ព្រះសីហនុៈ នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​ ៧១ ​ដែល​ធ្វើឡើង​កាលពី​ម្សិលមិញ ប្រជាពលរដ្ឋ​ជិត ៣០០ ​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី​ចំនួន ៩ ០៥៥ គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ​បាន​ស្នើ​ទៅ​អភិបាលខេត្ដ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត​នេះ និង​រាជរដ្ឋាភិបាល អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ឲ្យ​បាន​លឿន​។

ញត្ដិ​ស្នើសុំ​ជួយ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​ដែល​បាន​នាំគ្នា​យក​ទៅ​ដាក់​នៅ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ចំនួន ៩ ០៥៥ ​គ្រួសារ​ ដែល​កំពុង​​រងគ្រោះ ប្រឈម​ការបាត់បង់​ដី​លំនៅឋាន និង​ដី​ធ្វើស្រែ​ចម្ការ​ចំនួន ១៦ ៦០៩,៣១ ​ហិកតា​ នៅ​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ ស្នើសុំ​ជួយ​​អន្តរាគមន៍​ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​ពន្លឿន​ការកាត់​ឆ្វៀល វាស់វែង​ដីធ្លី និង​ចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​។

ញត្តិ​នេះ​បញ្ជាក់ថា​៖ «​យើងខ្ញុំ​ទាំង ៩ ០៥៥ គ្រួសារ​បាន​ចូលមក​រស់នៅ​កាន់កាប់ និង​ធ្វើស្រែ​ចម្ការ សាងសង់​លំនៅឋាន​លើ​ដី​ដែល​ស្ថិត​នៅ​ទីតាំង​ខាងលើ​តាំងពី​ចន្លោះ​ឆ្នាំ​ (១៩៩០-១៩៩៥) ដើម្បី​បង្កបង្កើនផល និង​ចិញ្ចឹមជីវិត ហើយ​ការរស់នៅ​នេះ​ប្រកប​ដោយ​សេចក្តី​សុខសាន្ត​រហូតមក​។ ទើប​ដល់​អំឡុង​ឆ្នាំ​ (២០០៥-២០០៨) មាន​ក្រុមហ៊ុន ឈ្មួញ និង​អ្នក​មាន​អំណាច​មក​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​យើងខ្ញុំ ដែល​រស់នៅ​តាម​សហគមន៍​ក្នុង​ភូមិសាស្ត្រ​ខាងលើ​»​។

ញត្ដិ​នេះ​បន្ថែមថា​៖ «​យើងខ្ញុំ​គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្របច្បាប់​មាន​លិខិត​បញ្ជាក់​ការរស់នៅ​ជាក់លាក់​ពី​អាជ្ញាធរ​ដែនដី​រួមមាន អត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ បណ្ណ​បោះឆ្នោត និង​លិខិតបញ្ជាក់​ការកាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​ដែនដី​»​។

លោក យូ វាសនា តំណាង​សហគមន៍​ដីធ្លី​ម្នាក់​ក្នុង​ចំណោម​តំណាង​ ៨ ​នាក់​ផ្សេងទៀត​ដែល​បាន​ដាក់​ញត្ដិ​នេះ​បាន​ថ្លែងថា អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ ធ្វើ​វេទិកាសាធារណៈ ឬ​ធ្វើការ​ហែក្បួន​ទេ​កាលពី​ម្សិលមិញ​ប៉ុន្ដែ​ពលរដ្ឋ​ទាំង​ជិត​ ៣០០ ​នាក់​ បានសម្រេច​នាំគ្នា​យក​ញត្ដិ​ទៅ​ដាក់​នៅ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ ដោយ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​តាមរយៈ​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ​ជាពិសេស​អភិបាលខេត្ដ​ថ្មី​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​ចប់​រួចរាល់​។

លោក​ថ្លែងថា​៖ «​ពួកយើង​ចង់​ផ្ញើ​សារ​ដល់​រាជរដ្ឋាភិបាល​ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ដ​ជួយ​ពន្លឿន និង​ជំរុញ​ឲ្យ​អភិបាលខេត្ដ​ថ្មី​នេះ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់​ចប់​។ វិវាទ​ដីធ្លី​នៅក្នុង​សហគមន៍​យើង​នេះ បាន​អូសបន្លាយ​យូរ​ឆ្នាំ​ពេក​ទៅហើយ​គឺជាង​ ១៥ ​ទៅ​ ២០ ​ឆ្នាំ​ទៅហើយ​។ ដូច្នេះ​ញត្ដិ​យើង​នេះ គឺ​ចង់​ឲ្យ​ពន្លឿន​នីតិវិធី​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​»​។

