កោះកុងៈ តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅ​ខេត្ត​កោះកុង​បាន​បដិសេធ​ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ថា ដី​ដែល​ពួកគាត់​តវ៉ា​ទាមទារ​រាប់រយ​ហិកតា​គឺ​ធ្លាប់​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែ​បាន​ស្នើឱ្យ​លោក ជាសុផារ៉ា ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្ដែង​ដើម្បី​ដឹង​ការពិត​។

អ្នកស្រី អិន ធូ តំណាង​ពលរដ្ឋ​ចំនួន​ ១៩៧ ​គ្រួសារ​នៅ​ឃុំ​ជីខលើ និង​ឃុំ​ជីខក្រោម ស្រុកស្រែ​អំបិល ខេត្ត​កោះកុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​ឧកញ៉ា ហេង ហ៊ុយ បាន​ឈូសឆាយ​រំលោភ​យក​ដី​ពលរដ្ឋ​តាំងពី​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ​ ២០១២​។

អ្នកស្រី​បន្ត​ថា​ការឈូសឆាយ​នោះ​គឺ​យក​ទាំង​ដីចម្ការ​ដាំ​ដើម​ចន្ទី ដីស្រែ និង​ដី​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​ដែល​ពលរដ្ឋ​ខ្លះ​មាន​ដី​ចាប់ពី​ ៣ រហូត​ដល់​ ១០ ​ហិកតា ប៉ុន្តែ​មកទល់​ពេល​នេះ​មិនទាន់​បាន​ដោះស្រាយ​ទេ ថ្វីបើ​មាន​ការតវ៉ា​ជាច្រើន​លើក​មក​ក្រសួង​រៀបចំ​ដែនដី​ក៏ដោយ​។

អ្នកស្រី​ថា​៖ «​អ្វីដែល​ពលរដ្ឋ​ខ្ញុំ​កំពុង​ទាមទារ​គឺ​ដី​ចំនួន​ ២ ​ហិកតា​ ក្នុង​ ១ ​គ្រួសារ​​ ឬ​សរុប​ទាំងអស់​ស្មើនឹង​ ៤២១ ​ហិកតា​​ និង​ប្រាក់​សំណង​​ ៧ ​ពាន់​ដុល្លារ​ក្នុង​ ១ ​គ្រួសារ ព្រោះ​បើ​គិត​អំពី​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​យក​គឺ​ច្រើនជាង​​ពួកខ្ញុំ​កំពុង​ទាមទារ​ទៅទៀត ហើយ​ក្នុង​នោះ​សុទ្ធតែ​ជា​ដី​ដំណាំ​របស់​ពួក​ខ្ញុំ ដែល​ក្រុមហ៊ុន​បាន​បំផ្លាញចោល​»​។

ការបញ្ជាក់​របស់​តំណាង​ពលរដ្ឋ​នេះ បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ១៩ សីហា ​ដោយ​អះអាង​ថា​ដី​ពលរដ្ឋ​ចំនួន​ ១៩៧ ​គ្រួសារ​ ដែល​តវ៉ា​នោះ​គឺជា​ដី​ធ្លាប់មាន​វិវាទ​រវាង​ពលរដ្ឋ​ប្រហែល​ ១២០ ​គ្រួសារ​ ក្នុងនោះ​មាន​ខ្មែរ​អ៊ិស្លាម​ ៦៩ ​គ្រួសារ​ផង​ ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ ប៉ុន្តែ​ត្រូវ​បាន​ដោះស្រាយ​រួច​ទាំងស្រុង​ហើយ​ដោយ​បាន​ទាំង​ចេញ​បណ្ណ​កម្មសិទ្ធិ​រួច​ផង​។

ប៉ុន្តែ​អ្នកស្រី អិន ធូ បាន​ឆ្លើយតប​ថា​ការប្រកាស​នេះ​គឺ​មិន​ពិត​ទេ ហើយ​​ស្នើ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ និង​ហៅ​ក្រុម​ពលរដ្ឋ​ទៅ​ចង្អុរ​ដី​ដែល​កំពុងមាន​ជម្លោះ​ និង​ដី​ដែល​ត្រូវបាន​ដោះស្រាយ​រួច ជា​ជាង​ជឿ​តាម​របាយការណ៍​មន្ត្រី​ថ្នាក់ក្រោម​។

អ្នកស្រី​ថា ដី​ដែល​ក្រសួង​ថា​បាន​ដោះស្រាយ​រួច​នោះ គឺ​ស្ថិត​នៅ​ភូមិ​ចម្ការ​ធំ​ និង​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម​​គឺ​ឆ្ងាយ​ពី​ដី​ដែល​ពលរដ្ឋ​ ១៩៧ ​កំពុង​ទាមទារ​ចម្ងាយ​ពី​ ៣ ​ទៅ​ ៤ ​គីឡូម៉ែត្រ​។

