ភ្នំពេញៈ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានធ្វើការសាកសួរចប់សព្វគ្រប់ហើយចំពោះតំណាងរាស្ត្រជាប់ឆ្នោតទាំង៥រូបរបស់គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃពុធនេះ នេះបើតាមការឲ្យពីលោកមេធាវីកែត ឃី។
លោក កែត ឃី ដែលជាតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះផងដែរនោះបានឲ្យដឹងថា ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បាននឹងកំពុងសាកសួរបន្តទៅដល់អ្នកតំណាងរាស្ត្រទាំង៥រូបនោះ ប៉ុន្តែមិនដឹងថា តើចៅក្រមស៊ើបសួរនិងធ្វើការចោទប្រកាន់បែបណានោះឡើយ។ លោកបានថ្លែងថា ៖«ខ្ញុំកំពុងធ្វើការរឿងនេះ»។
សូមជម្រាបថា អ្នកតំណាងរាស្ត្រ៥រូប ដែលបានចាប់ខ្លួននាំឡើងតុលាការនោះ រួមមានលោកស្រី មូរ សុខហួ លោក មែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក កែវ ភីរម្យ និងលោក រៀល ខេមរិន្ទ្រ។ តំណាងរាស្ត្រទាំងនេះ រងបទចោទ ប្រកាន់ពីបទញុះញង់បង្កហឹង្សារដែលមានស្ថានទម្ងន់ទោស និង បទរារាំងកិច្ចការមន្ត្រីសាធារណៈ នេះបើយោងទៅតាមដើមបណ្តឹងជាកងសន្តិសុខខណ្ឌដូនពេញ ជនរងគ្រោះក្នុងករណីបង្កអំពើហិង្សា។
ករណីហិង្សានេះ បានកើតឡើងនៅឯទីលានប្រជាធិបតេយ្យ ខណៈដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រហែល៤០០នាក់ បានប៉ះទង្គិចជាមួយនឹងឆ្មាំសន្តិសុខ របស់សាលារាជធានីភ្នំពេញ បណ្តាលឲ្យបាតុករសង្គ្រោះជាតិរបួស១៤នាក់ និងឆ្មាំសន្តិសុខ៣៩នាក់រងរបួស ហើយក្នុងនោះសន្តិសុខរបួសធ្ងន់៣នាក់៕