លោក វាសនា បញ្ជាក់ថា រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ទទួល​យក​ញត្ដិ​របស់​ប្រជាពលដ្ឋ​រួចហើយ ដោយ​បាន​ប្រាប់ថា​នឹង​ផ្ដល់ព័ត៌មាន និង​ញត្ដិ​ទៅ​ដល់​អភិបាលខេត្ដ​ដើម្បី​ពិនិត្យ និង​ពន្លឿន​នីតិវិធី​ដោះស្រាយ​ជូន​ពលរដ្ឋ​។

កាលពី​ថ្ងៃទី​ ៣ ​ខែ​ធ្នូ​តំណាង​សហគមន៍​ដីធ្លី​មកពី ​១១ សហគមន៍​ ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ដាក់​លិខិត​ស្នើសុំ និង​អញ្ជើញ​អភិបាលខេត្ដ​ព្រះសីហនុ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​ ៧១ នៅ​ថ្ងៃទី​ ៩ ខែ​ធ្នូ ដោយ​បញ្ជាក់ថា មាន​ពលរដ្ឋ​ប្រមាណ ២៥០ ​នាក់​ដែល​មាន​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​នេះ​នឹង​មក​ចូលរួម​ក្នុង​វេទិកា​នេះ ប៉ុន្ដែ​ត្រូវ​បាន​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បដិសេធ​។

លិខិត​បដិសេធ​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៧ ​ខែ​ធ្នូ​បញ្ជាក់​ទៅ​តំណាង​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​ខាង​លើ​ថា រដ្ឋបាលខេត្ត​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ឬ​វេទិកាសាធារណៈ​នោះទេ ព្រោះ​កន្លងមក​រដ្ឋបាលខេត្ត​បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​នៅ​តាម​ក្រុង​ស្រុក​ឃុំ-សង្កាត់​ដោយ​រៀបចំ​វេទិកាសាធារណៈ​នៅតាម​ឃុំ សង្កាត់​ព្រម​ទាំង​បានរៀបចំ​កិច្ចប្រជុំ​សន្ទនា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត ១ ​ឆ្នាំ ២ ដង​យ៉ាង​ទៀងទាត់​ពាក់ព័ន្ធ​វិវាទ​ដីធ្លី វិវាទ​ផ្សេងៗ​ព្រមទាំង​សំណើ​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែងថា ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍​ដីធ្លី​នាំគ្នា​ឡើង​មក​កាន់​សាលាខេត្ដ​ព្រះសីហនុ​ពី​ម្សិលមិញ​គឺ​មិនមាន​បង្កបញ្ហា​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ដូច្នេះ​​រដ្ឋបាល​ខេត្ដ​បាន​សម្រេច​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦ នាក់​ចូល​ទៅ​ដាក់​ឯកសារ​ផ្សេងៗ​ក្នុង​រដ្ឋបាល​ខេត្ដ​។

លោក​ថ្លែងថា​៖ «​ចំពោះ​សំណើ និង​សំណូមពរ​ផ្សេងៗ​របស់​ពួកគាត់​នោះ​គឺ​តំណាង​រដ្ឋបាល​ខេត្ដ​យើង​នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​ថ្នាក់ដឹកនាំ​ដើម្បី​ពិនិត្យ​បន្ដ​»​។

លោកស្រី ជៀប សុធារី ​មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​ព្រះសីហនុ​ថ្លែ​ងថា ទោះបី​អាជ្ញាធរ​ខេត្ត​បាន​ជួបជុំ​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ក្នុង​ ១ ​ឆ្នាំ​ ២ ​ដង​ក៏ដោយ ប៉ុន្ដែ​មិនទាន់​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​រួចរាល់​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។

លោកស្រី​បានស្នើ​ឲ្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ពន្លឿន​ការអន្តរាគមន៍ ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​វិវាទ​ដីធ្លី​ណា​ដែល​បាន​អូសបន្លាយ​មក​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ឲ្យ​បាន​ឆាប់​។

លោកស្រី​ថ្លែងថា​៖ «​ការយក​ញត្ដិ​ទៅ​ដាក់​របស់​ប្រជាពលដ្ឋ​ដល់​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​នេះ​គឺ​មិនមែន​ជា​ការតវ៉ា​អ្វី​ទេ​គឺ​គ្រាន់តែ​ជាការ​បង្កើត​ឲ្យ​មាន​ឱកាស​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្ដ ដើម្បី​ពន្លឿន​ក្នុង​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មិនទាន់​បាន​ដោះស្រាយ​។ វា​ជា​ការ​រំឭក​ឡើងវិញ​នៃ​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​សេរីភាព និង​សិទ្ធិ​ទទួល​បាន​ជា​ម្ចាស់​កម្មសិទ្ធិ​នៅលើ​ដីធ្លី​របស់​ពួកគាត់ និង​ការរស់នៅ​ដោយ​ស្របច្បាប់​ជាដើម​»៕