អ្នកស្រី​ថា​៖ «​ដី​ហ្នឹង​នៅ​ទីតាំង​ (​ឃុំ​ជីខ​ក្រោម​) ដូចគ្នា តែ​ដី​របស់​ខ្មែរ​អ៊ិស្លាម​គឺជាប់​ថ្នល់ជាតិ ប៉ុន្តែ​ដី​របស់​ពួក​ខ្ញុំ​ ១៩៧ ​គ្រួសារ​នេះ​ គឺ​នៅ​ជាប់​មាត់​ព្រែក​ហើយ​មិន​ដែល​បាន​ដោះស្រាយ​ទេ​។ ​ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​ឯកឧត្តម ជា សុផារ៉ា និង​ឯកឧត្តម ទេព ធន អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ចុះ​ទៅ​ស្រាវជ្រាវ​ដល់ទី​តាំង និង​ហៅ​ពលរដ្ឋ​ចង្អុល​ទីតាំង​ដី​នោះ​ឱ្យ​គាត់​ឃើញ​»​។

ជុំវិញ​បញ្ហា​នេះ​លោក សេង ឡូត ​មន្ត្រី​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​បាន​បញ្ជាក់ថា ការចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​គឺជា​ការទទួល​ខុសត្រូវ​របស់​ក្រសួង បន្ទាប់ពី​ក្រុមការងារ​ជំនាញ​ចុះ​ទៅ​ពិនិត្យ​រួច​។

លោក​ថា​៖ «​យកតាម​ព័ត៌មាន​ (​សេចក្ដី​ប្រកាស​ព័ត៌មាន​) ​ដែល​ក្រសួង​បានចេញ​ផ្សាយ​គឺជា​ព័ត៌មាន​ផ្លូវការ និង​ទទួល​ខុសត្រូវ​មិនមែន​ចេះ​តែ​នឹកឃើញ​សរសេរ​ទេ​»​។

លោក សុខ សុទ្ធី អភិបាលរង និង​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ប្រហែល​ ១ ​ពាន់​គ្រួសារ​ ជាមួយ​​ក្រុមហ៊ុន​ស្ករអំពៅ​លោក​ឧកញ៉ា ហេង ហ៊ុយ គឺ​ត្រូវបាន​ដោះស្រាយ​ចប់​សព្វគ្រប់​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​ដី​ដែល​ធ្លាប់​មាន​ជម្លោះ សុទ្ធតែ​មាន​ម្ចាស់​ និង​មាន​បណ្ណកម្មសិទ្ធិ​។

លោក​បន្តថា​ចំពោះ​ពលរដ្ឋ​ ១៩៧ ​គ្រួសារ​នេះ ​គឺ​ទើប​តែ​នាំគ្នា​តវ៉ា​នៅ​ដើម​ឆ្នាំ​ ២០១៩ ​នេះ​ប៉ុណ្ណោះ ហើយ​ខ្លះ​ធ្លាប់​ទទួល​បាន​ដំណោះស្រាយ​រួចហើយ ប៉ុន្តែ​នេះ​ដោយសារ​ពួកគាត់​យល់​ថា​ទទួល​បាន​ប្រាក់​សំណង​តិចពេក​។

លោក​ថា​៖ «​ប្រសិន​បើ​បងប្អូន​ហ្នឹង ចង់​តវ៉ា​អី វិធី​មាន​តែ​មួយគត់​គឺ​តុលាការ ពីព្រោះ​អី​មាន​តែ​តុលាការ​ទេ ដែល​មាន​សិទ្ធិ​សម្រេច​បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្ត​​ ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​សើរើ​ឡើង​​វិញ អាហ្នឹង​ជា​ស្ថាប័ន​តុលាការ​។ អ៊ីចឹង​រដ្ឋបាលខេត្ត​អត់​មាន​សិទ្ធិ​ទៅ​សើរើ​ប្លង់​អី​ទេ ព្រោះ​ដី​ហ្នឹង​បាន​គ្រប់គ្រង​ដោយ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​អស់ហើយ​»​។

ទោះជា​យ៉ាងណា​អ្នកស្រី អិន ធូ បាន​អះអាង​ថា​ដី​ដែល​ក្រុម​អ្នកស្រី​កំពុង​ទាមទារ​ជា​ដី​ដែល​ក្រុមហ៊ុន​ទុក​ទំនេរ​ចោល​ដោយ​គ្មាន​ឃើញ​មាន​ដាំ​​ដំណាំ​អំពៅ​ឡើយ ហើយ​ក្រុម​អ្នកស្រី​នឹង​បន្ត​ទាមទារ​រហូត​ទទួល​បាន​ដំណោះស្រាយ​។

ក្រៅពី​ការទាមទារ​ដីធ្លី​នេះ​ពលរដ្ឋ​ទាំង​ ១៩៧ ​គ្រួសារ​នេះ ​ក៏​បាន​ស្នើឱ្យ​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​ឱ្យ​តុលាការ​ខេត្ត​កោះកុង​ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​ ១០ នាក់​ ដែល​ត្រូវបាន​ឧកញ៉ា ​ហេង ហ៊ុយ ប្ដឹង​កាលពី​ខែ​ ៧ និង​ខែ​ ៨ ​ពីបទ​បរិហារកេរ្តិ៍​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ផង​ដែរ​៕