មណ្ឌលគិរីៈ តំណាង​សហគមន៍​នៅ​មណ្ឌលគិរី​បាន​អះអាង​ថា ការដឹកឈើ​ខុស​ច្បាប់​ឆ្លងដែន​ទៅ​វៀតណាម​​នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់ឈរ​ និង​ទ្រង់ទ្រាយ​ធំ បើ​ទោះបី​នាយករដ្ឋមន្ត្រី​បាន​ព្រមាន និង​បញ្ជា​ឲ្យ​ឧទ្ធម្ភាគចក្រ​តាមដាន​អ្នក​លួច​កាប់​ព្រៃឈើ ហើយ​បាញ់​ពី​លើ ខណៈ​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ស ខេង ក៏​បាន​ព្រមាន​បន្ថែម​យ៉ាង​ណា​ក្តី​។

លោក ក្រើន តុលា តំណាង​សហគមន៍​នៅ​មណ្ឌលគិរី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការដឹក​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម​នៅ​តែ​កើត​មាន​​ដដែល ហើយ​មាន​ទ្រង់ទ្រាយ​ធំ​ទៀត​ផង​ដោយ​ទំនង​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​មូលដ្ឋាន និង​អ្នក​មាន​អំណាច​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​សង្កេត​ឃើញ​មាន​ការ​ដឹកឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នៅ​តែ​កើត​មាន​ឥត​ឈប់ឈរ និង​ទ្រង់ទ្រាយ​ធំ​ហើយ​ឥឡូវ​ហ្នឹង​សម្រុក​យក​ចេញ​។

ក្នុង​ ១ ​យប់​មាន​ឡាន​ចេញ​ទៅ​វៀតណាម​ពី​ ៣០ ​ទៅ​ ៧០ ​គ្រឿង ហើយ​យប់មិញ​ [​យប់ម្សិល​] ​នេះ​មាន​ឡាន​ចេញ​​ទៅ​វៀតណាម​រហូត​ទៅ​ដល់​ ៦៥ ​គ្រឿង​។ នេះ​បើ​តាម​នគរបាល​បាន​ប្រាប់​ខ្ញុំ​»​។

លោក​បាន​បញ្ជាក់​៖ «​យើង​ឃើញ​ការដឹកឈើ​នេះ​វា​ធ្វើឲ្យ​ខូច​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​។

រដ្ឋ​ខិតខំ​ធ្វើ​ហើយ​ចំណាយ​លុយ​ជាតិ​ច្រើន ប៉ុន្តែ​ក្រុម​ដឹកឈើ​បាន​ដឹកឈើ​អនាធិបតេយ្យ និង​គេចពន្ធ​ភាគច្រើន ហើយ​ពុំ​មាន​លិខិត​ជញ្ជូន​ទេ​។ ​មិន​យូរ​ទេ​ប្រទេស​យើង​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ការរញ្ជួយ​ដី​ និង​គ្រោះធម្មជាតិ​ដូចជា​គ្រោះ​រាំងស្ងួត​។ ការកាប់​បំផ្លាញ​ព្រៃឈើ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រភព​ទឹក ជម្រក​សត្វព្រៃ​គ្រប់​បែប​យ៉ាង​ ខាតបង់​ថវិការដ្ឋ​»​។

ប៉ុន្តែ​លោក សុង ឃាង ​ប្រធាន​​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​មណ្ឌលគិរី​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ដោយ​បាន​លើកឡើង​ថា ពុំ​មាន​ការអនុញ្ញាត​ណា​មួយ​​ឱ្យ​នាំ​ឈើ​ក្រៅ​ប្រទេស​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​គ្មាន​នរណា​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុស​ច្បាប់​ទៅ​ក្រៅ​ស្រុក​នោះ​ទេ​»​។

