កណ្ដាលៈ តំណាងរាស្ត្រ​ចំនួន​ ៩២ ​រូប​បាន​ផ្តួចផ្តើម​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ ដើម្បី​បង្កើន​អាសនៈ​សម្រាប់​ពួកគេ​ក្នុង​ការជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ដើម្បី​បង្រួបបង្រួម​ជាតិ​។

យោង​តាម​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ប្រមាណ​ ១៥៦០៦ ​នាក់​ក្នុង​ខេត្ត​កណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​ ២៦ ខែ​ធ្នូ ឆ្នាំ​ ២០១៨​។

លោក​ថ្លែង​ថា​ រដ្ឋសភា​បាន​និង​កំពុង​ពិនិត្យ​មើល​ទៅ​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ ដើម្បី​បង្កើន​អាសនៈ​ជួយ​ជំរុញ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ពួកគេ​ឲ្យ​កាន់តែ​ល្អប្រសើរ​។

លោក​ ហ៊ុន សែន បាន​ថ្លែង​​ថា​៖ «​ខ្ញុំ​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម​ពី​ម្សិល​ថា យើង​នឹង​ពង្រីក​អាសនៈ​បន្ថែម​សម្រាប់​សមាជិក​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង និង​ខេត្ត​ឲ្យ​កើន​ចំនួន​ឡើង​...​។ នៅ​ក្រុមប្រឹក្សា​ក៏​មាន​កិច្ចការ​ច្រើន​ដែរ​។ យើង​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាក់ទង​ការបោះឆ្នោត​ក្រុមប្រឹក្សា ហើយ​ក៏​ចេញ​អនុក្រឹត្យ ដើម្បី​បង្កើត​ចំនួន​អាសនៈ​នៅ​តាម​ខេត្ត ស្រុក ខណ្ឌ ហើយ​វា​មិន​ដូចគ្នា​ទេ​រវាង​រដ្ឋបាល​»​។

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​ និង​ព័ត៌មាន​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា តំណាងរាស្ត្រ​ចំនួន​ ៩២ ​រូប​​បាន​ផ្ដួចផ្ដើម​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ទី​ ១ គឺ​បង្រួបបង្រួម​ជាតិ ទី​ ២ យើង​ឃើញ​ថា​កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​ក្រុង នៅ​មាន​ចំនួន​តិច ហើយ​ការងារ​ក៏​មាន​ច្រើន​ដូច្នេះ​ហើយ​យើង​ចង់​បន្ថែម​អាសនៈ​មួយ​ចំនួន​ទៀត​ដើម្បី​ជួយ​ដល់​មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដើម្បី​ជួយ​ការអភិវឌ្ឍ​ថ្នាក់ក្រោម​ជាតិ​»​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​ថា ការពង្រីក​អាសនៈ​ក្រុមប្រឹក្សា​នៅពេល​នេះ​វា​អាច​ធ្វើឲ្យ​ខាត​បង់​ថវិកា​ជាតិ​។

លោក​ថ្លែង​ថា​៖ «​កាលណា​យើង​ពង្រីក​ធំ វា​ចំណាយ​ថវិកា​ជាតិ​កាន់តែ​ធំ​»​។ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​ ២៦ ខែ​ឧសភា ឆ្នាំ ២០១៩ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​លើក​ទី​ ៣ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា​ការបោះឆ្នោត​អសកល​៕