ភ្នំពេញៈ តំណាងរាស្ត្រ​ចំនួន ៨៧ ​រូប​បាន​ផ្តួចផ្តើម​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា ៤៥ ថ្មី​ (​ស្ទួន​) ដែល​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ​អាច​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ ខណៈ​លោក​ ហ៊ុន សែន ថ្លែង​ថា​លោក​ប្រហែល​ជា​ «​អ្នកដឹកនាំ​តែ​មួយ​គត់​» ​ដែល​មាន​ការអត់ឱន​ឲ្យ​ច្រើន​ជាង​គេ​តាំង​ពី​បុរាណ​កាលមក​។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​កាលពី​ម្សិលមិញ ដោយ​បាន​បញ្ជាក់​ពី​ការផ្តួចផ្តើម​របស់​អ្នក​តំណាងរាស្ត្រ​ចំនួន ៨៧ ​រូប​ដែល​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ត្រង់​មាត្រា ៤៥ ថ្មី​ (​ស្ទួន​) ​នេះ​ដែល​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា​នេះ​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ស្ដីពី​វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លម្ហ​នយោបាយ​។ សេចក្តី​ថ្លែងការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​ថា រដ្ឋសភា​បាន​និង​កំពុង​សិក្សា​ពិនិត្យ​បទប្បញ្ញតិ្ត​ច្បាប់​ផ្សេងៗ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ​អាច​ចាប់ផ្ដើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើង​វិញ​។

កាលពី​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាមឃាត់​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នេះ​ចំនួន​ ១១៨ ​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ​ឆ្នាំ​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥ ថ្មី (​ស្ទួន​)​នេះ​ជា​ការ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា ៤៥ ​ថ្មី​ (​ស្ទួន ​១) ​ដោយ​បញ្ជាក់​ថា​ «​បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា​មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ​។ បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»​។

លោក ឡេង ប៉េងឡុង ​អ្នក​នាំពាក្យ​រដ្ឋសភា​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​រដ្ឋសភា​កាលពី​រសៀល​ម្សិលមិញ​ថា មាន​តំណាងរាស្ត្រ​ចំនួន ៨៧ រូប​បាន​ធ្វើ​សេចក្តី​សើ្ន​ច្បាប់​ដើម្បី​ធ្វើ​​វិសោធនកម្ម​មាត្រា​ ៤៥ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ហើយ​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​អាច​ធ្វើឲ្យ​អ្នក​ដែល​ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​អាច​មាន​វាសនា និង​នីតិសម្បទា​ធ្វើ​នយោបាយ​បាន​ឡើងវិញ​តាមរយៈ​ការស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​ព្រះមហាក្សត្រ​។

លោក​បញ្ជាក់​ថា​៖ «​វិសោធនកម្ម​ច្បាប់​នេះ​គឺ​មាន​គោលបំណង​គិតគូរ​ពី​អ្នក​ដែល​ត្រូវ​​តុលាការ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។ អ្នក​ដែល​ត្រូវ​បាន​ហាមឃាត់​អាច​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​តាមរយៈ​សំណើ​របស់​ក្រសួង​មហាផ្ទៃ​ស្នើសុំ​ទៅ​កាន់​ព្រះមហាក្សត្រ​ដើម្បី​ស្តារ​នីតិសម្បទា​ឲ្យ​វិញ​»​។

បើ​តាម​លោក​ ប៉េងឡុង ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ហើយ​ថា បុគ្គល​ដែល​អាច​ត្រូវ​បាន​ផ្តល់​សិទ្ធិ​នយោបាយ​ឡើង​វិញ​គឺជា​បុគ្គល​ដែល​មិន​ធ្វើអ្វី​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ​។ លោក​បន្ថែម​ថា ៖ «​យើង​គិត​ថា​កន្លង​មក​ច្បាប់​ក៏​មាន​ខ្វះ​ចន្លោះ​ដែរ ដោយសារ​យើង​មិន​បាន​គិតគូរ​ដល់​គាត់​។ ឥឡូវ​នេះ​យើង​គិតគូរ​ពី​គាត់ ប្រសិន​បើ​អ្នក​នោះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​វាយតម្លៃ​ថា គាត់​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​អាច​ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឲ្យ​វិញ​...​នេះ​គឺជា​ច្បាប់​មួយ​បំពេញ​បន្ថែម​ទៅ​ច្បាប់​មុន​»​។ លោក​លើក​ឡើង​ថា​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ធ្វើ​ឡើង​ជា​ប្រញាប់​ហើយ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា​នឹង​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​នេះ​ទៅ​គណៈកម្មការ​ជំនាញ ដើម្បី​ពិនិត្យ​រួច​រាយការណ៍​ទៅ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​វិញ​នឹង​​ដាក់​ជូន​សម័យប្រជុំ​ពេញអង្គ​អនុម័ត ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៃ​ការអនុម័ត​ច្បាប់​នេះ​ទេ​។

បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​ចេញ​កាលពី​ម្សិលមិញ​ការសិក្សា​ច្បាប់​នេះ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ​អាច​ចាប់ផ្ដើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើង​វិញ​ដែល​នេះ​គឺជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ចំនួន ៥ ​ចំណុច​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ក្នុង​គោលបំណង​រក្សា​ការពារ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល និង​ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​នយោបាយ​លម្ហប្រជាធិបតេយ្យ ការអនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​។ ក្នុង​ចំណុច​សំខាន់ ៤ ផ្សេង​ទៀត​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​រួមមាន​ដូចជា ការលើក​កម្ពស់​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដោយ​បាន​លុបចោល​បញ្ញត្តិ​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ជូនដំណឹង​អាជ្ញាធរ​មូលដ្ឋាន​ ៣ ​ថ្ងៃ​មុន​នឹង​រៀបចំ​សកម្មភាព​ផ្សេងៗ រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​។ ចំពោះ​ចំណុច​ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ និង​សហជីព រដ្ឋាភិបាល​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដើម្បី​ពន្លឿន​ដំណោះស្រាយ​តាម​ច្បាប់ និង​នីតិវិធី​ចំពោះ​សហជីព​ដែល​ជាប់​បណ្តឹង​នៅ​តុលាការ​ដើម្បី​សំដៅ​ធានា​លើក​កម្ពស់​សិទ្ធិ និង​សេរីភាព​របស់​សហជីព​។

បន្ថែម​ពី​នេះ​ទៀត​ទាក់ទង​នឹង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ សេចក្តី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​សម្រួល​ស្ថានការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បាន​បើក​ឱកាស​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី​ (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​កាសែត Cambodia Daily រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​បើ​សិន​ជា​ម្ចាស់​កាសែត​នេះ​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​បាន​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ​។ លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ស្វាគមន៍​ពីព្រោះ​នេះ​គឺជា​អ្វី​ដែល​ជា​ជំហាន​ដើម្បី​ឈាន​ទៅ​រក​ការដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​ជាតិ ហើយ​យើង​ស្វាគមន៍ បើ​មាន​ការ​ផ្តល់​សិទ្ធិ​ដល់​អ្នកនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ១១៨ ​រូប​មែន​។ អ្វី​ដែល​ជា​ការ​ទាមទារ​របស់​យើង និង​សហគមន៍​អន្តរជាតិ​នៅ​តែ​ដដែល​គឺ​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា ហើយ​និង​សុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ដែល​ជាប់ឆ្នោត​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ ត្រូវ​បាន​តុលាការ​ដកហូត​តំណែង​របស់​ពួកគាត់​»​។

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​ «​ការ​អត់ឱន​»​ របស់​លោក​ចំពោះ​ «​អ្នក​ដែល​ដឹង​កំហុស​» ​ដើម្បី​សាមគ្គីភាព​ជាតិ និង​បាន​លើក​ឡើង​ថា លោក​ប្រហែល​ជា​ «​អ្នកដឹកនាំ​តែ​មួយ​គត់​» ​ដែល​មាន​ការអត់ឱន​ឲ្យ​ច្រើន​ជាង​គេ​តាំងពី​បុរាណកាល​មក​។ តាមរយៈ​សំណេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃ​អាទិត្យ​ក្នុង​ឱកាស​ពិធី​រំឭក​ និង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤០ «​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ​ធ្នូ​» ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ឲ្យ​មាន​ការ «​លើកស្ទួយ​សាមគ្គីភាព​ជាតិ​» ​ផង​ដែរ​។

