ភ្នំពេញៈ ​តំណាង​សហ​ជីព​ជាតិ​និង​អន្តរ​ជាតិ​ប្រ​មាណ​​​ ១០០ ​នាក់​ បាន​ជួប​ប្រ​ជុំ​គ្នា​កាល​ពី​ម្សិល​មិញ​ជា​មួយ​អ្នក​ជំ​នាញ​ខាង​ច្បាប់​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ ​ដើម្បី​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្ដី​ព្រាង​វិសោធ​ន​កម្ម​ច្បាប់​ស្ដី​ពី​សហ​ជីព​ចំ​នួន ​១០​ មាត្រា​ដែល​ពាក់​ព័ន្ធ​ជា​មួយ​សិទ្ធិ​របស់​កម្ម​ករ​និង​សហ​ជីព​ ​ក្នុង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម។​

​លោក​ អិុត​ សំ​ហេង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិ​ជ្ជាជីវៈ ​បាន​ថ្លែង​ទៅ​កា​ន់​អ្នក​សារព័ត៌​មាន​កាល​ពី​ម្សិល​មិញ​ថា ​ដោយ​សារ​តែ​មាន​សហ​ជីព​ និង​ស្ថាប័ន​អន្តរ​ជាតិ​មួយ​ចំនួន​បាន​បន្ត​លើក​ឡើង​អំពី​កង្វល់​មួយ​ចំនួន​ក្នុង​ការ​ចុះបញ្ជី​សហ​ជីព​ និង​ការស្នើ​សុំ​បញ្ជាក់​ភាព​ជា​តំណាង​បំផុត​របស់​សហ​ជីព​ ជា​ពិសេស​ក្តី​កង្វល់​ជំុវិញ​មាត្រា​មួយ​ចំនួន​ ដែល​ពួក​គេ​គិត​ថាមាន​ការ​រឹត​ត្បិត​ដោយ​ច្បាប់។ ​

​លោក​រដ្ឋ​មន្ត្រី​បានថ្លែង​ថា​៖​ «​ដើម្បី​ដោះ​ស្រាយ​បញ្ហា ​ក្រសួង​បាន​រៀប​ចំ​កិច្ច​ប្រជុំ​បច្ចេក​ទេស ​និង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ ​ដើម្បី​ធ្វើ​ការវាយ​តម្លៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​សហ​ជីព​ជា​បន្ត​បន្ទាប់ និង​ឈាន​ដល់​ការ​ធ្វើ​វិសោធនកម្ម​ ១០​ មាត្រា​។ ​ចំពោះ​ការបញ្ចប់​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ គឺ​អា​ស្រ័យ​ទៅ​លើ​ការ​ស្រុះស្រួល​​របស់​ភាគី​ពាក់​ព័ន្ធ​ ដូច​ជា​ការដាក់​ជូន​ឲ្យ​គ្រប់ភាគី​ បាន​ចូល​រួម​ពិគ្រោះ​យោបល់​ ព្រោះ​ច្បាប់​នេះ​ មិន​គ្រាន់​តែ​ទាក់​ទង​ដល់​សេរី​ភាព​ផ្នែក​សហ​ជីព​ទេ ​គឺ​វា​ពាក់​ព័ន្ធ​​ទៅ​ដល់​និយោ​ជក​ និង​ទិដ្ឋ​ភាព​ច្បាប់​នៃ​ភាព​សុខដុម​រវាង​ច្បាប់​សហ​ជីព ​នឹង​ច្បាប់​ផ្សេង​ៗ​ទៀត​។ ដូច្នេះ​ភា​គី​ទាំង​អស់​ ត្រូវ​តែ​​ចូល​រួម​ ហើយ​ការ​ស្រុះ​ស្រួ​ល​គ្នា​បាន​កាន់​តែ​ឆាប់​ ច្បាប់​នេះ​នឹង​ចេញ​កាន់​តែ​លឿន»។​

​តាម​លោក ​អិុត​ សំហេង​ គិត​ត្រឹម​ត្រី​មាស​ទី១ ​ឆ្នាំ​ ២​០១៩ ​នេះ​ អង្គការ​វិជ្ជា​ជីវៈ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​មាន​ចំនួន​ ៤ ៩៤៩​ ក្នុង​នោះ​សហ​ជីព​មូលដ្ឋាន​មាន​ចំនួន​ ៤ ៧២២ ​សហ​ព័ន្ធ​សហ​ជីព​មាន​ចំនួន​ ១៨៩ ​សហ​ភាព​សហ​ជីព​មាន​ចំនួន​ ២៩ សមា​គម​និយោ​ជក​មួយ​​ចំនួន​ទៀត​។​ ចំនួន​វិវាទ​ការងារ​រួម​ និង​កូដ​កម្មបាតុ​កម្ម​ក៏មា​ន​ការ​ធ្លាក់​ចុះ។​

