កំពង់ធំៈ ប្រជាពលរដ្ឋ​មាន​គ្នា​ប្រហែល​ ៤០ ​ទៅ​ ៥០ ​នាក់​ ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ​ មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​នាំគ្នា​ឡើងមក​ទីក្រុង​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​នៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​មហាផ្ទៃ​ស្រប​ពេល​មាន​ការចោទ​អាជ្ញាធរខេត្ត​ថា ប្រុង​ចាប់​ពួកគាត់​ដាក់ពន្ធនាគារ​។ ប៉ុន្តែ​អភិបាល​ខេត្ត​បដិសេធ​។

ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ឡើង​មក​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​ ២២ និង​ថ្ងៃទី​ ២៣ មិថុនា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ធ្វើ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ ប៉ុន្តែ​មានតែ​វិមាន​រដ្ឋសភា​ប៉ុណ្ណោះ​ដែល​ព្រម​ទទួលយក​ញត្តិ​របស់​ពួកគាត់ ខណៈ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងមហាផ្ទៃ​គ្មាន​អ្នក​ចេញមក​ទទួល​ញត្តិ​របស់​ពួកគាត់​ឡើយ​។

នៅក្នុង​ញត្តិ​នោះ​សរសេរ​ថា ពលរដ្ឋ​មាន​ចំនួន​ ១៤៧ ​គ្រួសារ​ គឺ​មាន​ទំនាស់​ដីធ្លី​ចំនួន​ ៥១០ ​ហិកតា​ ជាមួយ​ក្រុមហ៊ុន​ចំនួន​ ៤ គឺ​ក្រុមហ៊ុន អានសុភី ក្រុមហ៊ុន​ហ្គោលដិន ក្រុមហ៊ុន​នុភាពសុភី និង​ក្រុមហ៊ុន​ខេមបូឌាហ្វាម័រ​។ ហើយ​កាលពី​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​បាន​ព្រមាន​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ ប្រសិន​បើ​មិន​ព្រម​ទទួល​យក​ដី​ទាំងនោះ​ ៥០% និង​ទុក​ ៥០% ​ទៀត​ទៅឱ្យ​ក្រុមហ៊ុន​។

ញត្តិ​បាន​សរសេរ​ថា​៖ «​អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​បាន​មក​សម្របសម្រួល​ជាមួយ​ពួកយើងខ្ញុំ ដោយ​ប្រើ​រូបមន្ត​បែងចែក​ដី​របស់​ពួកយើង​ខ្ញុំ​ជា​ ២ ​ចំណែក​ស្មើៗ​គ្នា​ពោល​គឺ​បើ​ពួកយើង​ខ្ញុំ​មាន​ដី​ចំនួន​ ២ ​ហិកតា ត្រូវ​ចែក​ឱ្យ​ក្រុមហ៊ុន​ ១ ​ហិកតា​ទើប​សុខ បើ​ពុំ​ដូចនេះ​ទេ ពួកយើង​ខ្ញុំ​ទាំងអស់​គ្នា​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​អាច​ជាប់គុក ជាប់ច្រវាក់​ជាក់​ជា​មិន​ខាន​»​។

ពលរដ្ឋ​ទាំងនោះ​បន្ត​ទៀតថា ពាក្យសម្ដី​របស់​អាជ្ញាធរ​ខេត្ត​បែបនេះ​គឺជា​ការគំរាម​កំហែង និង​ធ្វើឱ្យ​ពួកគាត់​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ លោកស្រី ជួប សម្បត្តិ តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង​នោះ​បាន​បញ្ជាក់ថា ការព្រមាន​របស់​មន្ត្រី​ថ្នាក់​ខេត្ត​នេះ​គឺ​កើតឡើង​នៅ​អំឡុង​ខែ​ឧសភា និង​ខែមិថុនា​នេះ​។

លោកស្រី​បញ្ជាក់​ថា ដី​របស់​លោកស្រី​ដែល​មាន​ទំនាស់ គឺជា​ដីស្រែ​ចម្ការ​ដែល​គ្រប់គ្រង​ពី​ដូនតា​មក ប៉ុន្តែ​បាន​អាក់ខាន​ប្រើប្រាស់​មួយរយៈ ហើយ​ទើប​បាន​ចូល​ទៅ​បង្កបង្កើត​ផល​វិញ​នៅក្នុង​ឆ្នាំ​ ២០១២​។

តំណាង​រូបនេះ​អះអាង​ថា ស្រាប់តែ​នៅក្នុង​ឆ្នាំ​ ២០១៤ តុលាការ​បានចេញ​ដីកាកោះ​ហៅ​ក្រុម​ពលរដ្ឋ ដោយ​អះអាង​ថា ពួកគាត់​បាន​ចូលកាន់​កាប់​ដី​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​តាំងពី​ឆ្នាំ​ ២០០៧​។ ក្រោយពី​មាន​ដីកា​ពី​តុលាការ​ខាង​ពលរដ្ឋ​តែង​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​មន្ត្រីខេត្ត​។

លោកស្រី​ថា​៖ «​កាល​ខ្ញុំ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ គឺ​តុលាការ​គេ​បញ្ជាក់​ថា រដ្ឋ​បាន​ដាក់​ដី​ទាំង​ហ្នឹង​ជា​ដីសម្បទាន​ឱ្យ​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​ ២០០៧ ប៉ុន្តែ​ពួកខ្ញុំ​ជា​ប្រជាពលរដ្ឋ​គឺ​អត់​បានដឹង​ទេ​។ ប៉ុន្តែ​ដី​ទាំង​ហ្នឹង គឺជា​ដី​ដែល​ធ្វើ​តាំងពី​ដូនតា​ខ្ញុំ​មក ហើយ​អត់​មាន​ឃើញ​ក្រុមហ៊ុន​ធ្វើ​អី​នៅ​លើដី​ហ្នឹង​»​។