លោក​សរសេរ​ថា​៖ «​ម្យ៉ាងវិញ​ទៀត​សាមគ្គី​ជាតិ​តម្រូវ​ឱ្យ​មាន​ការអត់ឱន​ឲ្យ​គ្នា​។ តើ​ក្មួយៗ ចៅៗ ដែល​ធ្លាប់​ឱ្យ​អ្នក​ដែល​ធ្វើ​ខុស​ហើយ​សុំទោស​ខ្លួន​ឬ​ទេ​? នៅក្នុង​ចំណោម​អ្នកដឹកនាំ​កម្ពុជា​តាំងពី​សម័យបុរាណ​មក ខ្ញុំ​ប្រហែល​ជា​អ្នកដឹកនាំ​តែ​មួយ​គត់​ដែល​មាន​ការអត់ឱន​ច្រើន​ជាង​គេ​»​។ លោក​លើក​ឡើង​ថា តាំង​សម័យមុន​មក​អ្នក​ដែល​ប្រព្រឹត្ត​ទោស​ «​ក្បត់ជាតិ​» ​តែងតែ​មាន​ទោស​ប្រហារជីវិត​ដែល​ផ្ទុយ​ពី​លោក​ដែល​តែងតែ​ធ្វើការ​លើកលែង​ទោស​។ ទោះយ៉ាង​ណា​លោក​ថា លោក​មិន​អាច​លើកលែង​ទោស​ជា​លើក​ទី​ ៣​ បាន​ទេ ដែល​ការ​ថ្លែង​នេះ​ទំនង​ជា​ចង់​សំដៅ​ដល់​អតីត​មេបក្ស​ប្រឆាំង​លោក សម រង្ស៊ី ​។ លោក​បន្ត​ថា​៖ «​អ្នក​ក្បត់ជាតិ​ក្នុង​សម័យ​មុន​មាន​តែ​សេចក្តី​ស្លាប់​ប៉ុណ្ណោះ ប៉ុន្ដែ​ខ្ញុំ​វិញ​មាន​តែ​លើកលែង​ទោស​ដល់​អ្នក​ដែល​ដឹង​កំហុស​។ ខ្លះ​ម្តង ខ្លះ​រហូត​ដល់​ទៅ​ ២ ​ដង​។ ប៉ុន្តែ​មិន​អាច​មាន​លើក​ទី ៣ ​ឡើយ​។ ខ្ញុំ​សង្ឃឹម​ថា​ក្មួយៗ ចៅៗ ជនរួមជាតិ​យើង​ចេះ​ចែក​ដាច់​ពី​ការអត់ឱន ដើម្បី​សាមគ្គីភាព​ជាតិ និង​ការ​ត្រូវ​គេ​បោក​ដដែលៗ​។ ត្រង់​នេះ​ក៏​យើង​ត្រូវ​ចេះ​រក​ផ្លូវកណ្ដាល​មួយ​ដែរ​»​។

លោក​ ហ៊ុន សែន បន្ថែម​ថា​៖ «​ជា​ចុងក្រោយ​សាមគ្គីភាព​ជាតិ​តម្រូវ​ឲ្យ​ក្មួយៗ ចៅៗ ជន​រួម​ជាតិ​ចេះ​ចែក​ឲ្យ​ដាច់​ពី​អ្វី​ដែល​ជា​ការប្រឆាំង​ក្នុង​លក្ខណៈ​នយោបាយ​ជាតិ ដើម្បី​ស្ថាបនា​ទាំងអស់​គ្នា និង​អ្វី​ជា​ការ​ប្រឆាំង​នឹង​ផលប្រយោជន៍​ផ្ទាល់​របស់​ជាតិ​យើង​ទាំង​មូល​»​។ លោក​សង្កត់ធ្ងន់​ថា​៖ «​ខ្មែរ​យើង​អភ័ព្វ​ណាស់​ទៅ​ហើយ ខ្ញុំ​មិន​ចង់​ឲ្យ​យើង​ជួប​រឿង​អភ័ព្វ​ដូច​សម័យកាល​មុន​នោះ​ទេ​...»​។

លោក មាស នី អ្នកវិភាគ​នយោបាយ​ថ្លែង​ថា លោក​ទទួល​ស្គាល់​ថា លោក​នាយក​រដ្ឋមន្ត្រី​ពិត​ជា​បាន​ស្នើឲ្យ​មាន​ការ​លើកលែង​ទោស​ដល់​ទណ្ឌិត​ជាច្រើន​នាពេល​កន្លង​មក​រួមទាំង​អ្នកនយោបាយ​ផង​ដែរ​។ ទោះ​យ៉ាង​ណា​លោក​ថា ជោគជ័យ​របស់​ថ្នាក់ដឹកនាំ​គឺ​ការ​ចេះ​ធ្វើឲ្យ​មាន​ការ​ឯកភាព​ជាតិ​៕