ទោះបី​យ៉ាង​ណា​លោកស្រី វុឌ្ឍី អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ស្នើឲ្យ​សហគមន៍​ទាំងនោះ​រាយការណ៍​ទៅ​រដ្ឋបាល​ព្រៃឈើ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​ក្រសួង​ចាត់​វិធានការ​ទាន់​ពេលវេលា​ក្នុង​ការ​ទប់ស្កាត់​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ព្រៃឈើ​ខុស​ច្បាប់​នេះ ប៉ុន្តែ​លោក​ថា​មិន​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ការលើកឡើង​របស់​តំណាង​សហគមន៍​នៅ​មណ្ឌល​គិរី​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​បងប្អូន​ឃើញ​ហើយ​សូម​បងប្អូន​រាយការណ៍​មក​ដើម្បី​យើង​ចាត់​វិធានការ​ដើម្បី​ឲ្យ​មន្ត្រី​​របស់​យើង​ហ្នឹង​ធ្វើ​សកម្មភាព​ឲ្យ​ទាន់​ពេលវេលា​»​។

ប្រធាន​ការិយាល័យ​នគរបាល​​ចរាចរណ៍​ខេត្ត​មណ្ឌលគិរី​លោក យឹម ចិន្តា​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃទី​ ១ ខែ​វិច្ឆិកា​ឆ្នាំ​នេះ​មាន​រថយន្ត​​ដឹកឈើ​ ១ ​គ្រឿង​បាន​ក្រឡាប់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​នៅ​ចំណុច​អូរងើយ ភូមិ​អណ្តូងក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​ត្រូវ​បាន​គេ​អះអាង​ថា ការដឹកឈើ​នោះ​គឺ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែល​មាន​ឈើ​ទំហំ​ប្រមាណ​ ១០ ​ម៉ែត្រគុប​ដឹក​ចេញ​ពី​ក្រុមហ៊ុន​លីរិទ្ធីគ្រុប​នៅ​ស្រុក​កោះញែក សំដៅ​ទៅ​ខេត្ត​ត្បូងឃ្មុំ​។

លោក យឹម ចិន្តា បាន​បញ្ជាក់​ថា​៖ «​ឈើ​​ទាំងអស់​នោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​បរិស្ថាន​។ ​ឈើ​ទាំងនោះ​មាន​សុក្រំ កកោះ លាយ​គ្នា​»​។

ប៉ុន្តែ​លោក ផែង វណ្ណៈ មន្ត្រី​កងយោធពល​ខេមរភូមិន្ទ​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ១ ​ខែ​វិច្ឆិកា​ទាក់ទង​នឹង​ករណី​រថយន្ត​ដឹកឈើ​ក្រឡាប់​នេះ​ដោយ​សម្ដែង​ជា​ចម្ងល់​ថា តើ​ជា​បទល្មើស​ ឬ​មិនមែន ខណៈ​អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថា គ្មាន​បទល្មើស​ព្រៃឈើ​នោះ​។

លោក​ថា​៖ «...​ខេត្ត​មណ្ឌលគិរី​ដែល​ឯកឧត្តម​គ្រប់គ្រង​នេះ​ជា​ខេត្ត​ដែល​បំផ្លាញ​ព្រៃឈើ​ខ្លាំង​ជាង​ខេត្ត​ណាៗ​ទាំងអស់​»​។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​បដិសេធ​បំភ្លឺ​ទាក់ទង​នឹង​ការលើក​ឡើង​របស់​លោក ផែង វណ្ណៈ និង​ការចោទប្រកាន់​ពី​សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី​នេះ​។ ប៉ុន្តែ​លោក អ៊ុំ វណ្ណសុភ​: នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​បាន​ច្រានចោល​ចំពោះ​ចោទប្រកាន់​នោះ និង​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ​នេះ​ដែរ​លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​ព្រមាន​ឲ្យ​ចាប់​ក្រុម​ចោរលួច​កាប់​ឈើ​ទាំងនោះ ហើយ​ជាថ្មី​ម្តង​ទៀត​បាន​បញ្ជា​ប្រើ​ឧទ្ធម្ភាគចក្រ​តាមដាន និង​បាញ់​ពី​លើ​​តែ​ម្តង បន្ទាប់ពី​លោក ស ខេង បាន​ស្តីបន្ទោស​លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ខេត្ត​មណ្ឌលគិរី​កន្លង​ទៅ​៕