ក្រុម​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ត្រឡប់​ទៅកាន់​ខេត្ត​កំពង់ធំ​វិញ បន្ទាប់ពី​មាន​មន្ត្រី​មកពី​ខាង​ខេត្ត​បានមក​សម្របសម្រួល​ឱ្យ​ពួកគាត់​នាំគ្នា​ទៅ​ដោះស្រាយ​នៅ​ខេត្ត​វិញ​។

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ដែរ​ថា ដី​ទាំងនោះ​គឺជា​ដី​រដ្ឋ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ទៅឱ្យ​ក្រុមហ៊ុន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ដី​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ក៏​ត្រូវបាន​ក្រុមនិស្សិត​ចុះ​វាស់វែង​ហើយ​ដែរ​។

លោក​បន្តថា ក្រោយមក​មាន​ក្រុម​ពលរដ្ឋ​មួយចំនួន​បាន​ចូលទៅ​កាន់កាប់​ដី​របស់​ក្រុមហ៊ុន និង​ត្រូវបាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចេញ​ដោះស្រាយ​តាមរយៈ​ការសម្របសម្រួល ដោយ​មាន​ពលរដ្ឋ​ភាគច្រើន​បាន​យល់ព្រម​ទទួល​យក​ការដោះស្រាយ​នោះ ប៉ុន្តែ​មាន​មួយចំនួន​ទៀត​មិន​ព្រម​ដោយសារ​មាន​មេខ្លោង​នៅ​ពីក្រោយ​។

លោក​បញ្ជាក់ថា គ្មាន​អាជ្ញាធរ​ណាមួយ​ទៅ​បង្ខិតបង្ខំ ឬ​គំរាមកំហែង​ពួកគាត់​នោះទេ ហើយ​ការដោះស្រាយ​បញ្ហាដីធ្លី​ទាំងនោះ​គឺ​ធ្វើ​ឡើង​តាមរយៈ​គោលការណ៍​ជាក់ស្ដែង គឺ​ដី​មាន​ការដាំដុះ​គឺ​សម្រេច​ប្រគល់​ឱ្យ​ពលរដ្ឋ​ ៥០% ប៉ុន្តែ​ដី​ដែល​នៅ​ទំនេរ និង​ដី​ដែល​មាន​ការលក់ដូរ គឺ​ត្រូវ​ដកហូត​ទុក​ជា​ដី​របស់​រដ្ឋ​វិញ​។

លោក​ថា​៖ «​តាម​ធម្មតា ទោះជា​ដី​ពួកគាត់​បង្កបង្កើនផល ក៏​យើង​គ្មាន​សិទ្ធិ​ឱ្យ​ពួកគាត់​ដែរ​។ អ៊ីចឹង​! ខាង​ខេត្ត​កំណត់ថា តើ​គាត់​បានធ្វើ​អី​លើដី​ហ្នឹង ហើយ​ដី​ហ្នឹង​មាន​ប្រវត្តិ​សាវតារ​យ៉ាង​ម៉េច ដើម្បី​យើង​សុំ​គោលការណ៍​បន្ត​ពី​ថ្នាក់លើ​ទៀត ពីព្រោះ​ថ្នាក់​ខេត្ត​អត់​ហ៊ាន​សម្រេច​ទេ​»​។

លោក សុក រដ្ឋា អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​កំពង់ធំ​បាន​លើកឡើង​ថា ខាង​អាដហុក​ទើប​បាន​ឃ្លាំមើល​អំពី​ទំនាស់​ដីធ្លី​នេះ​ជា​បឋម​ប៉ុណ្ណោះ និង​មិនទាន់​បាន​ស៊ីជម្រៅ​នៅឡើយ​ទេ ហើយ​កន្លងមក​ពលរដ្ឋ​ទាំងនេះ ក៏​ពុំ​បាន​ដាក់​បណ្ដឹង​មក​ខាង​សមាគម​អាដហុក​ដែរ​។

លោក​ថា​៖ «​ការកាន់កាប់​របស់​ពលរដ្ឋ​ហ្នឹង គឺ​អាច​មាន​អ្នកខ្លះ​បាន​កាន់កាប់​ដី​តាំងពី​យូរណាស់​មក​ហើយ ហើយ​អាចមាន​អ្នកខ្លះ​ទើប​ចូលកាន់កាប់​ថ្មីថ្មោង ហើយ​ខ្លះទៀត​អាច​មាន​ការទិញ​លក់​កាន់កាប់​បន្ត អាហ្នឹង​បើ​ពួកយើង​មើល​ទីតាំង​ភូមិសាស្ដ្រ​។ ទីតាំង​ខ្លះ​ក៏​ត្រូវ​បាន​កាន់កាប់​លក្ខណៈ​ប្រពៃណី ខ្លះ​មិន​ប្រពៃណី ហើយ​ថ្មីៗ​នេះ​ក៏​មាន​ការកើនឡើង​ប្រជាពលរដ្ឋ អាហ្នឹង​ជា​ការងារ​មួយ​លំបាក​ដែរ​សម្រាប់​អាជ្ញាធរ​»​។ លោក​ចង់ឃើញ​ទំនាស់​ដីធ្លី​នេះ ដោះស្រាយ​នៅ​ថ្នាក់​ខេត្ត ដើម្បី​កុំឱ្យ​ពលរដ្ឋ​មាន​ការពិបាក​ត្រូវធ្វើ​ដំណើរ​ស្វែងរក​ដំណោះស្រាយ​នៅ​ថ្នាក់ជាតិ​ទៀត​៕