​លោក​ អាត់ ​ធន់​ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា ​បាន​ថ្លែង​ថា​ ការ​ពិភាក្សា​ជុំវិញ​វិសោធ​នកម្ម​ច្បាប់​នេះ ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ ព្រោះ​តែ​កង្វល់​របស់​សហ​ជីព​ប្រមាណ​ ៧០ % ត្រូវ​បាន​ដោះ​ស្រាយ​ ប៉ុន្តែ​នៅ​សល់​ប្រមាណ ​២០​ ទៅ ៣០%​ ទៀតដែល​ក្រសួង​គួរ​ពិភា​ក្សា និង​ដាក់​បញ្ចូល​បន្ថែម​ ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​ ឬក៏​ករណី​សកម្ម​ភាព​របស់​សហជីព​និង​ចំនួន​ដែល​អាច​ចុះ​ប​ញ្ជី​បង្កើត​សហជីព​បាន។​

​លោក​ ​ធន់​​ បញ្ជាក់​ថា​៖​ «​ខ្ញុំ​ចង់​ឃើញ​ច្បាប់​នេះ​បាន​កែ​តម្រូវ​ឲ្យ​បាន​ល្អ​​ប្រសើរ​ដូច​ជា​ច្បាប់​ការ​ងារ​ ដូច្នេះ ​សង្ឃឹម​ថា​ ការ​បន្ថែម​របស់​យើង​នៅ​ពេល​នេះ​ គឺ​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ ដូច​អ្វី​ដែល​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ និង​ធានា​ថា​ ច្បាប់​នេះ​ ស្រប​នឹង​រដ្ឋ​ធម្ម​នុញ្ញ​ ច្បាប់​ការងារ និង​ច្បាប់​អន្តរជាតិ»។​

​លោក​ អាត់​ ធន់​ បាន​អះ​អាង​ដោយ​ចង់​ឲ្យ​ក្រសួង​ពិចារណា​ក្នុង​ការ​ផ្តល់​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ជា​មុន​ដល់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​បាន​យក​មក​ពិចារ​ណា ​និង​ពិភាក្សា​ មុន​នឹង​ឲ្យ​ភាគី​ទាំង​អស់​ ចូល​រួម​សិក្ខា​សាលា ​និង​កម្ម​វិធី​អ្វី​មួយ​ ក្នុង​ការ​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​ការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​នេះ។​

​លោក​ សោម​ អូន​ ប្រធាន​សភា​ស​ម្ព័​ន្ធសហជីព​ជាតិ​កម្ពុជា ​និង​ជា​ប្រធាន​សហ​ព័​ន្ធ​សហជីព​ជាតិ​កម្ពុជា​ បាន​ថ្លែង​ដែរ​ថា ​ការរួម​គ្នា​ធ្វើ​វិសោធ​នកម្ម ​ដែល​បើក​ឱកាស​ដល់​​ភាគី​ពាក់ព័ន្ធ​​អាច​ផ្តល់​ធាតុចូល​នឹង​ធ្វើ​ឲ្យ​វិស័យ​ការងារ​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ។​

​លោ​​ក​បាន​អះអាង​ថា​ ក្រុម​សហ​ជីព​បាន​រួមគ្នា ​ស្នើ​រហូត​ដល់ ​១៤ ​មា​ត្រា​ តែ​រដ្ឋា​ភិបាល​សម្រេច​តែ ​១០ ​មាត្រា ​ដូច្នេះ​ក្រុម​សហ​ជីព​និង​បន្ត​ទាម​ទារ​ដាក់​មាត្រា​ចំនួន ​៤ ទៀត​បញ្ចូល​​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់។​

​ច្បាប់​ស្តីពី​សហ​ជីព ត្រូវបាន​រដ្ឋាភិ​បាល​ ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០១៦ ក្នុង​គោល​បំណង​លើក​កម្ពស់​សិទ្ធិ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ។

​​លោក​ ​ទុន​ សុភ័ណ ​អ្នក​សម្រប​សម្រួល​ជាតិ​នៃ​អង្គ​ការ ​ILO​ ​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ​ការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​នេះ​គឺ​គំនិត​មួយ​ដែល​ល្អ​ដែល​មាន​ការ​ចូល​រួម​ពី​គ្រ​ប់​ភាគី​ ​គឺ​បាន​ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​របស់​ខ្លួន​ ​ជា​ពិសេស​នោះ ​គឺ​តាម​រយៈ​អង្គ​ការ​ ​ILO។​ ​

លោក​បន្ត​ថា​៖​ «​ខ្ញុំ​គាំ​ទ្រ​ឲ្យ​មាន​ការ​ទទួល​យក​ពី​មតិ​គ្រប់​ភាគី​ទាំ​ង​អស់ ដូច​ជា​ការ​ស្នើ​ឡើង​របស់​សហ​ជីព​ ​ហើយ​ក៏​មាន​សំណើ​ពី​ខាង​និយោ​ជក​ ​ឬ​វិស័យ​ឯក​ជន​ផង​ដែរ។​ ខ្ញុំគិត​ថារដ្ឋ​មន្ត្រី​នឹង​ទទួល​យក​សំណើ​ទាំង​អស់​ហ្នឹង​ ​ហើយ​ក្នុង​នោះ​ ​ក្រសួង​ក៏​ទុក​ពេល​ឲ្យ​ ១​ ខែ ដើម្បី​លើក​ជា​សំ​ណើ​ហ្នឹង​មក​ ​ថា​ត្រូវ​កែ​ទាំង ​១០ ​មាត្រា​ហ្នឹង​អ្វី​ខ្លះ​ ឬ​មាន​សំណើ​បន្ថែម​ទៀត?»៕​