា​ មាន​ពលរដ្ឋ​ដែល​ចូល​ទៅ​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​តាំង​ពី​មុន​មាន ​ស.ជ.ណ គឺ​ជារឿង​មិន​ពិត។

លោក ​អ៊ាង ម៉េង​លី មន្ត្រី​សម្រប​សម្រួល​សមា​គម​អាដហុក​ប្រចាំខេត្ត​មណ្ឌល​គិ​រី​ បាន​លើក​ឡើង​ថា អាជ្ញា​ធរ​មា​ន​សិទ្ធិ​ដក​ហូត​យក​ដី​លើ​ភ្នំ​ដោះ​ក្រមុំ​វិញ ដើម្បី​ធ្វើជា​សម្បត្តិ​រដ្ឋ។

លោក​ថា៖ «ច្បាប់​មួយ​គេហៅថា​ច្បាប់​អសាមិករគឺ​ដកហូត​ តែ​ត្រូវមាន​សំណង​សមរម្យសម្រាប់​ប្រជាពលរដ្ឋ ប៉ុន្តែ​ខ្ញុំ​មិនដឹងថាតើ​អាជ្ញាធ​រខេត្ត​គាត់​អនុវត្ត​ច្បាប់​ហ្នឹង​ឬក៏​អត់​ទេ»៕